នៅថ្ងៃទី ៣០ ខែកញ្ញា មន្ទីរបញ្ចកោណបានចេញសេចក្តី​ប្រកាសជាផ្លូវការ​ដែលបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិកទាំងអស់បានចាកចេញពីទឹកដីអ៊ីរ៉ាក់ ដោយបញ្ចប់​កិច្ចព្រមព្រៀងដកទ័ពដែលសម្រេចបានរវាងទីក្រុង Baghdad និងទីក្រុងវ៉ាស៊ីនតោន​កាលពីខែកញ្ញា ឆ្នាំ ២០២៤ និងបញ្ចប់ការអន្តរាគមន៍កយោធាដោយផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ អស់ជាងពីរទសវត្សរ៍កន្លងទៅ។

បិទបញ្ចប់សម័យកាលជាប់ផុង

ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងខែកញ្ញា ឆ្នាំ ២០២៤ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកកំពុងអនុវត្តផែនការដកទ័ពទៅតាម​ដំណាក់កាលនីមួយៗ ជាពិសេសការចាកចេញពីមូលដ្ឋាន​ធំៗដូចជាមូលដ្ឋានទ័ពអាកាស Al-Asad នៅចុងឆ្នាំ ២០២៥ ការ​ប្រមូលផ្តុំបុគ្គលិកដែលនៅសល់ នៅក្នុងតំបន់ស្វយ័តជនជាតិ​ឃឺដនៅ​ភាគខាងជើងប្រទេសអ៊ីរ៉ាក់ មុនពេលដកទ័ពទាំងស្រុងនៅចុងខែកញ្ញាឆ្នាំនេះ។ កងពលអាមេរិកមួយចំនួនតូចនឹងនៅតែស្ថិតនៅទីក្រុងបាកដាដ ដោយមានភារកិច្ចតែមួយ​គត់គឺ​ការពារ​មណ្ឌលការទូត។

សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបាកដាដ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលគួសសញ្ញា​សម្គាល់នៃ​ការបញ្ចប់យុគសម័យជាប់ផុង ចាប់ពីឆ្នាំ ២០០៣មក នៅពេលដែលសហរដ្ឋអាមេរិកបានចាប់ផ្តើម​អន្តរាគមន៍យោធាដោយផ្ទាល់នៅក្នុងប្រទេសអ៊ីរ៉ាក់។ នៅក្នុងសេចក្តីប្រកាសមួយ​នៅថ្ងៃទី ៣០ ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ការដកទ័ពអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់ទាំងស្រុង គឺជាការបញ្ចប់នៃដំណាក់កាលធ្លាក់ជាប់ផុងមួយ ទាក់ទងនឹងសង្គ្រាមដ៏ធំបំផុតដែលសហរដ្ឋអាមេរិកបាន​អនុវត្តក្នុងសតវត្សរ៍ទី ២១។ លោក ដូណាល់ ត្រាំ បានប្រកាសថា៖ "មានរយៈពេលដ៏​យូរ ជាមួយ​នឹង​កំហុសធ្ងន់ធ្ងរ​ដែលបាននាំយើងធ្លាក់​ចូលទៅក្នុង​ភាពច្របូកច្របល់ តាំងពីដំបូងមក។ មែនហើយ វាពិតជាភាពជាប់ផុងមួយ​។ ស្ថានភាពនោះ បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែនាពេល​ឆាប់ៗខាងមុខនេះ ​ជំពូកប្រវត្តិសាស្ត្រនោះនឹងបិទបញ្ចប់។ យើងនឹងដកទ័ពចេញទាំងស្រុង​។ ដូច្នេះថ្ងៃនេះគឺជាជ័យជម្នះសម្រាប់សហរដ្ឋអាមេរិក។ នេះគឺជាជ័យជម្នះសម្រាប់អ៊ីរ៉ាក់ និងជាជ័យជម្នះ​លើអង្គការ ISIS - ដែលត្រូវបានកំទេចទាំងស្រុង ក៏ជាមូល​ហេតុដែលយើងចាប់ផ្តើមធ្វើអន្តរាគមន៍ផងដែរ"។

