បដិវត្តន៍ខែសីហាមិនត្រឹមតែមានលក្ខណៈជាតិប៉ុណ្ណោះទេ ថែមទាំងបង្កប់ដោយតម្លៃមនុស្សសាស្ត្រនិងសិទ្ធិមនុស្សផងដែរ។
អនុវត្តន៍យ៉ាងសកម្មនូវតម្លៃវឌ្ឍនភាពរបស់មនុស្សជាតិ
បដិវត្តន៍ខែសីហាបានដោះស្រាយជាមូលដ្ឋាន និងយ៉ាងហ្មត់ចត់នូវសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនវៀតណាម។ ពីចំណុចត្រូវបានរុញច្រានដល់មាត់ជ្រោះនៃការប្រល័យពួជសាសន៍ ព្រោះគ្រោះឥតឃ្លានឆ្នាំ ១៩៤៥ ដោយរបបហ្វាស៊ីស និងអាណានិគមបង្កឡើង រួមជាមួយនឹងគ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុអាក្រក់បំផ្លាញ់ដំណាំ ដែលបណ្តាលឲ្យមនុស្សជាង ២ លាននាក់ត្រូវស្លាប់នោះ ប្រជាជនវៀតណាមដណ្តើមបានសិទ្ធិក្នុងធ្វើជាម្ចាស់ប្រទេសជាតិ សិទ្ធិរស់រានមានជីវិត និងសិទ្ធិរស់នៅក្នុងសង្គមដ៏យុត្តិធម៌។ បដិវត្តន៍មិនត្រឹមតែបានផ្លាស់ប្តូរជោគវាសនារបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជោគវាសនារបស់បុគ្គលម្នាក់ៗទៀតផង។
នៅប៉ុន្មានថ្ងៃដំបូងទើបដណ្តើមបានឯករាជ្យ ទោះបីជាប្រទេសជាតិជួបប្រទះនឹងការលំបាកច្រើនសន្ធឹកសន្ធាប់ក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបណ្ដោះអាសន្ននៅតែអនុវត្តគោលនយោបាយមនុស្សធម៌ជាច្រើនដូចជា៖ លុបបំបាត់ពន្ធ រៀបចំការសង្គ្រោះភាពឥតឃ្លាន និងបន្ធូរបន្ថយបន្ទុកលើប្រជាជន។ ខឿនសាធារណរដ្ឋប្រជាធិបតេយ្យក្មេងខ្ចីបានធ្វើការបោះឆ្នោតជាសកល ដោយផ្តល់សិទ្ធិបោះឆ្នោត និងឈរឈ្មោះសម្រាប់តំណែងដល់ប្រជាជនគ្រប់ស្រទាប់។ នៅឆ្នាំ ១៩៤៦ ខណៈពេលដែលប្រទេសជាច្រើននៅតែជជែកវែកញែកអំពីសិទ្ធិបោះឆ្នោតរបស់ស្ត្រី ការបោះឆ្នោតទូទៅលើកដំបូងរបស់វៀតណាមបានទទួលស្គាល់សិទ្ធិស្មើគ្នារបស់ស្ត្រីក្នុងការបោះឆ្នោត និងឈរឈ្មោះសម្រាប់តំណែង។ នេះមិនត្រឹមតែជាជំហានប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពដែលបង្ហាញថា វៀតណាមមិននៅខាងក្រៅ ឬនៅពីក្រោយតម្លៃវឌ្ឍនភាពនៃមនុស្សជាតិនោះទេ ប៉ុន្តែបានអនុវត្តតម្លៃទាំងនោះយ៉ាងសកម្មតាំងពីដើមដំបូងនៃប្រជាជាតិរបស់ខ្លួន។
ប្រកាន់យ៉ាងស្វិតស្មាញគោលដៅអភិវឌ្ឍន៍ដើម្បីមនុស្ស ដើម្បីសុភមង្គលរបស់ប្រជាជន
បន្តតម្លៃវឌ្ឍនភាពនៃបដិវត្តន៍ខែសីហា បក្សនិងរដ្ឋវៀតណាមតែងតែកំណត់មនុស្សជាគ្រឹះ គោលដៅ និងជាកម្លាំងចលករនៃការអភិវឌ្ឍប្រកបដោយចីរភាព។ អញ្ជើញថ្លែងនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំដែលមិនឈ្មោះបោះឆ្នោតនីតិកាលទី១៤ (១៨ សីហា) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ថា៖ “ជំនាន់នីមួយៗ មានកាលៈទេសៈ និងភារកិច្ចខុសៗគ្នា ប៉ុន្តែសុទ្ធតែមានគោលដៅរួមគឺបម្រើមាតុភូមិ និងបម្រើប្រជាជន។ ប្រវត្តិសាស្ត្រមិនទាមទារឱ្យជំនាន់ក្រោយត្រូវធ្វើត្រាប់វិធីសាស្ត្ររបស់មនុស្សជំនាន់មុននោះទេ។ ប៉ុន្តែទាមទារឱ្យជំនាន់នីមួយៗ នៅតែស្មោះត្រង់នឹងឧត្តមគតិ និងគោលដៅរបស់បក្ស ដឹងពីរបៀបទទួលមរតក និងមានភាពក្លាហានក្នុងការច្នៃប្រឌិតដើម្បីបំពេញភារកិច្ចនៃសម័យកាលរបស់ខ្លួន”
