ការរក្សាសន្ទុះកំណើន ការរក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងការពង្រឹងទំនុកចិត្តរបស់វិនិយោគិន ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រព័ន្ធនយោបាយទាំងមូល។

ជំរុញយ៉ាងខ្លាំងនូវកម្លាំងចលករ​សម្រាប់កំណើន

យោងតាមការដឹកនាំរបស់មជ្ឈិម បណ្តាក្រសួង ស្ថាប័ន និងវិស័យនានា សុទ្ធតែកំពុងបង្កើនល្បឿននូវដំណោះស្រាយ​អនុវត្ត​ន៍​ជាក់​ស្តែង​។

សម្រាប់វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅកំណើន​ឧស្សាហកម្មក្នុង​រយៈពេល ៦ ខែចុងឆ្នាំ ប្រហែល ១២-១៤% អនុប្រធាននាយកដ្ឋា​នឧស្សាហកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក ផាម វ៉ាន់គួន ​(Pham Van Quan) បានឱ្យដឹងថា ក្រសួងបានកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មនិងពាណិជ្ជកម្ម ដែលក្នុងនោះ ទីផ្សារមានតួនាទីនាំមុខ ថាមពលជាអ្នករួមដំណើរ និងឧស្សាហកម្មគឺជា​កម្លាំង​ចលករចម្បង ដើម្បីសម្រេច​បាន​នូវ​គោលដៅដែលបា​ន​ដាក់​ចេញ៖

«​ទីមួយ យើងនឹងបែងចែកដីធ្លី​ឱ្យ​បាន​គ្រប់គ្រាន់ដើម្បីទាក់ទាញវិនិយោគិនធំៗ មក​​បណ្តាក់​​ទុន​។ ទីពីរ យើងនឹងលុបបំបាត់ឧបសគ្គនៅក្នុងគម្រោងថាមពលធំៗ ដើម្បីធានាការអភិវឌ្ឍ និងបំពេញតាមលក្ខណៈវិនិច្ឆ័យអគ្គិសនីចាំបាច់ មុនពេលគម្រោងត្រូវបានអនុវត្ត។ យើងនឹងបន្តអភិវឌ្ឍទីផ្សារ ជំរុញទីផ្សារនាំចេញ ទន្ទឹមនឹងការពង្រីកទីផ្សារក្នុងស្រុក»​

ទន្ទឹមនឹងនោះ ដើម្បីបង្កើនតម្លៃនាំចេញ​ជលផលឱ្យបានវ​ឡើងដល់ជាង ១២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ សមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) កំពុងជំរុញការចូលទៅកាន់ទីផ្សារផ្សេងទៀត បន្ថែមលើទីផ្សារប្រពៃណី។ លោកស្រី ឡេ ហាំង (Le Hang) អគ្គលេខាធិការរងសមាគម VASEP បានបញ្ជាក់ថា៖

«ទីផ្សារប្រទេសចិននៅតែមានឱកាសកំណើនយ៉ាងខ្លាំងក្លា ជាពិសេសគឺចំពោះ​មុខទំនិញបង្គា ប្រទេស​ចិននឹងបង្កើនការនាំចូលផលិតផលដូចជា៖ បង្គាខ្លា និងបង្កងនាគ ពីប្រទេសវៀតណាម។ ត្រូវតែឆ្លៀតយកឱកាសនៃទីផ្សារដែលមានការប្រែប្រួលតិចតួច និងកំពុងមានឧត្តមភាពផ្នែកភូមិសាស្ត្រនិងថ្លៃឡូជីស្ទិកដូចជា៖ អាស៊ាន ជប៉ុន កូរ៉េខាងត្បូង។ល។ បង្កើនសមាមាត្រផលិតកម្ម​ទំនិញកែច្នៃស៊ីជម្រៅកែលម្អប្រសិទ្ធភាពផលិតកម្ម ដើម្បី​ផលិត​បាននូវផលិតផលដែលមានតម្លៃប្រកួតប្រជែង​ជាងមុន»។​

នៅតាម​មូលដ្ឋាន​នានាក៏កំពុងបង្ហាញពីការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេច​បាន​គោលដៅកំណើនផងដែរ។ ដោយផ្អែកលើការ​ពង្រីកឧត្តមភាពពិសេស​របស់ខ្លួន មូលដ្ឋានជាច្រើនបា​នបង្កើតសេណារីយ៉ូកំណើន ផ្តល់អាទិភាពដល់ការទាក់ទាញការវិនិយោគ ពន្លឿនវឌ្ឍនភាពនៃគម្រោងសំខាន់ៗ កែទម្រង់នីតិវិធីរដ្ឋបាល និងរួម​ដំណើរជាមួយ​សហគ្រាសដើម្បីបង្កើតសន្ទុះអភិវឌ្ឍន៍ថ្មី និងនាំមកនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។

