នៅថ្ងៃទី ៨ ខែកក្កដា កងទ័ពអាមេរិកបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសថ្មីមួយប្រឆាំងនឹងអ៊ីរ៉ង់ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាថ្ងៃទីពីរជាប់ៗគ្នានៃការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់។ មុននោះ អ៊ីរ៉ង់បានបើកការវាយប្រហារលើនាវាពាណិជ្ជកម្មចំនួនបីគ្រឿងនៅច្រកសមុទ្រហ័រមូស។
ជម្លោះផ្ទុះឡើងម្តងទៀត?
ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ត្រូវបានអនុវត្តស្ទើរតែភ្លាមៗមួយ រំពិច បន្ទាប់ពីសេចក្តីប្រកាសរបស់លោកប្រធានាធិបតី ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលណាតូ កាលពីថ្ងៃទី ៧-៨ ខែកក្កដា នៅទីក្រុងអង់ការ៉ា ប្រទេសទួរគី ដែលលោកបានចាត់ទុកបទឈប់បាញ់រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ត្រូវបានបញ្ចប់ហើយ។
បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសទាំងនេះ បានបំផ្លាញគោលដៅជាង ១៧០ កន្លែងនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានព្រមានអំពីសកម្មភាពយោធាបន្ថែមទៀត ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមានតម្រូវ ការ។ សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា នេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់លើកប៉ាល់ដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស នាប៉ុន្មានថ្ងៃកន្លងមក នេះ ដែលសហរដ្ឋអាមេរិកចាត់ទុកថា អ៊ីរ៉ង់ជាអ្នកទទួលខុសត្រូវ។
ភាគីអ៊ីរ៉ង់បានច្រានចោលនូវអំណះអំណាងនេះ ដោយចោទប្រកាន់សហរដ្ឋអាមេរិកពីបទរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយបានតបតវិញយ៉ាងឆាប់រហ័ស តាមរយៈការវាយប្រហារជាបន្តបន្ទាប់ដោយមីស៊ីលបាលីស្ទិក និងយន្តហោះដ្រូន (UAV) ទៅលើមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ រួមទាំងបញ្ជាការដ្ឋានកងនាវាទី ៥ របស់អាមេរិក នៅប្រទេសបារ៉ែនផងដែរ។
ទោះបីជាការប៉ះទង្គិចគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែកើតមានឡើងតុចតាច់ ចាប់តាំងពីភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី ១៧ ខែមិថុនាក៏ដោយ ប៉ុន្តែការវាយប្រហារគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លានាពេលបច្ចុប្បន្ន រួមជាមួយនឹងសេចក្តីប្រកាសបញ្ចប់បទឈប់បាញ់របស់លោក ដូណាល់ ត្រាំ អាចនឹងជម្រុញឱ្យមានវដ្តនៃរលកអំពើហិង្សាថ្មីៗ ដែលនាំប្រទេសទាំងពីរវិទលត្រឡប់ទៅរកស្ថានភាពជម្លោះទ្រង់ទ្រាយធំវិញ ដែលជាសេណារីយ៉ូដែលសហគមន៍អន្តរជាតិទាំងមូលមិនចង់ឃើញឡើយ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក (Stephane Dujarric) នៅថ្ងៃទី ៩ ខែកក្កដា បានបញ្ជាក់ថា៖ «អ្វីដែលបានកើតឡើងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានហានិភ័យខ្ពស់ក្នុងការរារាំងដល់វឌ្ឍនភាពការទូតដែលសម្រេចបានរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ការដែលជម្លោះទ្រង់ទ្រាយធំផ្ទុះឡើងម្តងទៀត នឹងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជននៅក្នុងតំបន់ សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាសម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរ»។
យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ចំណុចកណ្តាលនៃការបែកបាក់នាពេលបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែជាសិទ្ធិគ្រប់គ្រងច្រកសមុទ្រហ័រមូស ដែលជាខ្សែផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ អ៊ីរ៉ង់កំពុងស្វែងរកវិធីបង្កើតសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រនេះ តាមរយៈការតម្រូវឱ្យនាវាពាណិជ្ជកម្មធ្វើដំណើរតាមខ្សែផ្លូវដែលបានកំណត់ និងមានបំណងប្រមូលថ្លៃសេវាឆ្លងកាត់ ខណៈពេលដែលសហរដ្ឋអាមេរិក តែងតែចាត់ទុកការបើកទ្វារឱ្យឆ្លងកាត់ច្រកសមុទ្រហ័រមូសប្រកបដោយសេរីភាព គឺជាតម្រូវការចាំបាច់ដែលមិនអាចធ្វើសម្បទានបានឡើយ។
នៅចំពោះមុខ គោលជំហរដ៏តឹងរ៉ឹងរបស់ភាគីទាំងពីរ កំពុងបង្កការប្រែប្រួលយ៉ាងខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុ និងថាមពលសកល ហើយធ្វើឱ្យក្តីសង្ឃឹមក្នុងការគ្រប់គ្រងអតិផរណាកាន់តែស្រពិចស្រពិល។ លោក គ្រីស ប្រ៊ីហ្គាទី (Chris Brigati) នាយកផ្នែកវិនិយោគនៃក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ SWBC (សហរដ្ឋអាមេរិក) បានវាយតម្លៃថា៖ «អ្នកជំនាញប្រេង និងឧស្ម័នបានឱ្យដឹងថា នឹងត្រូវការរយៈពេលជាច្រើនខែ សូម្បីតែជិតមួយឆ្នាំ ដើម្បីស្តារឡើងវិញនូវអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងការចែកចាយ ប្រតិបត្តិការរោងចក្រចម្រាញ់ប្រេង និងការដឹកជញ្ជូន ទោះបីជាច្រកសមុទ្រហ័រមូសនៅតែបើកចំហក៏ដោយ។ ដូច្នេះ ខ្ញុំមិនគិតថាបញ្ហាអតិផរណាបានបញ្ចប់នោះទេ។ ខ្ញុំព្យាករណ៍ថាអតិផរណានឹងបន្តអូសបន្លាយ។ ទស្សនៈទូទៅនៅពេលនេះ គឺ “អត្រាការប្រាក់ខ្ពស់សម្រាប់រយៈពេលយូរជាងមុន” ហើយខ្ញុំគិតថានេះនឹងជាសេណារីយ៉ូនៅពេលអនាគតដ៏ខ្លីខាងមុខ»។
យុទ្ធសាស្ត្រនៃការចរចា
សំណួរដែលភាគីទាំងពីរកំពុងប្រឈមមុខនៅពេលនេះ គឺថាតើសេចក្តីប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពី "ការបញ្ចប់បទឈប់បាញ់" ពិតជាសញ្ញានៃការផ្ទុះឡើងជម្លោះទ្រង់ទ្រាយធំ ឬគ្រាន់តែជាយុទ្ធសាស្ត្រចរចាដែលធ្លាប់ស្គាល់ដល់របស់ទីក្រុងវ៉ាស៊ីនតោន?
