ទស្សនៈនេះត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងគោលនយោបាយ និងគោលការណ៍ណែនាំនាពេលកន្លងមក ដែលការសម្រេចចិត្តទាំងអស់នេះសុទ្ធតែឆ្ពោះទៅគោលបំណងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន ដោយចាត់ទុកប្រជាជនជាមជ្ឈមណ្ឌលនិងជាកម្លាំងចលករនៃការអភិវឌ្ឍ។
នៅពេលដែលគោលនយោបាយឈានចូលក្នុងជីវភាពរស់នៅ
“ចាប់ពីឆ្នាំសិក្សាខាងមុខ ខ្ញុំនឹងបានសិក្សានៅសាលាអន្តេវាសិកដ្ឋាន ហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់។ នៅទីនោះ ថែមទាំងមានកន្លែងសម្រាប់ហាត់ប្រាណ និងលេងកីឡាទៀតផង”។
“នៅពេលដែលកូនរបស់ខ្ញុំអាចសិក្សា និងរស់នៅក្នុងបរិយាកាសធំទូលាយ ជាមួយនឹងគ្រឿងបរិក្ខារពេញលេញ រួមទាំងអាហារ និងការរៀបចំកន្លែងគេងគ្រប់គ្រាន់ ខ្ញុំមានអារម្មណ៍ជឿជាក់យ៉ាងខ្លាំង។ នេះនឹងក្លាយជាបរិយាកាសមួយដែលជួយកូនរបស់ខ្ញុំអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ តាំងពីចំណេះដឹង រហូតដល់សុខភាពរាងកាយ”។
សេចក្តីរីករាយរបស់សិស្ស និងឪពុកម្តាយនេះ ក៏ជាសេចក្តីរីករាយរួមគ្នារបស់គ្រួសាររាប់ម៉ឺនគ្រួសារនៅសាលាអន្តេវាសិកដ្ឋានអន្តរកម្រិតចំនួន ២៤៨ នៅតាមឃុំព្រំដែនទូទាំងប្រទេសផងដែរ។ សាលាថ្មីទាំងនេះ មិនត្រឹមតែបើកចេញឱកាសសិក្សាស្មើភាពគ្នាសម្រាប់សិស្សនៅតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការធានាសិទ្ធិទទួលបានការអប់រំសម្រាប់កុមារទាំងអស់ទៀតផង។
ការអប់រំ ត្រឹមតែជាវិស័យមួយក្នុងចំណោមវិស័យជាច្រើន ដែលប្រជាជនទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីគោលនយោបាយអភិវឌ្ឍន៍។ ចាប់ពីការថែទាំសុខភាព លំនៅដ្ឋាន ធានារ៉ាប់រងសង្គម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រហូតដល់ការផ្លាស់ប្តូរឌីជីថល និងកំណែទម្រង់នីតិវិធីរដ្ឋបាល ពោលគឺ ការផ្លាស់ប្តូរទាំងនេះកំពុងកាន់តែលេចឡើងច្បាស់លាស់នៅក្នុងជីវភាពប្រចាំថ្ងៃ។ បណ្ឌិត ឡេ យួ ប៊ិញ អ្នកជំនាញសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជានាយក Economica វៀតណាម បានសង្កេតឃើញថា៖ “សន្ទស្សន៍ស្តីពីការទាក់ទងផ្ទាល់នឹងសេវាសង្គមជាមូលដ្ឋានរបស់ប្រជាជន ដូចជា ការធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងអ្នកអត់ការងារធ្វើ កំពុងត្រូវបានបើកទូលាយ។ ប្រជាជនយល់ឃើញយ៉ាងច្បាស់អំពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃសិក្សា ការគាំទ្រការចំណាយលើការអប់រំសម្រាប់សិស្សានុសិស្ស ការពង្រីកការថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់ ការកែលម្អគុណភាពនៃការពិនិត្យសុខភាព ការព្យាបាល និងការពង្រឹងឱសថបង្ការ...។ ទាំងនេះគឺជាការកែលម្អគួរឱ្យកត់សម្គាល់”។
ពីទស្សនៈសេដ្ឋកិច្ច គោលនយោបាយដើម្បីលុបបំបាត់ឧបសគ្គចំពោះផលិតកម្ម និងអាជីវកម្ម ដើម្បីជំរុញការវិនិយោគ នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលកំពុងបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កំណើន។ សំខាន់ជាងនេះទៅទៀត កំណើននោះកំពុងត្រូវបានប្រែក្លាយទៅជាការងារច្រើនជាង ប្រាក់ចំណូលកាន់តែប្រសើរ សេវាសាធារណៈកាន់តែងាយស្រួល និងគុណភាពជីវភាពត្រូវបានលើកកំពស់។ បណ្ឌិត ង្វៀន យួរ ប៊ិញ អ្នកជំនាញសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជានាយក Economica វៀតណាម បានឲ្យដឹងថែមទៀតថា៖ “កំណើនសេដ្ឋកិច្ចបានប្រែក្លាយទៅជាប្រាក់ចំណូលប្រសើរជាង និងជីវភាពរបស់ប្រជាជនក៏កាន់តែល្អជាងដែរ។ ការអភិវឌ្ឍមិនត្រឹមតែសម្រាប់ក្រុមជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជនទាំងមូល ជាពិសេសតាមរយៈសមិទ្ធផលក្នុងកំណើនវិសាលភាព កំណើនប្រកបដោយចីរភាព និងការយកចិត្តទុកដាក់ចំពោះក្រុមងាយរងគ្រោះនៅក្នុងសង្គម។ អត្ថប្រយោជន៍ដល់ប្រជាជនក៏ត្រូវបានបង្ហាញជាសក្ខីភាពបរានុម័តនោះគឺ៖ សន្ទស្សន៍អភិវឌ្ឍន៍មនុស្ស (HDI) ដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រកាសជារៀងរាល់ឆ្នាំ។ ប្រការនេះបញ្ជាក់ថា សមិទ្ធផលនៃការអភិវឌ្ឍកំពុងត្រូវបានផ្លាស់ប្តូរទៅជាគុណភាពជីវភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាជន ឈរលើទស្សនៈ វៀតណាមតែងតែដាក់ប្រជាជននៅចំកណ្តាលនៃដំណើរការអភិវឌ្ឍន៍ទាំងមូល”។
សុភមង្គលរបស់ប្រជាជនគឺជារង្វាស់ខ្ពស់បំផុត
ទស្សនៈដែលថាគោលនយោបាយ និងយុទ្ធសាស្ត្រទាំងអស់មានគោលបំណងពង្រីកឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាជន និងធានាថា ប្រជាជនទទួលបានផ្លែផ្កានៃការអភិវឌ្ឍកាន់តែខ្លាំងឡើង តែងតែត្រូវបានអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ជានិច្ច៖ “យើងត្រូវតែថែរក្សាជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ដោយចាត់ទុកនេះជាគោលដៅខ្ពស់បំផុតនៃការអភិវឌ្ឍ។ ប្រជាជនត្រូវតែទទួលផលពីបរិយាកាសរស់នៅដែលមានសុវត្ថិភាពជាង ការដឹកជញ្ជូនកាន់តែងាយស្រួលជាង លំនៅដ្ឋានកាន់តែសមរម្យ សាលារៀនកាន់តែល្អជាង មន្ទីរពេទ្យកាន់តែប្រសើរជាង បរិយាកាសវប្បធម៌ច្រើនជាង និងលំហបៃតងកាន់តែទូលាយ។ ពលករ កម្មករ ជនក្រីក្រ និងក្រុមងាយរងគ្រោះ ត្រូវតែទទួលបានការថែទាំតាមរយៈគោលនយោបាយជាក់ស្តែង ដែលត្រូវបានរៀបចំឡើងសម្រាប់មុខសញ្ញានិមួយៗ”។
សេចក្តីប្រកាសនយោបាយនេះត្រូវបានអនុវត្តព្រមៗគ្នា ហើយលទ្ធផលត្រូវបានបង្ហាញដោយជំហរអន្តរជាតិរបស់វៀតណាមនៅក្នុងក្រុមប្រទេសដែលមានសុភមង្គលបំផុតទាំង ៥០ នៅលើពិភពលោក៖ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៤៦ ក្នុងចំណោម ១៤៧ ប្រទេស យោងតាមរបាយការណ៍សុភមង្គលពិភពលោកឆ្នាំ ២០២៥។ នេះគឺជាលទ្ធផលនៃការកែលម្អគុណភាពជីវភាព កម្រិតពេញចិត្តរបស់ប្រជាជន និងប្រសិទ្ធភាពនៃគោលនយោបាយអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជន។ សាស្ត្រាចារ្យ បណ្ឌិត ឡេ ហៃ ប៊ិញ អនុប្រធានបណ្ឌិត្យសភានយោបាយជាតិហូជីមិញ បានឲ្យដឹងថា៖ “មិត្តភក្តិអន្តរជាតិជាច្រើនដែលខ្ញុំបានជួបគេនិយាយថា ប្រទេសវៀតណាមមានអ្វីៗដែលប្រទេសជាច្រើនទៀតប្រាថ្នាចង់បាននោះគឺ៖ សន្តិភាព ឯករាជ្យ និងភាពសុខសានត្រាន្ត។ យើងបានឃើញវឌ្ឍនភាពយ៉ាងឆាប់រហ័សនៅក្នុងសន្ទស្សន៍សុភមង្គល។ទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿជាក់ថា ការពឹងផ្អែកទាំងស្រុងលើសន្ទស្សន៍នោះ ប្រហែលជាមិនឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវអ្វីដែលយើងមាននាពេលបច្ចុប្បន្ននោះទេ។ យើងប្រាថ្នាចង់បានសុភមង្គលកាន់តែច្រើន ដូច្នេះយើងប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវកំណើនកាន់តែខ្ពស់ និងសុភមង្គលប្រកបដោយចីរភាព”។
នៅពេលដែលការសម្រេចចិត្តគោលនយោបាយនីមួយៗត្រូវបានតម្រង់ទិសទៅបម្រើប្រជាជន នៅពេលដែលឱកាសសម្រាប់ការអប់រំ ការថែទាំសុខភាព ការងារ សន្តិសុខសង្គម និងបរិយាកាសរស់នៅត្រូវបានកែលម្អកាន់តែខ្លាំងឡើង នោះសិទ្ធិមនុស្សមិនត្រឹមតែត្រូវបានបញ្ជាក់នៅក្នុងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាតម្លៃជាក់ស្តែងក្នុងជីវភាពទៀតផង។ នោះក៏ជាសក្ខីភាពច្បាស់លាស់នៃទិសដៅអភិវឌ្ឍន៍ឥតងាក់រ៉េរបស់វៀតណាមផងដែរ ពោលគឺ ដាក់ប្រជាជននៅចំកណ្តាល និងធ្វើឱ្យសុភមង្គលរបស់ប្រជាជនក្លាយជាគោលដៅខ្ពស់បំផុតនៃគោលនយោបាយ និងការអនុវត្តជាក់ស្តែង៕
