ទោះជាយ៉ាងណាក៏ដោយ លក្ខខណ្ឌដែលដាក់ចេញដោយទីក្រុងមូស្គូនិងទីក្រុងគៀវ បានបង្ហាញថា ផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងយូរអង្វែងដើម្បីបញ្ឈប់ជម្លោះ ដែលបានអូសបន្លាយរយៈពេលជាងបួនឆ្នាំកន្លងមក នៅតែមានបញ្ហាប្រឈមជាច្រើន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃទី ២៣ ខែតុលា បានបញ្ជាក់ថា អ្នកចរចាសន្តិភាពមកពីអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក បានឯកភាពរៀបចំកិច្ចប្រជុំបច្ចេកទេស នៅពាក់កណ្តាលទីមួយនៃខែវិច្ឆិកា នៅទីក្រុងអាប៊ូដាប៊ី (អេមីរ៉ាតអារ៉ាប់រួម)។ បន្ទាប់នោះ នៅថ្ងៃទី ២៧ ខែតុលា មេដឹកនាំនៃប្រទេសណ័រឌីកទាំងពីរ គឺន័រវេស និងហ្វាំងឡង់ បានធ្វើការសន្ទនាតាមទូរស័ព្ទដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

សញ្ញាវិជ្ជមាន

ការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Stoere និងប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីជំនួបដ៏សំខាន់រវាងអ៊ុយក្រែននិងសម្ព័ន្ធមិត្តរបស់ខ្លួននៅថ្ងៃទី ២០ ខែតុលា នៅទីក្រុងអូស្លូ (ន័រវេស)។ ដូច្នេះ នេះគឺជាឱកាសសម្រាប់បណ្តាប្រទេសអឺរ៉ុប និងរុស្ស៊ី ដើម្បីផ្លាស់ប្តូរសារដោយផ្ទាល់នៅកម្រិតខ្ពស់បំផុត។ នេះជាអ្វីដែលប្រទេសអឺរ៉ុបនានាតែងតែបដិសេធមិនធ្វើចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅឆ្នាំ ២០២២ មក។ ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានមានប្រសាសន៍ថា៖

«ការផ្លាស់ប្តូរជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រព្រឹត្តទៅដោយវិជ្ជាជីវៈ និងស្មោះត្រង់។ បច្ចុប្បន្ននេះ យើងបានបើកផែនទីបង្ហាញផ្លូវ សម្រាប់ជំនួបរវាងសហរដ្ឋអាមេរិក អ៊ុយក្រែន រុស្ស៊ី និងភាគីអឺរ៉ុប នៅទីក្រុងអាប៊ូដាប៊ី ក្នុងខែវិច្ឆិកា។ ខ្ញុំ និងនាយករដ្ឋមន្ត្រីន័រវេស ជឿជាក់ថា រឿងសំខាន់ដែលប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ដូចជាហ្វាំងឡង់ និងន័រវេស ត្រូវបញ្ជាក់អំពីបញ្ហាដែលអាចនាំទៅការយល់ច្រឡំណាមួយ ព្រមទាំងបញ្ជូនសារដោយផ្ទាល់ពីទស្សនៈនៃប្រទេសណ័រឌីកនានា ជាពិសេសពីហ្វាំងឡង់ និងន័រវេស ទៅកាន់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី»។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ការផ្លាស់ប្តូរផ្នែកការទូតគួរឱ្យកត់សម្គាល់ពីអ៊ុយក្រែន និងអឺរ៉ុប កើតចេញពីការពិតដែលថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសំខាន់បំផុតរបស់អ៊ុយក្រែន (និងអឺរ៉ុប) បានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយចាប់ផ្តើមជាមួយនឹងកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅថ្ងៃទី១០ ខែតុលា បន្ទាប់មកគឺការលើកលែងការអនុវត្តច្បាប់ Lindsey Graham របស់សហរដ្ឋអាមេរិកស្តីពីទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ហើយចុងក្រោយគឺកិច្ចប្រជុំកំពូលដែលបានគ្រោងទុករវាងមហាអំណាចទាំងបី គឺសហរដ្ឋអាមេរិក រុស្ស៊ី និងចិន នៅចុងខែវិច្ឆិកា ដែលអាចប៉ះពាល់យ៉ាងខ្លាំងទៅលើរចនាសម្ព័ន្ធសន្តិសុខសកល រួមទាំងអឺរ៉ុបផងដែរ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា៖

