ចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចនេះគឺការឯកភាពខ្ពស់លើចក្ខុវិស័យអភិវឌ្ឍន៍ សេចក្តីប្រាថ្នាសម្រាប់សន្តិភាព និងការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀត ណាម និងបណ្តាដៃគូអឺរ៉ុប។ នៅក្នុងបរិបទនៃស្ថានភាពសកលដ៏ស្មុគស្មាញ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រកើនឡើង និងបញ្ហាប្រឈមជាច្រើន ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ តាមនោះ ការបង្កើនទំនាក់ទំនងជាមួយដៃគូដែលមានផលប្រយោជន៍រួមអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព កាន់តែមានអត្ថន័យជាងពេលណាៗទាំងអស់។
ប្រែក្លាយការប្តេជ្ញាចិត្តទៅជាអត្ថប្រយោជន៍ជាក់ស្តែង
នៅប្រទេសដាណឺម៉ាក ដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាមមួយរូបទៅកាន់ប្រទេសណ័រឌីកនេះ បានបើកចេញឱកាសដើម្បីនាំទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅជាង។ ភាគីទាំងពីរបានឯកភាពគ្នា អនុម័ត លើសេចក្តីថ្លែងការណ៍រួម ដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ដាណឺម៉ាក ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបើកចេញជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ អញ្ជើញថ្លែងអំពីគោលនយោបាយ នៅសាកលវិទ្យាល័យ Copenhagen អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា៖ "វៀតណាមកំណត់គំរូអភិវឌ្ឍន៍របស់ខ្លួនថា ស្វ័យភាព ខ្លួនទីពឹងខ្លួន ច្នៃប្រឌិត មនុស្សសាស្ត្រ និរន្តរភាពនិងសមាហរណកម្ម។ ក្នុងនោះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងសេដ្ឋកិច្ចចំណេះដឹង គឺជាកម្លាំងជំរុញស្នូល; ការផ្លាស់ប្តូរបៃតង និងថាមពល គឺជាឱកាសសម្រាប់ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ វៀតណាមឱ្យតម្លៃជាពិសេសចំពោះមេរៀនពីប្រទេសដាណឺម៉ាកទាក់ ទងនឹងទំនុកចិត្តសង្គម រដ្ឋបាលដែលមានតម្លាភាព មានទំនួលខុសត្រូវ និងមានគោលនយោបាយដែលមានស្ថិរភាព។ ដោយទទួលស្គាល់ភាពស្រដៀងគ្នា និងគុណសម្បត្តិបំពេញបន្ថែមជាច្រើន វៀតណាមចាត់ទុក ដាណឺម៉ាកជាដៃគូដែលអាចទុកចិត្តបាន គោរពគ្នាទៅវិញទៅមកដើម្បីចែករំលែកបទពិសោធន៍ រៀនសូត្រ និងបង្កើតតម្លៃថ្មីសម្រាប់ផ្លូវខាងមុខ"។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ព្រះមហាក្សត្រដាណឺម៉ាក Frederik X បានប្រគល់ជូនគ្រឿងឥស្សរិយយសដំរី ដល់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ដែលជាគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ប្រទេសដាណឺម៉ាក ប្រគល់ជូនដល់សមាជិកនៃរាជវង្សានុវង្ស និងប្រមុខរដ្ឋបរទេស។ ប្រការនេះបង្ហាញពីការគោរពចំពោះរូបលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមផ្ទាល់ និងទំនាក់ទំនងរបស់រាជវង្សដាណឺម៉ាកជាមួយវៀតណាមនិយាយរួម។
សម្រាប់សហភាពអឺរ៉ុប ដំណើរទស្សនកិច្ចនេះរួមចំណែកដល់ការពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ដោយបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់ការអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបន្តប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ជំរុញពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ។ ក្នុងបណ្តាជំនួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងប្រធានគណៈកម្មការអឺរ៉ុប សុទ្ធតែបានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់របស់សហភាពអឺរ៉ុបនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្រៅពីការចូលរួមវេទិកាសេដ្ឋកិច្ចវៀតណាម-សហភាពអឺរ៉ុប អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានជួបជាមួយអាជីវកម្ម និងសាជីវកម្មធំៗរបស់សហភាពអឺរ៉ុប ដោយណែនាំផែនការ និងអនុវត្តគម្រោងសហប្រតិបត្តិការដែលមានតម្លៃប្តូរប្រាក់ឡើងដល់ ២០ ពាន់លានអឺរ៉ូ (USD)។
នៅប្រទេសបែលហ្ស៊ិក ដំណើរទស្សនកិច្ចផ្លូវការនេះបានរួមចំណែកដល់ការពង្រឹងទំនុកចិត្តនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្កើនតួនាទីតភ្ជាប់របស់បែលហ្ស៊ិកក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។ គួរឲ្យកត់សម្គាល់ មុនពេលដំណើរទស្សនកិច្ចនេះ សភាជាន់ទាបសហព័ន្ធបែលហ្ស៊ិកបានបោះឆ្នោតជាផ្លូវការ ដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដែលជាឧបករណ៍ការពារផ្នែកច្បាប់ដែលមានគុណភាពខ្ពស់ សំដៅទាក់ទាញដើមទុនវិនិយោគដែលមានគុណភាពខ្ពស់។
ឱកាសថ្មីៗកំពុងត្រូវបានបើកចេញ
ឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការកំពុងបើកចេញ។ ពីដាណឺម៉ាកដល់បែលហ្ស៊ិក ពីទំនាក់ទំនងទ្វេភាគីរហូតដល់ក្របខ័ណ្ឌសហប្រតិបត្តិការវៀតណាម-សហភាពអឺរ៉ុប សមិទ្ធផលទាំងនេះបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់គ្រប់ភាគីទាំងអស់ដើម្បីប្រែក្លាយចក្ខុវិស័យទៅជាសកម្មភាព ការប្តេជ្ញាចិត្តទៅជាលទ្ធផល និងសក្តានុពលទៅជាតម្លៃជាក់ស្តែងសម្រាប់ប្រជាជន។ អញ្ជើញធ្វើអត្ថាធិប្បាយអំពីដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យ ទ្រុងបានឲ្យដឹងថា៖ "បញ្ហានៃការរៀបចំអនុវត្តក៏ជាបញ្ហាដែលបក្សនិងរដ្ឋាភិបាលវៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់ ប្រែក្លាយលទ្ធផលដែលសម្រេចបានតាមរយៈសកម្មភាពការទូតកម្រិតខ្ពស់ទៅជាធនធានពិតប្រាកដ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនៅក្នុងសម័យកាលថ្មី"។
ជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយ មូលដ្ឋានគ្រឹះនៃការជឿទុកចិត្ត និងស្មារតីនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក វៀតណាមនិងដៃគូអឺរ៉ុបរបស់ខ្លួនមានមូលដ្ឋានដើម្បីរួមគ្នាសរសេរឡើងជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងរវាងទ្វីបទាំងពីរ - ជំពូកនៃសន្តិភាព វិបុលភាព នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
