ប្រសិនបើត្រឹមតែក្រឡែកមើលប្រទេសវៀតណាមតាមរយៈរបាយការណ៍ ឬការវាយតម្លៃដែលដាក់កំហិតពីខាងក្រៅប៉ុណ្ណោះ នឹងងាយស្រួលណាស់ដើម្បីមើលរំលងការពិតជាក់ស្ដែងមួយ៖ នៅវៀតណាមមានជីវភាពសាសនាប្រកបដោយភាពសុខសាន្ត និងផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគមន៍។ នៅទីនោះ សេរីភាពសាសនាមិនមែនជាបញ្ហា មិនមែនជាចំណុចក្តៅនោះទេ ប៉ុន្តែជាផ្នែកធម្មតាមួយនៃជីវភាពខាងស្មារតីនិងវប្បធម៌របស់ប្រជាជនវៀតណាម។
វៀតណាមគឺជាប្រទេសពហុសាសនា។ ប្រជាជនជាង ៩៥% មានជីវភាពជំនឿសាសនា។ ការប្រជុំជីវភាពជំនឿសាសនា ប្រព្រឹត្តទៅយ៉ាងរស់រវើក និងសុខដុមរមនាក្នុងជីវភាពប្រចាំថ្ងៃ។ នៅក្នុងទីក្រុង និងតំបន់ជនបទ កន្លែងធ្វើសក្ការៈបូជាជានិច្ចកាលបើកទ្វារចំហសម្រាប់ទទួលសាសនិកជន ជាប្រចាំថ្ងៃ និងក្នុងអំឡុងពេលពិធីបុណ្យសំខាន់ៗ ផងដែរ។ សាសនិកជនមានសេរីភាពក្នុងការបង្ហាញពីជំនឿសាសនារបស់ពួកគេ។
សេរីភាពក្នុងការប្រតិបត្តិជំនឿសាសនា
ជារៀងរាល់ព្រឹកថ្ងៃអាទិត្យ ព្រះវិហារប្រូតេស្តង់ Plei Mơ Nú ក្នុងសង្កាត់ An Phú ទីក្រុង Pleiku ខេត្តយ៉ាឡាយ តែងតែបន្លឺឡើងដោយសូរសំឡេងបួងសួងនិងទំនុកច្រៀងលើកតម្កើង។ ពីគ្រប់ទិសទី សាសនិកជនមកទីនេះដើម្បីចូលរួមពិធីគោរពបូជា ហើយមានស្ត្រីជាច្រើនស្ពាយកូនតូចៗតាមផងដែរ។ លោក Puih Blik ប្រធានសាខា Plei Mơ Nú បាននិយាយថា៖ “ពីមុន ព្រះវិហារនៅក្នុងភូមិ ធ្វើពីស័ង្កសី ហើយក្តៅខ្លាំងណាស់ ដូច្នេះបណ្ដាលឱ្យសកម្មភាពសាសនាមានការលំបាក។ ឥឡូវនេះ មានព្រះវិហារដោយឡែកហើយ អ្នកភូមិមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយមានព្រះវិហារថ្មី ដ៏ធំទូលាយជាងមុន។ យើងតែងតែប្រជុំជីវភាពនៅទីនេះ នៅថ្ងៃអាទិត្យ។ នៅថ្ងៃពុធ បួងសួងនៅពេលព្រឹក។ នៅថ្ងៃសុក្រ បួងសួងជាក្រុមៗ។ ហើយនៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ក្រុមនានាហាត់ច្រៀងនៅទីនេះ”។
ស្រដៀងគ្នានេះដែរ នៅក្នុងភូមិ Pác Rà ឃុំ Lý Bôn ខេត្តកាវបាំង នៅព្រឹកថ្ងៃព្រហស្បតិ៍ និងរសៀលថ្ងៃអាទិត្យ កន្លែងប្រជុំជីវភាពនេះ តែងតែបន្លឺឡើងដោយសំឡេងចម្រៀងលើកតម្កើង ការអានព្រះគម្ពីរនិងការបួងសួង។ ការតភ្ជាប់សាសនានេះមិនត្រឹមតែបំពេញតម្រូវការខាងព្រលឹងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងរបៀបរស់នៅទៀតផង។ លោក Vang A Dơ នៅឃុំ Ly Bon បាននិយាយថា៖ “ក្រុមរបស់យើងប្រជុំជីវភាព ពីរដងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ។ ការចូលរួមក្នុងសកម្មភាពសាសនាធ្វើឱ្យខ្ញុំសប្បាយចិត្ត ហើយជីវភាពបានផ្លាស់ប្តូរច្រើនដែរ។ ឧទាហរណ៍ យើងណែនាំគ្នាទៅវិញទៅមក មិនគួរផឹកស្រា ឬជក់បារី។ ចែករំលែកគ្នាដើម្បីឱ្យមនុស្សគ្រប់រូបរួមគ្នាធ្វើអំពើល្អ។ ខ្ញុំចែករំលែកសសុខទុក្ខដោយសេរី និងគ្មានការរឹតត្បិតអីសោះ”។
ការពិតជាក់ស្ដែងអំពីជីវភាពសាសនាដ៏រស់រវើកនៅក្នុងប្រទេសគឺជាមូលដ្ឋានគ្រឹះ សម្រាប់ប្រទេសវៀតណាមក្លាយជាគោលដៅដោយមានសុវត្ថិភាព និងកិត្យានុភាពសម្រាប់ព្រឹត្តិការណ៍សាសនាធំៗរបស់ពិភពលោក។ សក្ខីភាពច្បាស់លាស់បំផុតគឺការដែលអង្គការសហប្រជាជាតិបានជ្រើសរើស វៀតណាមឱ្យធ្វើជាម្ចាស់ផ្ទះនៃមហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ចំនួន ៤ ដង(ក្នុងឆ្នាំ ២០០៨, ២០១៤, ២០១៩ និង ២០២៥)។ ឯកឧត្តម Ven. Khemachara Bhikkhu អគ្គលេខាធិការរងនៃសម្ព័ន្ធពុទ្ធសាសនាអន្តរជាតិ នៅពេលអញ្ជើញចូលរួមមហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០២៥ បានចែករំលែកថា៖ “នេះគឺជាកម្មវិធីដ៏សែនសំខាន់និងមានអត្ថន័យបំផុត។ មនុស្សមកពីជុំវិញពិភពលោក បានមកទីនេះដើម្បីចូលរួម”។
ពីជ្រុងមួយដែលបង្ហាញយ៉ាងច្បាស់អំពីលក្ខណៈមនុស្សសាស្ត្រ និងបើកចំហក្នុងគោលនយោបាយសាសនារបស់វៀតណាម គឺការជួយគាំទ្រសម្រាប់អ្នកដែលធ្លាប់វង្វេងចូលទៅក្នុងអង្គការសាសនាក្លែងក្លាយ។ អាជ្ញាធរនិងសហគមន៍បានបើករង្វង់ដៃ បង្កើតលក្ខខណ្ឌ និងជួយអ្នកដែលធ្លាប់បានដើរតាមនិកាយសាសនាខុសឆ្គងឱ្យត្រឡប់ទៅរកការប្រតិបត្តិសាសនាបរិសុទ្ធវិញ។ លោក Kpa Pih នៅឃុំ Chu Se គឺជាករណីមួយយ៉ាងដូច្នេះ។
“ខ្ញុំធ្លាប់បានដើរតាមនិកាយប្រូតេស្តង់ De Ga។ ខ្ញុំបានយល់ឃើញថា នោះគឺអំពើខុសឆ្គង។ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំទទួលបានការលើកទឹកចិត្តពីកម្មាភិបាលឃុំ ហើយពេលដែលខ្ញុំជួបការលំបាក ពួកគេក៏ជួយគាំទ្រខ្ញុំដែរ”។
សាសនាមានវត្តមានជាសាធារណៈនិងស្ថិរភាព
