កិច្ចប្រជុំកំពូលអាមេរិក-ចិន នៅថ្ងៃទី២៤ ខែកញ្ញា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បាន​គូសសញ្ញា​សម្គាល់​នូវ​ជំនួបទល់មុខគ្នាលើកទីពីររវាងមេដឹកនាំអាមេរិក និងចិនក្នុងរយៈពេលតិចជា​ង​កន្លះឆ្នាំ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំងក្នុងខែឧសភា​។​ នេះក៏​ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង មកកាន់សហរដ្ឋអាមេរិក​ក្រោយរយៈពេល ១១ ឆ្នាំ។

ស្ថិរភាពជាយុទ្ធសាស្ត្រ

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅរសៀលថ្ងៃទី ២៤ ខែកញ្ញា (ម៉ោងនៅ សហរដ្ឋអាមេរិក) ទាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់លើស្ថិរភាពជាយុទ្ធសាស្ត្រ។ លោក​ប្រធានរដ្ឋចិន ស៊ី ជីនពីង បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិនគឺជាប្រទេសដ៏អស្ចារ្យទាំង​ពីរ ហើយគោលដៅជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរគឺ "ធ្វើឱ្យប្រជាជាតិចិនរុងរឿង​​ឡើងវិញ" និង "ធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត" មិនមានការប្រឆាំងគ្នាទាល់តែសោះ ប៉ុន្តែអាចបំពេញឱ្យគ្នាទៅវិញទៅមក​បាន​ ដូច្នេះសហរដ្ឋអាមេរិក និងចិនត្រូវខិតខំដើម្បីការរួមរស់ដោយសន្តិភាព និងបង្កើតយន្តការចាំបាច់ទាំងអស់ដើម្បីជៀសវាង "អន្ទាក់ធូស៊ីឌីដេស" ជាពាក្យពេចន៍ភូមិសាស្ត្រនយោបាយ​ដែលលោកបានលើកឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំនៅទីក្រុងប៉េកាំងកាលពីខែឧសភា។ ក្នុងពេលនោះ ប្រធានាធិបតីអាមេរិកលោក​ ដូណាល់ ត្រាំ បានលើក​សរសើរលោក​ប្រធានរដ្ឋ ស៊ី ជីនពីង ជា "មិត្តដ៏អស្ចារ្យ" របស់លោក ហើយបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិនមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ ច្រើនជាងការប្រឈមមុខដាក់គ្នា។

"ប្រសិនបើយើងផ្តោតលើផលប្រយោជន៍រួម ខ្ញុំជឿជាក់ថាយើងអាចសម្រេចបាននូវសមទ្ធិផលដ៏អស្ចារ្យជាច្រើ​ន​។ ការស្វែងរកផលប្រយោជន៍រួមទាំងនោះ បានតភ្ជាប់ប្រជាជននៃប្រទេសយើងទាំងពីរ ទោះបីជាមានមហាសមុទ្រដ៏ធំទូលាយ ចម្ងាយភូមិសាស្ត្រ និងភាពខុសប្លែក​គ្នាជាច្រើនក៏ដោយ សម្បីតែធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ ក្លាយ​ជាសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកទី ២ ទៀតផង"។

មេដឹកនាំទាំងពីរ​របស់សហរដ្ឋអាមេរិក-ចិន បានពិភាក្សាអំពីបញ្ហាបន្ទាន់ទាក់ទងនឹងសន្តិសុខ បច្ចេកវិទ្យា និងបញ្ញាអស្ចារ្យ (Super Intelligent) - ពាក្យដែលប្រធានាធិបតីអាមេរិកប្រើប្រាស់​ដើម្បីសំដៅទៅលើបញ្ញាសិប្បនិម្មិត (AI)។ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ការសម្រេចចិត្តដែលភាគីទាំងពីរបាន​​ដាក់​ចេញនៅក្នុងវិស័យទាំងនេះ នាពេលបច្ចុប្បន្នអាចជំរុញសន្តិភាព និងវិបុលភាពសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខ។ រីឯខ្លួន​វិញ លោក​ប្រធានរដ្ឋវចិន Xi Jinping ក៏បាន​និយាយសង្ខេបអំពី AI ដោយកត់សម្គាល់ថា ប្រទេសទាំងពីរគឺជា "ប្រទេសឈានមុខគេ" នៅក្នុងវិស័យនេះ។ ដូច្នេះ ភាគីទាំងពីរមានសមត្ថភាព និងការទទួលខុសត្រូវក្នុងការអភិវឌ្ឍនិងគ្រប់គ្រង AI សម្រាប់គោលបំណងល្អប្រសើរ ខណៈពេលដែលធានាថា ការអភិវឌ្ឍ AI នៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្ស និងបម្រើ​សុខុមាលភាពរបស់ប្រជាជន។