អ្នកជំនាញជាច្រើនជឿជាក់ថា ស្ថានភាពបច្ចុប្បន្នមានលក្ខណៈសម្គាល់ទាំងអស់នៃយុទ្ធសាស្ត្រការទូតដែលធ្លាប់ស្គាល់ពីភាគីអាមេរិក គឺ៖ "ការដាក់សម្ពាធជាអតិបរមា"។ គោល បំណងរបស់អាមេរិកគឺច្បាស់លាស់ណាស់៖ គឺបង្ខំឱ្យទីក្រុងតេអេរ៉ង់ធ្វើសម្បទានកាន់តែស៊ីជម្រៅ ដើម្បីទទួលយកលក្ខខណ្ឌដ៏តឹងរ៉ឹងជាងមុន ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរក្នុងរយៈពេល ៦០ ថ្ងៃនៃអនុស្សរណៈយោគយល់គ្នា។
ទោះជាយ៉ាងណាក៏ដោយ ការវាយតម្លៃភាគច្រើនក៏បានបង្ហាញថា យុទ្ធសាស្ត្រនេះទំនងជាមិនមានប្រសិទ្ធភាពនោះទេ ពីព្រោះជម្លោះគន្លឹះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្ថិតនៅក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូស ហើយអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខារវាងភាគីទាំងពីរ បានបង្កើតចន្លោះប្រហោងដ៏ស្មុគស្មាញលើបញ្ហានេះ។ លោកបណ្ឌិត អង់ដ្រេអាស គ្រីក (Andreas Krieg) សាស្ត្រាចារ្យរងនៅសាលាស្រាវជ្រាវសន្តិសុខ មហាវិទ្យាល័យ King's College ក្នុងទីក្រុងឡុងដ៍ (អង់គ្លេស) បានធ្វើអត្ថាធិប្បាយថា៖ «ប្រសិនបើយើងពិចារណាលើខ្លឹមសារ និងពាក្យពេចន៍នៃសេចក្តីព្រាងឯកសារនោះ ច្បាស់ណាស់ថានៅតែមានឱកាសសម្រាប់អ៊ីរ៉ង់ក្នុងការទាមទារអធិបតេយ្យភាព សូម្បីតែការដាក់តម្លៃសេវាលើសេរីភាពនាវាចរណ៍ ដែលជាលក្ខខណ្ឌបណ្តាប្រទេសឈូងសមុទ្រ និងសហរដ្ឋអាមេរិកចាត់ទុកថាមិនអាចទទួលយកបានឡើយ។ ដូច្នេះ អ៊ីរ៉ង់នៅតែមានឱកាសជាច្រើនដើម្បីធ្វើអន្តរាគមន៍លើបញ្ហាដូចជា៖ ការបើកច្រកសមុទ្រហ័រមូស តាមរបៀប ពេលវេលា និងកម្រិតណា ក៏ដូចជាក្រោមលក្ខខណ្ឌអ្វីខ្លះ»។
នៅចំពោះមុខគោលជំហរដ៏តឹងរឹងនៃភាគីទាំងពីរដូចបច្ចុប្បន្ន តួនាទីរបស់ប្រទេសសម្របសម្រួល (ដូចជា ប៉ាគីស្ថាន កាតា អេហ្ស៊ីប ជាដើម) ត្រូវបានចាត់ទុកជាកត្តាសម្រេច។ ទោះជាយ៉ាងណាក៏ដោយ អ្នកសម្របសម្រួលក្នុងតំបន់នឹងត្រូវរត់ប្រណាំងនឹងពេលវេលាដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀង ពីព្រោះល្បែងលេង “នៅលើមាត់ជ្រោះនៃជម្លោះ” មានហានិភ័យខ្ពស់នៃការដួលរលំ ដោយសារភាគីទាំងពីរដាច់ខាតសុទ្ធតែមិនចង់បង្ហាញភាពទន់ខ្សោយទៅកាន់ភាគីម្ខាងទៀត៕
