កសាងទំនាក់ទំនងជិតស្និទ្ធដែលមិនធ្លាប់មានពីមុនមក។ នេះគឺជាសារដែលសហភាពអឺរ៉ុប (EU) និងកាណាដាចង់បញ្ជាក់តាមរយៈកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-កាណាដាលើកទី ២១ ក្នុងបរិបទដែលទាំង EU និងកាណាដា កំពុងទទួលរងសម្ពាធសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខដ៏ធំមួយ មិនត្រឹមតែពីគូប្រជែងប៉ុណ្ណោះទេ ថែមទាំងពីសម្ព័ន្ធមិត្តប្រពៃណីទៀតផង។

កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-កាណាដាលើកទី ២១ ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៩ និង ៣០ ខែតុលា នៅទីក្រុង Montreal រដ្ឋ Quebec (កាណាដា)។

ការធ្វើពិពិធកម្មដៃគូ

ធ្វើឡើងជាងមួយខែបន្ទាប់ពីការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen នៅក្នុងសារសហភាព កាលពីថ្ងៃទី ១៦ ខែកញ្ញា ថា សហភាពអឺរ៉ុបមានបំណងចង់ឱ្យកាណាដាក្លាយជា "សមាជិកចងសម្ព័ន្ធភាព​" ដំបូងគេក្នុងប្រវត្តិសាស្ត្រប្លុក ដូច្នេះកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-កាណាដាលើកទី ២១ នៅទីក្រុង Montreal ទទួលបានការរំពឹងទុកខ្ពស់។

សសរស្តម្ភនៃទំនាក់ទំនងនេះគឺសម្ព័ន្ធភាពដើម្បីអនាគត ដែលជាយន្តការសម្រាប់ភាគីទាំងពីរអនុវត្តន៍កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រលើវិស័យសំខាន់ៗទាំងអស់ រួមមាន៖ ពាណិជ្ជកម្មឌីជីថល រ៉ែសំខាន់ៗ ថាមពល បច្ចេកវិទ្យា និងការឆ្លើយតបនឹងអគ្គីភ័យឆេះព្រៃ។ ភាគីទាំងពីរក៏នឹងពង្រីកឱកាសសម្រាប់ការសិក្សា ការងារ និងការស្រាវជ្រាវឆ្លងមហាសមុទ្រអាត្លង់ទិក (កម្មវិធី Eurasmus+); ស្រាវជ្រាវលទ្ធភាព ពង្រីកការតភ្ជាប់ថាមពល រួមទាំងការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់អឺរ៉ុប ជាដើម។ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានបញ្ជាក់ថា សម្ព័ន្ធភាពនេះនឹងនាំមកនូវឱកាសថ្មីៗដល់ប្រជាជនកាណាដា ហើយសំខាន់ជាងនេះទៅទៀត គឺពង្រឹងអធិបតេយ្យភាពរបស់ប្រទេសនេះ នៅចំពោះមុខបញ្ហាប្រឈមភូមិសាស្ត្រនយោបាយនៅលើពិភពលោក។

"ឬសគល់នៃបញ្ហានេះ ក៏ជាមូលហេតុដែលយើងបានចាប់ផ្តើម ឬយ៉ាងហោចណាស់មូលហេតុដែល ខ្ញុំបានចាប់ផ្តើមជាមួយនឹងយុទ្ធសាស្ត្រសន្តិសុខជាតិគឺថាសម្ព័ន្ធភាពថ្មីនេះមិនមែនជាទម្រង់ផ្សព្វផ្សាយមួយនោះទេ។ ឈ្មោះមិនសំខាន់ទេ។ អ្វីដែលសំខាន់គឺការបំពេញបន្ថែមឱ្យ​គ្នាទៅវិញទៅមករវាងភាគីទាំងពីរដែលពង្រឹងអធិបតេយ្យភាពរបស់យើង ព្រមទាំងពង្រឹងអធិបតេយ្យភាពរបស់អឺរ៉ុបផងដែរ"។

នៅក្នុងយុទ្ធសាស្ត្រ ធ្វើពិពិធកម្មដៃគូរបស់កាណាដា សហភាពអឺរ៉ុបគឺជាជម្រើសធម្មជាតិ និងសំខាន់បំផុត មិនត្រឹមតែដោយសារភាគីទាំងពីរជាសម្ព័ន្ធមិត្តនយោបាយ និងសន្តិសុខដ៏ជិតស្និទ្ធប៉ុណ្ណោះទេ ថែមទាំងដោយសារតែពួកគេកំពុងរួមគ្នាប្រតិបត្តិការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CETA) ដ៏ជោគជ័យបំផុតរបស់ពិភពលោកផងដែរ។ ជាក់ស្ដែងគឺ នៅឆ្នាំ២០២៥ ពាណិជ្ជកម្មទំនិញ និងសេវាកម្មរវាងសហភាពអឺរ៉ុប និងកាណាដា សម្រេចបានទំហំប្រមាណ ១៣០ ពាន់លានអឺរ៉ូ ដែល កើនឡើងជាង ៨០% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦។ មុនពេលកិច្ចប្រជុំកំពូលនៅទីក្រុង Montreal របាយការណ៍មួយរបស់ TD Economics ចំណុះធនាគារ TD (កាណាដា) បានបង្ហាញថា កាណាដាអាចទទួលបានអត្ថប្រយោជន៍ "គួរឲ្យកត់សម្គាល់" ពីការបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយអឺរ៉ុប។