បង្ហាញពីសមត្ថភាពអនុវត្តន៍​

រាល់សេចក្តីសម្រេចចិត្ត កំពុងត្រូវបានអនុវត្តដោយស្មារតីប្រញាប់ប្រញាល់ និងម៉ឺងម៉ាត់បំផុត ពីព្រោះលទ្ធផលនៃរយៈពេល ៦ ខែចុងឆ្នាំ នឹងបង្កើត​មូលដ្ឋានគ្រឹះ សម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍នាប៉ុន្មានឆ្នាំបន្តបន្ទាប់​ទៀត​។

នៅក្នុងកិច្ចប្រជុំជាមួយក្រសួងនិង​ស្ថាប័ននានា ស្តីពីស្ថានភាពអភិវឌ្ឍន៍រយៈពេល ៦ ខែដើមឆ្នាំ និងភារកិច្ចសម្រាប់​រយៈពេល ៦ ខែចុងឆ្នាំ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា អាទិភាពចម្បង គឺបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាសមតុល្យធំៗនៃសេដ្ឋកិច្ច និងពង្រឹងទំនុកចិត្តនៃទីផ្សារ។ នេះគឺជាលក្ខខណ្ឌចាំបាច់ ដើម្បីឱ្យសហគ្រាស​មានទំនុកចិត្ត​ក្នុងការពង្រីកផលិតកម្ម វិនិយោគិនបន្តជ្រើសរើសវៀតណាមជាគោលដៅរយៈពេលវែង និងដៃ​គូអន្តរជាតិមានទំនុកចិត្តលើយថាទស្សន៍អភិវឌ្ឍន៍នៃសេដ្ឋកិច្ច​វៀតណាម​៖ «​ផ្នែក និងមូលដ្ឋានណា​ដែលសម្រេចបាន និងលើសពីគោលដៅកំណើនក្នុងរយៈពេល​៦ខែដើមឆ្នាំ គួរតែបន្តខិតខំដើម្បី​សម្រេចបាន​លទ្ធផលខ្ពស់ជាង។ ផ្នែក និងមូលដ្ឋាន​ណា​ដែលមិនទាន់សម្រេចបានគោលដៅ ត្រូវតែប្តេជ្ញាចិត្តដើម្បីបំពេញគោលដៅទាំងនោះ ជាពិសេសទីក្រុងហាណូយ និង​ទីក្រុង​ហូជីមិញ រួមជាមួយនឹងមូលដ្ឋានដែលជា​កម្លាំងចលករសម្រាប់កំណើន។ សេណារីយ៉ូរបស់រដ្ឋាភិបាលបានកំណត់គោលដៅ និងភារកិច្ចជាក់លាក់ដល់​ផ្នែក វិស័យ និងមូលដ្ឋាននីមួយៗ។ សូម​ស្នើឱ្យក្រសួង វិស័យ និងជាពិសេស​បណ្តា​ខេត្ត និងទីក្រុង​ចំណុះមជ្ឈិម ត្រូវ​​យកចិត្តទុកដាក់ និងអនុវត្តសេណារីយ៉ូប្រតិបត្តិការ និងដំណោះស្រាយរបស់រដ្ឋាភិបាល»​។

រួមជាមួយនឹងគោលដៅកំណើន ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវតែផ្សារ​ភ្ជាប់ជាមួយនឹងការធានា​សុខុមាលភាពសង្គម ការអភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់ ការជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា​។ នេះមិនត្រឹមតែជាតម្រូវការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលក្ខខណ្ឌ​សម្រាប់វៀតណាមដើម្បី​លើក​កម្ពស់​សមត្ថភាពប្រកួតប្រជែងនៅក្នុងបរិបទនៃស្តង់ដារបរិស្ថាន បច្ចេកវិទ្យា និងអភិបាលកិច្ចដែលកំពុងក្លាយជានិន្នាការសកល។

រយៈពេល៦ខែចុងឆ្នាំ មិនត្រឹមតែជាដំណាក់កាលចុងក្រោយនៃផែនការឆ្នាំ ២០២៦ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសាកល្បងសមត្ថភាពអនុវត្តនៃប្រព័ន្ធទាំងមូល​ទៀត​ផង។ ការយក​ចិត្តទុក​ដាក់ខ្ពស់ ការផ្តល់អាទិភាពដល់ធនធាន ធ្វើ​សកម្មភាពយ៉ាងប្តូរផ្តាច់ និង​លើកកម្ពស់​ប្រសិទ្ធភាពអនុវត្ត គឺជាកត្តាសម្រេចចិត្តក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយទន្ទឹមនឹងនោះ កសាងមូលដ្ឋានគ្រឹះ​ដ៏​រឹងមាំសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍរបស់ប្រទេសជាតិ និង​លើក​កម្ពស់​តួនាទីរបស់វៀតណាមក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ៕​