នេះមិនត្រឹមតែជាសញ្ញាសម្គាល់មួយទាក់ទងនឹងចំណូលប៉ុណ្ណោះទេ ថែមទាំងក៏ជាការទទួលស្គាល់ចំពោះដំណើរការ ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី ការធ្វើសមាហរណកម្ម និងការអភិវឌ្ឍរបស់វៀតណាមទៀតផង។ បន្ទាប់ពីសញ្ញាសម្គាល់នេះ គឺជាឱកាសថ្មីៗ ប៉ុន្តែវាក៏ដាក់ចេញតម្រូវការកាន់តែខ្ពស់សម្រាប់វៀតណាមក្នុងដំណើរឆ្ពោះទៅរកគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ពីប្រទេសក្រីក្រមួយ ក្រោយសង្គ្រាម ដែលមានចំណូលជាមធ្យមក្នុងមនុស្សម្នាក់ ត្រឹមតែពីរបីរយដុល្លារអាមេរិកនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ប៉ុណ្ណោះ ប្រទេសវៀតណាមសព្វថ្ងៃនេះបានវ៉ាដាច់កម្រិត ៤.៦៣៦ ដុល្លារអាមេរិក ដើម្បីចូលក្នុងក្រុមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។

នេះគឺជាសមិទ្ធផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ដំណើរការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ បរិយាកាសនយោបាយ-សង្គមប្រកបដោយស្ថិរភាព រួមជាមួយនឹងការអមដំណើររបស់សហគមន៍ធុរកិច្ចនិងប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

សារអំពីខឿនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព

សញ្ញាសម្គាល់នេះកើតឡើងក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនៅតែមានអស្ថិរភាពជាច្រើន ប៉ុន្តែប្រទេសវៀតណាមនៅតែរក្សាអត្រាកំណើនខ្ពស់ គ្រប់គ្រងបាននូវអតិផរណា និងបង្កើនប្រាក់ចំណូលរបស់ប្រជាជន។ ប្រការនេះបញ្ជាក់ពីប្រសិទ្ធភាពនៃគោលមាគ៌ាអភិវឌ្ឍន៍ដែលយកស្ថិរភាពជាមូលដ្ឋានគ្រឹះនិងកំណែទម្រង់ជាកម្លាំងចលករ។ កំណែទម្រង់ស្ថាប័ន ត្រូវបានជំរុញកាន់តែខ្លាំងក្លា ហើយទទួលបានការវាយតម្លៃខ្ពស់ពីវិនិយោគិនអន្តរជាតិ។ លោក Max-F. Scheichenost ជាវិនិយោគិនមកពីអង្គការអភិវឌ្ឍន៍វិនិយោគឯកជន ដែលបានស្រាវជ្រាវទីផ្សារវៀតណាមអស់រយៈពេលច្រើនឆ្នាំ បានធ្វើអត្ថាធិប្បាយថា៖

“ការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺជាការផ្លាស់ប្ដូរការត្រិះរិះ ជាពិសេសការត្រិះរិះរបស់ក្រុមអ្នកតាក់តែងគោលនយោបាយ និងច្បាប់។ វៀតណាមបានស្តាប់អ្នកជំនាញ មតិអន្តរជាតិ និងវិនិយោគិនកាន់តែច្រើន។ ជាក់ស្ដែងគឺ ក្នុងរយៈពេលមួយទៅពីរឆ្នាំកន្លងមកនេះ អាចមើលឃើញយ៉ាងច្បាស់លាស់ពីការផ្លាស់ប្ដូរជាប្រព័ន្ធ។ ខ្ញុំអាចអះអាងថា បរិយាកាសអាជីវកម្មរបស់ប្រទេសវៀតណាមនាបច្ចុប្បន្នកំពុងរីកចម្រើន ហើយនេះជាឱកាសសម្រាប់វិនិយោគិនអាចធ្វើអាជីវកម្មប្រកបដោយស្ថិរភាពនៅវៀតណាម”។

ទោះជាយ៉ាងណាក៏ដោយ ការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ មិនមែនជាគោលដៅចុងក្រោយនោះទេ។ នេះគ្រាន់តែជាចំណុចចាប់ផ្តើមសម្រាប់ដំណាក់កាលអភិវឌ្ឍន៍មួយ ជាមួយនឹងតម្រូវការកាន់តែខ្ពស់ទាក់ទងនឹងគុណភាពកំណើន។ នៅពេលដែលប្រៀបខ្លាំងអំពីកម្លាំងពលកម្មថ្លៃថោកត្រូវបានបង្រួញបន្តិចម្ដងៗ កម្លាំងចលករសម្រាប់ការអភិវឌ្ឍនឹងត្រូវតែបានមកពីនវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ផលិតភាពការងារ និងគុណភាពធនធានមនុស្ស។ ក្នុងពេលជាមួយគ្នានោះ កំណើនសេដ្ឋកិច្ចត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ដោយធានាសន្តិសុខសង្គម និងការកែលម្អគុណភាពជីវភាពសម្រាប់ប្រជាជន។ នេះក៏ជាចក្ខុវិស័យអភិវឌ្ឍន៍ដែលថ្នាក់ដឹកនាំវៀតណាមបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតនៅក្នុងវេទិកាអន្តរជាតិផងដែរ។ លោក Warrick Cleine អគ្គនាយកក្រុមហ៊ុន KPMG វៀតណាម បានចែករំលែកថា៖