សម្រាប់កាណាដា ការរំពឹងទុកទាំងនេះមានអត្ថន័យដ៏សំខាន់ ក្នុងបរិបទដែលទំនាក់ទំនង រវាងកាណាដា និងសហរដ្ឋអាមេរិក ដែលជាប្រទេសជិតខាង និងជាសម្ព័ន្ធមិត្តសំខាន់ជួរមុខ បានចុះខ្សោយយ៉ាងខ្លាំងនាពេលកន្លងមក ដោយសារតែសង្គ្រាមពាណិជ្ជកម្ម និងចេតនាភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះក៏ជាមូលហេតុដែលកាណាដាបានដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មជាមួយដៃគូនៅខាងក្រៅសហរដ្ឋអាមេរិកឡើងទ្វេដងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។

ចែករំលែកបញ្ហាប្រឈម

យុទ្ធសាស្ត្រ ធ្វើពិពិធកម្មដៃគូរបស់កាណាដា ក៏ស្របតាមមហិច្ឆតាដែលសហភាពអឺរ៉ុបកំពុងប្រដេញតាម ជាពិសេសយុទ្ធសាស្ត្រ កាត់បន្ថយហានិភ័យក្នុងទំនាក់ទំនងសេដ្ឋកិច្ចជាមួយដៃគូសេដ្ឋកិច្ចសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងចិន ឬការខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការកសាងឋានៈដោយម្ចាស់ការនិងឯករាជ្យជាងមុន ទាក់ទងនឹងសន្តិសុខ និងភូមិសាស្ត្រនយោបាយ។ នៅថ្ងៃទី១៩ ខែតុលា សហភាពអឺរ៉ុបបានប្រកាសយុទ្ធសាស្ត្រថ្មីអំពីតំបន់អាកទិក ហើយមុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-កាណាដា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយកាណាដានៅក្នុងលំហភូមិសាស្ត្រយុទ្ធសាស្ត្រនេះ ក្នុងបរិបទដែលប្រទេសមួយចំនួន (រុស្ស៊ី សហរដ្ឋអាមេរិក ចិន) កំពុងបង្កើនវត្តមាននៅក្នុងតំបន់នេះ។

«ពេលដែលឃើញរុស្ស៊ីកសាងឡើងវិញនូវវត្តមានយោធារបស់ពួកគេនៅក្នុងតំបន់អាកទិក និងការរៀបចំសន្តិសុខឡើងវិញនៅក្នុងតំបន់នេះ យើងបានយល់ឃើញថា ចលនាទាំងនេះប៉ះពាល់ដល់ទាំងសហភាពអឺរ៉ុប និងកាណាដា។ យើងត្រូវតែធ្វើសកម្មភាព និងផ្លាស់ប្តូរជំហរយុទ្ធសាស្ត្ររបស់យើង»។

ក្រៅពីភាពស្រដៀងគ្នាជាច្រើននៅក្នុងផលប្រយោជន៍យុទ្ធសាស្ត្រ សហភាពអឺរ៉ុប និងកាណាដាក៏ត្រូវដោះស្រាយបញ្ហាប្រឈមរួមដ៏ស្មុគស្មាញ និងរសើបមួយផងដែរ នោះគឺទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ភាគីទាំងពីរ។ ដោយឆ្លើយតបទៅនឹងការរឹតបន្តឹងទំនាក់ទំនង “ឡើងកម្រិតដែលមិនធ្លាប់មានពីមុនមក” រវាងសហភាពអឺរ៉ុប និងកាណាដា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា លោកអាចនឹងចាត់វិធានការពាណិជ្ជកម្មដ៏តឹងរ៉ឹងចំពោះភាគីទាំងពីរ ប្រសិនបើទំនាក់ទំនងនេះប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ ដូច្នេះ ការចុះសម្រុងផលប្រយោជន៍របស់ទាំងអឺរ៉ុប និងកាណាដាជាមួយ សហរដ្ឋអាមេរិកនឹងជាបញ្ហាដ៏ ស្មុគស្មាញមួយ។

ដោយលើកឡើងពីបញ្ហាប្រឈមនៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក មុនកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-កាណាដា នាយករដ្ឋមន្ត្រីកាណាដាលោក ម៉ាក ខានី បានមានប្រសាសន៍ថា ការចរចារវាងកាណាដា និងសហរដ្ឋអាមេរិកកំពុងមានវឌ្ឍនភាពជាវិជ្ជមាន ហើយភាគីទាំងពីរកំពុង ឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះពាណិជ្ជកម្ម ដែលនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងពីរ៕