នៅថ្ងៃទី ២១ ខែសីហា បន្ទាប់ពីការចរចា​អស់រយៈពេល​ជាច្រើនថ្ងៃ សហរដ្ឋអាមេរិក និងកាណាដានៅតែបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម​មួយ​។ បន្ទាប់មក សហរដ្ឋអាមេរិកបានដាក់ពន្ធ ៥០​% លើទំនិញកាណាដា​ដែលមានតម្លៃប្រហែល ២០ ពាន់លានដុល្លារ ដែលចូលជាធរមាននៅថ្ងៃ​ទី ២២ ខែសីហា។ កាណាដាក៏​បាន​តបតវិញផងដែរ​។

ការតបតវិញគ្រប់កាក់គ្រប់សេន

នៅក្នុង​សេចក្តីប្រកាស​ដាក់​ពន្ធ ៥០​% លើទំនិញកាណាដាដែលមានតម្លៃប្រហែល ២០ ពាន់លានដុល្លារអាមេរិក តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ជូនកាណាដានូវលក្ខខណ្ឌអំណោយផលជាង បើធៀបនឹង​ប្រទេស​នាំចេញដទៃទៀតមក​កាន់ទីផ្សារសហរដ្ឋអាមេរិក​។ ទោះជាយ៉ាងណាក៏ដោយ ការទាមទារថ្មី​របស់ទីក្រុង Ottawa ក៏ដូចជាការផ្លាស់ប្តូរការប្តេជ្ញាចិត្តមួយ​ចំនួន ធ្វើ​ឱ្យច្របូកច្របល់ដល់តុល្យភាពដែលសម្រេចបានដោយភាគីទាំងពីរ បន្ទាប់ពីការចរចារ​ជាច្រើនថ្ងៃ។ ក្នុង​ពេលនោះ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានអះអាងថា សហរដ្ឋអាមេរិកបានផ្លាស់ប្តូរលក្ខខណ្ឌ​នៅនាទីចុងក្រោយ ដោយអយុត្តិធម៌ និងគ្មានប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច បណ្តាលឱ្យទីក្រុង Ottawa ព្រួយបារម្ភអំពីកម្រិតនៃភាពជឿជាក់លើកិច្ចព្រមព្រៀងណាមួយ។

ការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងនៅនាទីចុងក្រោយបានធ្វើឱ្យភាព​តានតឹងពាណិជ្ជកម្មកើ​នឡើងរវាងសម្ព័ន្ធមិត្តជិតស្និទ្ធ និងប្រទេសជិតខាងទាំងពីរ​នៅអាមេរិកខាងជើង។ នាយករដ្ឋមន្ត្រីកាណាដាបានទទួលស្គាល់ថា នេះជាលទ្ធផលដែលទីក្រុង​ Ottawa ​មិនចង់បាន ប៉ុន្តែបានបញ្ជាក់ថា ប្រទេសកាណាដានឹងវិលត្រឡប់មកតុចរចាវិញ លុះត្រាតែភាគីអាមេរិកមានអាកប្បកិរិយាត្រឹមត្រូវ។

«នៅពេលដែលសហរដ្ឋអាមេរិកចូលទៅក្នុងតុចរចាដោយមានអាកប្បកិរិយាត្រឹម​ត្រូវ​ចំពោះឧស្សាហកម្មរបស់យើង និងស្មារតីសហប្រតិបត្តិការពិតប្រាកដ យើងនឹងចូលរួម​ការចរចា​។ ប៉ុន្តែ ប្រសិនបើពួកគេ​ចូលទៅ​ក្នុងតុចរចាដោយចាត់ទុកប្រទេសកាណា​​ដា​ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សហរដ្ឋអាមេរិក ឬចាត់ទុកថា ឧស្សាហកម្មកាណាដាមានគុណវិបត្តិបើប្រៀបធៀបទៅនឹងឧស្សាហកម្មអាមេរិក ឬចង់បង្កើតលក្ខខណ្ឌដែលនឹងបង្កឱ្យមានការលំបាករយៈពេលវែងសម្រាប់ឧស្សាហកម្មកាណាដា... នោះមិនមែនជាប្រការដែលយើងនឹងទទួលយកនោះទេ។»

បន្ទាប់ពីវិធានការតបតវិញរបស់កាណាដា ទំនាក់ទំនងរវាងភាគីទាំងពីរនៅតែតានតឹង។ នៅថ្ងៃទី ២៧ ខែសីហា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិមួយដោយប្តូរឈ្មោះបឹងអុនតារីយ៉ូ (Ontario) ដែលមានទីតាំងនៅព្រំដែនសហរដ្ឋអាមេរិក-កាណាដា ទៅជាបឹងអាមេរិក​វិញ​។ មុននោះ នៅថ្ងៃទី ២៤ ខែសីហា សហរដ្ឋអាមេរិកក៏បានសម្រេចចិត្តដំឡើងពន្ធទ្វេដងលើរថយន្តកាណាដាពី ២៥​% នា​បច្ចុប្បន្ន​ឡើងដល់ ៥០% ចាប់ពីឆ្នាំ ២០២៧​។ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានព្រមានប្រទេសកាណាដាថា កុំបង្កើន​ការ​​សងសឹកទៅវិញទៅមក។