នៅតាមស្ថានភាពជាក់ស្តែង រយៈពេល ៨១ ឆ្នាំកន្លងមកនេះ ក្នុងការធ្វើឲ្យសុក្រិតប្រព័ន្ធច្បាប់ ការធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនតែងតែជាចំណុចសំខាន់។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ជាលើកដំបូង មានមាត្រាចំនួន ៣៦ ដែលកំណត់ដោយផ្ទាល់លើសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ។ រួមជាមួយគ្នានេះ ប្រព័ន្ធសុខុមាលភាពសង្គមត្រូវបានពង្រីកវិសាលភាព និងគុណភាពកាន់តែប្រសើរឡើង។ នៅចុងឆ្នាំ ២០២៥ ការធានារ៉ាប់រងសុខភាពគ្រប់ដណ្តប់ជាង ៩៥% នៃចំនួនប្រជាជន ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានតាំងពីមុនមក។ អត្រាកុមារចូលរៀន និងបញ្ចប់ការសិក្សាបឋមសិក្សាបានឈានដល់ជាង ៩៨%។ ជនពិការ មនុស្សចាស់ និងជនជាតិភាគតិច ទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយជាច្រើនដែលគាំទ្រដល់ការអភិវឌ្ឍការងារ និងជីវភាពរស់នៅ។
នៅក្នុងទិសដៅសំខាន់ៗនៃមហាសន្និបាតលើកទី១៤ កត្តា "មនុស្ស" តែងតែត្រូវបានដាក់នៅចំកណ្តាល។ ចំណុចនេះកំពុងត្រូវបានសម្រេចនៅក្នុងគោលនយោបាយជាក់ស្តែង។ ថ្មីៗនេះ ក្រសួងសុខាភិបាលបានស្នើគំរូសម្រាប់ការថែទាំមនុស្សចាស់ដែលមានមូលដ្ឋាននៅ សហគមន៍។ វិស័យអប់រំកំពុងមានគោលបំណងសម្រាប់បរិយាកាសសិក្សាដ៏មនុស្សសាស្ត្រ; ហើយតំបន់នានាកំពុងវិនិយោគលើទីធ្លាបៃតង ស្ថាប័នវប្បធម៌ និងគុណភាពរស់នៅរបស់ប្រជាជន...។ ទាំងអស់នេះបានឆ្លុះបញ្ជាំងយ៉ាងច្បាស់លាស់ថា ការអភិវឌ្ឍគឺសម្រាប់តែមនុស្ស។ នៅថ្នាក់មូលដ្ឋាន ទីក្រុងហាណូយគឺជាឧទាហរណ៍ដ៏សំខាន់មួយ។ នៅពេលដែលទីក្រុងកំណត់គោលដៅនៃការកសាង "រដ្ឋធានីវប្បធម៌ អរិយធម៌ និងទំនើប" មានទស្សនវិជ្ជាដ៏ជ្រាលជ្រៅមួយនៅពីក្រោយគឺ៖ ការអភិវឌ្ឍមិនមែនគ្រាន់តែជាការរីកចម្រើនធំជាងនោះទេ ប៉ុន្តែជាការធ្វើឱ្យប្រជាជនមានអារម្មណ៍ថា មានសុភមង្គលជាង។ លោក វូ ដាយថាំង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានថ្លែងថា៖ “បច្ចុប្បន្ននេះ កម្លាំងចលករចម្បងសម្រាប់ការអភិវឌ្ឍនៅតែជាវិស័យសេវាកម្ម។ ទោះជាយ៉ាងណាក៏ ដោយ ចាប់ពីឆ្នាំ ២០២៧ ដល់ ២០២៨ វិស័យថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ បច្ចេកវិទ្យាខ្ពស់ និងវិស័យដែលមានអត្ថន័យសង្គម-វប្បធម៌សំខាន់ៗ ដូចជាការថែទាំសុខភាព និងសេវាសង្គម នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដ៏ទូលំទូលាយ”។
រយៈពេល ៨១ ឆ្នាំកន្លងមកនេះ ដំណើរការរបស់វៀតណាមបង្ហាញថា ប្រទេសដែលគោរពសិទ្ធិមនុស្សច្រើនជាងគេ គឺជាប្រទេសដែលខិតខំប្រឹងប្រែងបំផុត ដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់របស់ខ្លួនរស់នៅក្នុងសន្តិភាព មានជីវភាពរស់នៅប្រកបដោយសុវត្ថិភាព និងមានឱកាសសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ នោះមិនត្រឹមតែជាលទ្ធផលនៃបដិវត្តន៍ខែសីហាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគោលការណ៍នៃការអភិបាលកិច្ចជាតិរបស់វៀត ណាមនៅក្នុងពិភពលោកដែលមានសមាហរណកម្មផងដែរ៕