រដ្ឋាភិបាលនិងប្រជាជនអ៊ីរ៉ាក់ក៏បានអបអរសាទរការដកទ័ពរបស់កងកម្លាំងចម្រុះ ដោយសេចក្តី​រីករាយនិងរំភើប​យ៉ាងខ្លាំង​ផងដែរ។ នៅថ្ងៃទី ៣០ ខែកញ្ញា ប្រជាជនអ៊ីរ៉ាក់រាប់ពាន់នាក់បាន​ចុះតាមដងផ្លូវនៅក្នុងទីក្រុងធំៗ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ ខណៈដែលរដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសថ្ងៃឈប់សម្រាកជាតិ រយៈពេលបួនថ្ងៃ ដែលមានឈ្មោះថា "ទិវាអធិបតេយ្យភាព" ចាប់ពី​ថ្ងៃទី ៣០ ខែកញ្ញា។ មុននោះ នៅក្នុងសុន្ទរកថានៅ​​ក្នុង​សម័យ​​ប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA-៨១) កាលពីសប្តាហ៍មុននៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali Al-Zaidi បានសង្កត់ធ្ងន់ថា៖ "នៅពេលដែលបេសកកម្មរបស់កងកម្លាំងចម្រុះអន្តរជាតិ​នៅអ៊ីរ៉ាក់បានបញ្ចប់ យើងកំពុងផ្លាស់ប្តូរទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ​ទៅ​ដំណាក់កាលថ្មីមួយ៖ ផ្លាស់ប្តូរពីកិច្ចសហប្រតិបត្តិការយោធាទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ដើម្បីបម្រើផលប្រយោជន៍រួម។ តាមនោះ យើងមិនត្រឹមតែពង្រឹងជ័យជម្នះរបស់អ៊ីរ៉ាក់​ប្រឆាំងនឹងអំពើភេរវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការតាំងចិត្ត និងបង្កើតសន្ទុះ ដើម្បីបញ្ចប់ការកសាងសមត្ថភាពសន្តិសុខ និងយោធា ដើម្បីការពារបូរណភាព​ទឹកដី ប្រជាជន និងអធិបតេយ្យភាពជាតិ"។

ចន្លោះប្រហោងផ្នែកសន្តិសុខ

នៅពេលដែលភាពរំភើបចិត្តបានថយចុះ បញ្ហាប្រឈមជាច្រើនទៀត​បាន​កើតឡើង​ចំពោះរដ្ឋាភិបាលអ៊ីរ៉ាក់ និងតំបន់។ សំណួរដ៏ធំបំផុតនៅពេលនេះគឺថា តើចន្លោះប្រហោង​ដែលបន្សល់ទុកដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនឹងក្លាយជាបញ្ហាប្រឈម​ផ្នែក​សន្តិសុខថ្មីសម្រាប់ប្រទេសអ៊ីរ៉ាក់ដែរឬទេ ជាពិសេសនៅពេលដែលកងជីវពលគាំទ្រអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់​បាន​ចាត់ទុកការដកទ័ពរបស់សហរដ្ឋអាមេរិកជា "ជ័យជម្នះ" នៅពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​មានហានិភ័យ​នៃការឡើង​កម្តៅ​ម្តងទៀត​។