«ប្រសិនបើភាគីកាណាដាបន្តវិធានការសងសឹក នោះជាការពិតណាស់ យើងនឹងមិនអង្គុយមើលដោយស្ងៀមស្ងាត់នោះទេ។ គោល​ជំហររបស់យើងគឺ៖ កុំសងសឹក​​។ យើងមានគោលនយោបាយពាណិជ្ជកម្មផ្ទាល់ខ្លួន ហើយនឹងអនុវត្តតាមរបៀប​ដែលនាំមកនូវអត្ថប្រយោជន៍​ដ៏​ល្អបំផុត​ដល់សហរដ្ឋអាមេរិក។»

ការខូចខាតសម្រាប់ភាគីទាំងពីរ

ភាពតានតឹងពាណិជ្ជកម្មកាន់តែកើនឡើងរវាងសហរដ្ឋអាមេរិក និងកាណាដា បាននាំឱ្យអ្នកសង្កេតការណ៍ព្រួយបារម្ភថា តើសង្គ្រាមពន្ធគយសកលកំពុងវិលត្រឡប់មកវិញដែរឬទេ ដោយសារតែ​កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងដៃគូសេដ្ឋកិច្ចសំខាន់ៗជាច្រើន​នា​បច្ចុប្បន្ន គឺគ្រាន់តែមានលក្ខណៈបណ្តោះអាសន្ន ឬ​មាន​ហានិភ័យនៃការដួលរលំជាប្រចាំ​។ យោងតាមលោក Robert Koopman អតីតប្រធានសេដ្ឋវិទូនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅតែចាត់ទុកពន្ធគយជាអាវុធពាណិជ្ជកម្មអាទិភាព ទោះបីជាការប្រែប្រួលពាណិជ្ជកម្មសកល​នៅឆ្នាំ​២០២៥ ដោយសារតែពន្ធបដិការរបស់អាមេរិក​បាន​បង្ហាញថា ពន្ធគយមិនមែន​ពេល​ណា​ក៏នាំមកនូវលទ្ធផលគោលនយោបាយដូច​ការរំពឹងទុក​ឡើយ។

«ភាពមិនប្រាកដប្រជាដែលកើតចេញពីអត្រា​ពន្ធទាំងនេះ ប្រហែលជាសំខាន់ជាង​សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង ជា​ជាងការកើនឡើងនៃអត្រា​ពន្ធ​ទាំងនោះ។ គោលនយោបាយពន្ធ និងពាណិជ្ជកម្ម ច្រើនតែមានឥទ្ធិពលតាមរបៀបដែលអ្នករៀបចំគោលនយោបាយមិនអាចទាយទុកជាមុនបានឡើយ​​។ ដូច្នេះហើយ ខ្ញុំជឿជាក់ថា ក្នុង​ការដាក់ពន្ធកាលពីឆ្នាំ ២០២៥ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មិនបានដឹងថា វិធានការនេះមិនប្រាកដជានឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនោះឡើយ។ តាម​ពិតទៅ ឱនភាពពាណិជ្ជកម្មរបស់អាមេរិកបានកើនឡើង។​»​

ក្នុងរយៈពេលខ្លី ភាពតានតឹងពាណិជ្ជកម្មកំពុងធ្វើឱ្យប៉ះពាល់ដល់ទាំងសហរដ្ឋអាមេរិក និងកាណាដា។ ពាណិជ្ជកម្មទំនិញនិងសេវាកម្មសរុប​រវាងប្រទេសទាំងពីរសម្រេចបានប្រហែល ៨៨០ ពាន់លានដុល្លារ​អាមេរិក​នៅឆ្នាំ២០២៥​។ ប្រហែល ៧២% នៃការនាំចេញទំនិញរបស់កាណាដា​គឺ​ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ហើយទំនិញដែលមានតម្លៃប្រហែល ២ ពាន់លានដុល្លារបាន​ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពី​រ​ជារៀងរាល់ថ្ងៃ។

នៅទីបំផុត ភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងកាណាដា ក៏នឹងរារាំងដល់ការចរចាដើម្បីកែសម្រួលកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដែលជាអាទិភាពពាណិជ្ជកម្មមួយរបស់លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ នាពេលកន្លងទៅផងដែរ៕​