«អ៊ុយក្រែនត្រូវតែ​​ចង់​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ ព្រោះ​សហរដ្ឋអាមេរិក​បាន​ចំណាយ​ទឹកប្រាក់ដ៏ធំសម្បើម​ ហើយ​អឺរ៉ុប​ក៏​បាន​ចំណាយ​ទឹកប្រាក់ដ៏ធំសម្បើម​​ផងដែរ។ ហើយ​ឥឡូវនេះ អឺរ៉ុប​បានធុញទ្រាន់​នឹង​រឿងនេះ​ហើយ។ ពួកគេ​ពិតជា​ធុញទ្រាន់​ណាស់។ ហើយ​ប្រសិនបើ​អ៊ុយក្រែន មិន​សម្រេច​បាន​កិច្ចព្រមព្រៀង​ទេ នោះ​តាម​គំនិត​របស់ខ្ញុំ ស្ថានភាព​នឹង​កាន់តែ​អាក្រក់​ទៅៗ​នៅ​ទីបញ្ចប់»។

សុទិដ្ឋិនិយម​ប្រុងប្រយ័ត្ន

មិន​ឈប់​នៅ​ផ្នែក​ការទូត​ទេ នៅ​សមរភូមិ រុស្ស៊ីនិង​អ៊ុយក្រែន​ក៏​កំពុង​បង្ហាញពីកាយវិកាវិជ្ជមាន​ផងដែរ។ ចាប់ពី​ថ្ងៃទី ២៧ ខែតុលា ដល់​ថ្ងៃទី ១ ខែវិច្ឆិកា ភាគី​ទាំងពីរ​បាន​អនុវត្តន៍​បទឈប់បាញ់​នៅ Olesky (ភាគ​ខាងកើត​អ៊ុយក្រែន) ដើម្បី​បើកផ្លូវ​សម្រាប់​ប្រតិបត្តិការ​មនុស្សធម៌ ការ​ជួយសង្គ្រោះ​វេជ្ជសាស្ត្រ និង​ការ​ជម្លៀស​ជនស៊ីវិល​ដែល​ជាប់​នៅ​ក្នុង​ទីក្រុង។

ជាមួយនឹង​សញ្ញា​វិជ្ជមាន​នៅ​ផ្នែក​ការទូត (និង​ក្នុង​កម្រិត​ជាក់ស្ដែងមួយ​នៅ​សមរភូមិ) សំណួរ​ឥឡូវនេះ​គឺ​ថា តើ​យើង​គួរ​តែទន្ទឹងរង់ចាំ​វឌ្ឍនភាព​ពិតប្រាកដ​ក្នុង​ការចរចា​រវាង​ភាគី​នានា​នៅ​ខែវិច្ឆិកា​ដែរឬទេ? ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់នៅថ្ងៃទី២៥ ខែតុលាថា នៅក្នុងដំណើរការចរចាដើម្បីបញ្ឈប់ជម្លោះជាមួយរុស្ស៊ី ទីក្រុងគៀវនឹងមិនទទួលយកលក្ខខណ្ឌទាក់ទងនឹងអព្យាក្រឹតភាព និងការកំណត់ទំហំកងទ័ពនោះទេ ហើយបានសង្កត់ធ្ងន់ថា បញ្ហាដែនដីអាចត្រូវបានដោះស្រាយបានតែនៅកម្រិតថ្នាក់ដឹកនាំខ្ពស់បំផុតប៉ុណ្ណោះ។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តែងតែសង្កត់ធ្ងន់លើការដោះស្រាយមូលហេតុឫសគល់នៃជម្លោះ និងធានារចនាសម្ព័ន្ធសន្តិសុខយូរអង្វែងនៅអឺរ៉ុប។

"យើងបានឯកភាពគ្នាថា ភាគីទាំងពីរបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជំនួបត្រីភាគី (សហរដ្ឋអាមេរិក-រុស្ស៊ី-អ៊ុយក្រែន)។ គោលដៅនៃជំនួបនេះគឺដើម្បីពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងរុស្ស៊ី បន្ទាប់សម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងក្នុងទម្រង់ពេញលេញ មិនគ្រាន់តែជាលទ្ធផលនៃការឈប់បាញ់រយៈពេលខ្លីនោះទេ។ យើងត្រៀមខ្លួនរួចជាស្រេចបន្តជំនួបប្រាស្រ័យ ដើម្បីសម្រេចបាននូវគោលដៅនោះ"។

យោងតាមការរំពឹងទុក ក្រុមចរចារបស់រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងជួបគ្នានៅទីក្រុងអាប៊ូដាប៊ី នៅពាក់កណ្តាលទីមួយនៃខែវិច្ឆិកា។ ប្រសិនបើការពិភាក្សាកម្រិតបច្ចេកទេសមានវឌ្ឍនភាព ភាគីនានាអាចបន្តកិច្ចប្រជុំរវាងមេដឹកនាំ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលនៅសេសសល់។ សញ្ញាវិជ្ជមានមួយទៀតគឺថា រុស្ស៊ីបានស្វាគមន៍ចំពោះលទ្ធភាពដែលសហភាពអឺរ៉ុប (EU) បញ្ជូនបេសកជនពិសេសឲ្យចូលរួមជំរុញដំណោះស្រាយដោយសន្តិវិធី៕