មុននោះ សហរដ្ឋអាមេរិកបានដាក់សម្ពាធ និង​បង្ខំ​ឱ្យ​ប្រទេសអ៊ីរ៉ាក់ប្រើប្រាស់​ដំណាក់កាលអន្តរកាលក្នុងប៉ុន្មានឆ្នាំ​កន្លងមកនេះ ដើម្បីដកហូតអាវុធ​ពីកងជីវពល នានា និងដាក់​ពួកគេនៅក្រោមការគ្រប់គ្រង់របស់រដ្ឋាភិបា​ល។ ទោះជាយ៉ាងណាក៏ដោយ លោក​នាយករដ្ឋមន្ត្រី Ali al-Zaidi នាពេល​ថ្មីៗនេះ បានពន្យារពេលការអនុវត្តផែនការដកហូតអាវុធ ដោយសារតែការព្រួយបារម្ភអំពីអស្ថិរភាពផ្ទៃក្នុង ដែល​បណ្តាល​មក​ពីក្រុមឥស្លាមនិកាយ​ស៊ីអ៊ីត។ លោក Sajad Jiyad អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលគោលនយោបាយអន្តរជាតិ (CIP) ដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉ក បាន​ធ្វើ​អត្ថាធិប្បាយថា៖ «ខ្ញុំចង់បញ្ជាក់យ៉ាង​ច្បាស់ថា គ្មានការរំសាយអាវុធចំពោះក្រុមណាមួយនៅថ្ងៃទី៣០ ខែកញ្ញា នោះទេ។ ខ្ញុំគិតថា ប្រការនេះប្រហែលជាច្បាស់លាស់រួចទៅហើយសម្រាប់អ្នកដែលតាមដានយ៉ាងដិតដល់នូវស្ថានភាពយោបាយនៅអ៊ីរ៉ាក់​ជាប្រចាំ។ រដ្ឋាភិបាលបានលើកឡើងពីការរួម​បញ្ចូលគ្នា និងស្នើឱ្យក្រុមទាំងនេះរួមបញ្ចូលគ្នាឱ្យកាន់តែប្រសើរឡើងទៅក្នុងកងកម្លាំងចល័តប្រជាជន (PMF) ក្នុងនាមជាស្ថាប័នមួយ។ យ៉ាងណាមិញ ខ្ញុំចាត់ទុកថា ពួកគេបដិសេធទាំងស្រុងនូវអ្វីដែលគេហៅថា ការរំសាយអាវុធ។ ខ្ញុំមិនគិតថារឿងនោះនឹងកើតឡើងនោះ​ទេ ទាំងនៅថ្ងៃទី ៣០ ខែកញ្ញា ឬនៅពេលណាបន្ទាប់នោះដែរ​”។

ការបារម្ភបន្ទាប់​សម្រាប់ប្រទេសអ៊ីរ៉ាក់នៅតែជាស្រមោល​នៃអំពើភេរវកម្ម។ ទោះបីជាប្រតិបត្តិការ Inherent Resolve បានកំទេចតំបន់ដីដែល​ធ្លាប់ត្រូវបាន​កាន់កាប់ដោយ ISIS ដោយជោគជ័យក៏ដោយ ប៉ុន្តែអ្នកជំនាញសន្តិសុខមានការព្រួយបារម្ភថា ចន្លោះប្រហោងដែលបន្សល់ទុកដោយ​កងកម្លាំងចម្រុះអាចជំរុញឱ្យមាន ការក្រោកឈរឡើងរបស់​ពួកជីហាដផ្សេងទៀត។ អាជ្ញាធរនៅក្នុងតំបន់​ជនជាតិ​ឃឺដ​ក្នុងប្រទេសអ៊ីរ៉ាក់មានការព្រួយបារម្ភជាពិសេសអំពីហានិភ័យនេះ ដោយអះអាងថាស្ថានភាពយោធា និងនយោបាយផ្ទៃក្នុងរបស់ប្រទេសអ៊ីរ៉ាក់ មិនទាន់ឈានដល់កម្រិតស្ថិរភាពគ្រប់គ្រាន់សម្រាប់ការដកទ័ពទាំងស្រុងនោះទេ។ ដូច្នេះ ក្នុងរយៈពេលវែង ការគ្រប់គ្រងអធិបតេយ្យភាពពិតប្រាកដនៅតែជាបញ្ហាប្រឈមដ៏ស្មុគស្មាញសម្រាប់ទីក្រុងបាកដាដ៕