សញ្ញាវិជ្ជមាន

អាទិភាពនៃស្ថេរភាពទំនាក់ទំនងរវាងអាមេរិកនិង​ចិន ក៏ត្រូវបានបង្ហាញតាមរយៈ​កិច្ចព្រមព្រៀងសំខាន់ៗជាច្រើនដែលសម្រេចបានតាំងពីមុនមក បើ​ទោះបីជាមិនទាន់មាន​ល្ខណៈទម្លុះទម្លាយ​នៅឡើយ​ក៏ដោយ​។ គួរឱ្យ​កត់​សម្គាល់ថា ភាគីទាំងពីរបានពន្យាពេលកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមពាណិជ្ជកម្មនៅថ្ងៃទី ២៣ ខែកញ្ញា។ ជាពិសេស យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent សហរដ្ឋអាមេរិក និងចិនបាន​ពន្យាពេលកិច្ចព្រមព្រៀងប៊ូសាន (កិច្ចព្រមព្រៀងបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម) រយៈពេលពីរខែទៀត ចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ (ថ្ងៃផុតកំណត់) ដល់​ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៧។ ទោះបីជាការ​ពន្យាពេលរយៈពេលពីរខែគឺខ្លីជាងការរំពឹងទុករបស់មជ្ឈដ្ឋានអ្នកសង្កេតការណ៍ក៏ដោយ ប៉ុន្តែ​អ្នកជំនាញជឿជាក់ថា កាយវិការនេះនៅតែ​វិជ្ជមាន។ លោកស្រី Ruby Osman ទីប្រឹក្សាជាន់ខ្ពស់ផ្នែកភូមិសាស្ត្រនយោបាយនៅវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល បានអត្ថាធិប្បាយថា៖

“ខ្ញុំមិនគិតថានេះជាកិច្ច​ព្រមព្រៀងដែលអាចដោះស្រាយបញ្ហាទាំងអស់នៅក្នុងទំនាក់ទំនងនេះទេ ប៉ុន្តែខ្ញុំជឿជាក់ថា ការដែលថាភាគីទាំងពីរចង់បានបញ្ចប់សង្គ្រាម​មួយ ទោះបីជាមិនល្អ​ឥតខ្ចោះក៏ដោយ បាន​បង្ហាញថា ពួកគេយល់​ដឹងយ៉ាងច្បាស់អំ​ពីការខូចខាតដែលភាគីនីមួយៗអាចបង្កឱ្យ​គ្នាទៅវិញទៅមក​។ យើងបានឃើញរឿងនេះយ៉ាងពិតប្រាកដនៅពេលដែលភាពតានតឹងឡើងដល់កម្រិតខ្ពស់បំផុតនៃសង្គ្រាមពន្ធ​ដារកាលពីឆ្នាំមុន ហើយខ្ញុំគិតថា ក្នុង​រយៈពេលដ៏​ខ្លីខាងមុខ គ្មានភាគីណាមួយពិតជាចង់​បង្កស​ង្គ្រាម​ពន្ធដារម្តងទៀតឡើយ។»។

ទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ភាគីទាំងពីរក៏ខិត​ជិតដល់ការបង្កើត «កិច្ចសន្ទនា AI រវាងសហរដ្ឋអាមេរិក និងចិន» តាមនោះ បង្កើតយន្តការជូនដំណឹងរវាងប្រទេសទាំងពីរអំពីឧប្បត្តិហេតុ​ដែលអាចកើតមានទាក់ទងនឹងបញ្ញាសិប្បនិម្មិត ជាពិសេសនៅក្នុងករណៅដែលអាចគំរាមកំហែងដល់សន្តិសុខជាតិ។ យោងតាមអ្នកជំនាញ Da Wei នាយកមជ្ឈមណ្ឌលសន្តិសុខនិងយុទ្ធសាស្ត្រ​អន្តរជាតិនៅសាកលវិទ្យាល័យ Tsinghua (ចិន) ការសន្ទនារវាងសហរដ្ឋអាមេរិកនិងចិនស្តីពី AI បានប្រព្រឹត្តទៅក្នុង​បរិបទដែលមានមតិជាច្រើនអំពាវនាវឱ្យបន្ថយល្បឿនអភិវឌ្ឍន៍ AI ហេតុដូច្នេះហើយ នេះមិនមែនជាគំនិតអាក្រក់នោះទេ ប៉ុន្តែបញ្ហាគឺធ្វើដូចម្តេចដើម្បីផ្ទៀងផ្ទាត់ថា ភាគីម្ខាងទៀតបានបន្ថយល្បឿន​យ៉ាង​ពិតប្រាកដ ពិព្រោះ ប្រសិន​បើគ្មានយន្តការផ្ទៀងផ្ទាត់ដែលអាចទុកចិត្តបាននោះ​ទេ នេះអាចក្លាយជា«អន្ទាក់»ដ៏ធំមួយ ជាពិសេសនៅពេលដែលភាគីទាំងពីរមិនទាន់​ជឿទុកចិត្តគ្នាយ៉ាង​ពិតប្រាកដ។​​

ជាទូទៅ កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-ចិនលើក​នេះមិនសម្រេចបាន​របក់គំហើញណាមួយ​ឡើយ ដូចដែលមជ្ឈដ្ឋានអ្នកសង្កេតការណ៍បានព្យាករណ៍រួចហើយ ប៉ុន្តែការដែលភាគីទាំងពីរនៅតែផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពទំនាក់ទំនង និងការ​ស្វែងរកកិច្ចព្រមព្រៀង គឺជាសញ្ញាវិជ្ជមានសម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក-ចិនជាពិសេស និងស្ថានភាពភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចសកលជាទូទៅ។ តាមផែនការ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល ត្រាំ និងប្រធានរដ្ឋចិនលោក​ Xi Jinping អាចនឹងជួបគ្នាម្តងទៀតនៅក្នុងខែវិច្ឆិកា នៅពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលវេទិកា​សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ហើយម្តងទៀតនៅក្នុង​ខែធ្នូ នៅពេលដែលកិច្ចប្រជុំកំពូល G20 បានប្រព្រឹត្តទៅនៅទីក្រុង Miami សហរដ្ឋអាមេរិក៕​