ផ្ទាំងគំនូរដ៏រស់រវើកអំពីសកម្មភាពសាសនា បានឆ្លុះបញ្ចាំងពីជំហរនៃសាសនានៅក្នុងសង្គមវៀតណាម។ តួរលេខស្ថិតិនៅក្នុងរបាយការណ៍រំលឹកខួបលើកទី ៧០ នៃការបង្កើតវិស័យគ្រប់គ្រងរដ្ឋអំពីសាសនា (ឆ្នាំ ២០២៥) បានបង្ហាញថា ជីវភាពជំនឿសាសនានៅក្នុងវៀតណាមបន្តអភិវឌ្ឍន៍ទាំងទំហំ និងជម្រៅ។ ប្រសិនបើមុនឆ្នាំ ១៩៩០ វៀតណាមមានអង្គការសាសនាដែលត្រូវបានទទួលស្គាល់ត្រឹមតែ ៣ ប៉ុណ្ណោះ សព្វថ្ងៃនេះ រដ្ឋបានទទួលស្គាល់ និងផ្តល់វិញ្ញាបនបត្រចុះបញ្ជីប្រតិបត្តិការដល់អង្គការចំនួន ៤៣ ចំណុះសាសនាចំនួន ១៦ ជាមួយនឹងចំនួនសាសនិកជនប្រមាណ ២៧,៧ លាននាក់ (ស្រូបយកប្រហែល ២៧% នៃចំនួនប្រជាជន) អ្នកដឹកនាំសាសនាជាង ៦១ ពាន់នាក់ អ្នកមុខអ្នកការជិត ១៤៥ ពាន់នាក់ និងគ្រឹះស្ថានគោរពបូជាជិត ៣ ម៉ឺនកន្លែង។
វត្តមានជាសាធារណៈនិងស្របច្បាប់ របស់សាសនា ត្រូវបានបង្ហាញកាន់តែច្បាស់លាស់ នៅពេលដែលពិធីបុណ្យជំនឿសាសនារាប់ពាន់ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយទាក់ទាញសាសនិកជននិងប្រជាពលរដ្ឋមួយចំនួនធំចូលរួមផងដែរ។
ច្បាប់ស្តីពីជំនឿសាសនា (ធ្វើវិសោធនកម្ម) ចូលជាធរមានពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ នឹងបន្តធានាសិទ្ធិសេរីភាពខាងជំនឿសាសនាសម្រាប់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់សកម្មភាពសាសនាអាចប្រព្រឹត្តទៅដោយរលូន និងស្របតាមបទប្បញ្ញត្តិនៃច្បាប់។
ដូចវិស័យសង្គមណាមួយដែរ ជីវភាពសាសនា ក៏ជៀសមិនរួចបញ្ហាដែលអាចកើតមាន៖ ការរំលោភបំពានតាមលក្ខណៈបុគ្គល បាតុភូតកេងប្រវ័ញ្ចសាសនាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងការបំបែកផែនមហាសាមគ្គីជនជាតិទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ចាំបាច់ត្រូវបែងចែកឱ្យច្បាស់លាស់រវាងសកម្មភាពសាសនាត្រឹមត្រូវ និងទង្វើខុសច្បាប់ដែលក្លែងបន្លំជាសាសនា។ ការដោះស្រាយការរំលោភបំពានរបស់វៀតណាម មិនមែនដើម្បីរឹតត្បិតសេរីភាពជំនឿនោះទេ ប៉ុន្តែដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគមន៍សាសនិកជន។
សេរីភាពសាសនានៅវៀតណាមត្រូវបានកំណត់រូបរាងដោយជីវភាពជាក់ស្ដែងរបស់សាសនិកជនជាង ២៧ លាននាក់។ ផ្ទាំងគំនូរសាសនាដ៏សុខដុមរមនា បើកចំហ និងកាន់តែរីកចម្រើន បានបង្ហាញថា ព័ត៌មានមិនពិតអំពីសេរីភាពជំនឿសាសនានៅវៀតណាម សុទ្ធតែជាវោហាសាស្ត្រដោយខ្វះសុឆន្ទៈ ដែលសំដៅលើការបំបែកផែនមហាសាមគ្គីជនជាតិទាំងមូល និងបំផ្លាញការអភិវឌ្ឍរបស់បណ្ដាសាសនានៅវៀតណាម៕