“ខ្ញុំមានសំណាងដែលបានចំណាយពេលមួយសប្តាហ៍នៅទីក្រុងឡុងដ៍ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចក្រៅប្រទេសកាលពីឆ្នាំមុនរបស់លោក។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានថ្លែងសុន្ទរកថាគោលនយោបាយនៅសាកលវិទ្យាល័យ Oxford ហើយសុន្ទរកថានោះពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដោយគូសបញ្ជាក់យ៉ាងច្បាស់អំពីចក្ខុវិស័យរបស់វៀតណាម អំពីស្ថានភាពអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥។ វាមិនត្រឹមតែអំពីកំណើន GDP សុទ្ធសាធប៉ុណ្ណោះទេ ថែមទាំងអំពីគុណភាពជីវភាពរស់នៅរបស់ប្រជាជន អភិបាលកិច្ច និងការកសាងសេដ្ឋកិច្ចឌីជីថលទៀតផង។ ភាពប្រសើរឡើងផ្នែកសេដ្ឋកិច្ច រួមជាមួយនឹងការអភិវឌ្ឍសម្ភារៈផ្សេងទៀត គឺជារង្វាស់ដ៏សំខាន់នៃឋានៈរបស់ប្រទេសអភិវឌ្ឍន៍មួយ”។

ពីសញ្ញាសម្គាល់រហូតដល់សេចក្តីប្រាថ្នាអភិវឌ្ឍន៍

ទោះបីជាសម្រេចបានសញ្ញាសម្គាល់ដ៏សំខាន់មួយក៏ដោយ ក៏វៀតណាមនៅតែមានសក្តានុពលដ៏ធំធេងសម្រាប់ការអភិវឌ្ឍ។ ដោយមានចំនួនប្រជាជនក្នុងក្រុមប្រទេសធំជាងគេបំផុតរបស់ពិភពលោក ប៉ុន្តែទំហំសេដ្ឋកិច្ចនៅតែមិនទាន់សក្តិសមនៅឡើយទេ វៀតណាមមានឱកាសជាច្រើនដើម្បីទម្លុះទម្លាយ ប្រសិនបើបន្តជំរុញកំណែទម្រង់យ៉ាងខ្លាំង បង្កើនផលិតភាពការងារ និងពង្រីកកម្លាំងចលករកំណើនថ្មីប្រកបដោយប្រសិទ្ធភាព។ សហគ្រិន Mai Huu Tin បានវាយតម្លៃថា៖

“ទាក់ទងនឹងចំនួនប្រជាជន ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ១៦ នៅលើពិភពលោក ពោលគឺ ស្ថិតក្នុងចំណោមប្រទេសកំពូលនៅលើពិភពលោក។ ទាក់ទងនឹងទំហំសេដ្ឋកិច្ច បច្ចុប្បន្នយើងស្ថិតនៅលំដាប់ទី ៣២។ ដូច្នេះ វៀតណាមមានគម្លាតដ៏ធំមួយ ដើម្បីនាំទំហំសេដ្ឋកិច្ចឲ្យស្មើគ្នានឹងចំណាត់ថ្នាក់ចំនួនប្រជាជន។ ប្រសិនបើយើងអាចសម្រេចបានគោលដៅនោះ ហើយគោលនយោបាយថ្មីៗនេះ សុទ្ធតែឆ្ពោះទៅរកគោលដៅនេះមែន។ ប្រសិនបើយើងអាចដើរយ៉ាងឆាប់រហ័សក្នុងដំណាក់កាលនេះ ដោយយកឈ្នះលើអន្ទាក់ចំណូលមធ្យម យើងអាចចូលទៅក្នុងក្រុមសេដ្ឋកិច្ចកំពូលទាំង ២០ នៅលើពិភពលោក”។

ប្រៀបខ្លាំងនៃចំនួនប្រជាជន នឹងក្លាយជាកម្លាំងនៅពេលដែលវាត្រូវបានប្រែក្លាយទៅជាផលិតភាព គុណភាពធនធានមនុស្ស និងសមត្ថភាពនវានុវត្តន៍។ នេះក៏ជាលក្ខខណ្ឌមួយសម្រាប់ប្រទេសវៀតណាមដើម្បីយកឈ្នះលើអន្ទាក់ចំណូលមធ្យម លើកកំពស់ឋានៈរបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល ហើយសម្រេចបាននូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥៕