ចាប់ពីការបង្កើនល្បឿននៃការបើកចំណាយដើមទុនវិនិយោគសាធារណៈ និងការលុបបំបាត់ឧបសគ្គសម្រាប់អាជីវកម្ម រហូតដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍកត្តាជំរុញកំណើនថ្មី តំបន់នីមួយៗកំពុងទាញយកអត្ថប្រយោជន៍របស់ខ្លួនយ៉ាងសកម្ម។ នេះក៏ជាសារសំខាន់ដែលត្រូវបានរដ្ឋាភិបាលគូសបញ្ជាក់នៅក្នុងសន្និសីទជាមួយតំបន់នានា លើសេណារីយ៉ូកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ ដែលបានធ្វើឡើងនៅថ្ងៃទី ៤ ខែកក្កដា។
យោងតាមស្ថានភាពជាក់ស្តែងបានបង្ហាញថា សក្តានុពលអភិវឌ្ឍន៍របស់តំបន់នីមួយៗគឺខុសគ្នា។ ដូច្នេះ ប្រការសំខាន់គឺមិនត្រូវអនុវត្តគំរូទូទៅទេ ប៉ុន្តែត្រូវបង្កើនអត្ថប្រយោជន៍ដោយឡែកបានច្រើនបំផុត ខណៈពេលដែលផ្តោតលើការលុបបំបាត់ឧបសគ្គដែលរារាំងកំណើន។ តំបន់ជាច្រើនបានដាក់ចេញការប្តេជ្ញាចិត្ត និងដំណោះស្រាយជាក់ស្តែង សម្រាប់ដំណាក់កាលបង្កើនល្បឿននៅក្នុងប៉ុន្មានខែចុងឆ្នាំនេះ។
តំបន់នីមួយៗមានដំណោះស្រាយផ្ទាល់ខ្លួន ដែលទាំងអស់សុទ្ធតែមានគោលបំណងឆ្ពោះទៅរកគោលដៅរួម
ខេត្តថាញ់ហ័របានកំណត់ឧស្សាហកម្ម នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថលជាកត្តាជំរុញកំណើនថ្មី។ រួមជាមួយនឹងការពន្លឿនវឌ្ឍនភាពនៃគម្រោងធំៗ ប្រមាណ ១៥ ដែលមានទុនវិនិយោគសរុបជាង ៣៥.០០០ ពាន់លានដុង (១,៣៣ ពាន់លានដុល្លារអាមេរិក) ដែលនឹងចាប់ផ្តើមដំណើរការនៅឆ្នាំនេះ តំបន់ក៏កំពុងកែលម្អយន្តការដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម កសាងតំបន់បច្ចេកវិទ្យាខ្ពស់ និងលើកកម្ពស់គម្រោងថាមពលយុទ្ធសាស្ត្រ។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តថាញ់ហ័រ លោកង្វៀន ហ័យ អាញ់ បានថ្លែងថា៖
"ថាញ់ហ័របន្តលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនេះ ហើយបានបង្ហើយគម្រោងពីរអំពីក្រុមហ៊ុននវានុវត្តន៍ និងមូលនិធិមូលធនបណ្តាក់ទុន ដោយមានគោលបំណងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍចាប់ផ្តើមអាជីវកម្ម។ ខេត្តកំពុងពន្លឿនផែនទីបង្ហាញផ្លូវសម្រាប់កសាងតំបន់បច្ចេកវិទ្យាខ្ពស់ និងរៀបចំផែនការគំរូសេដ្ឋកិច្ចឌីជីថល។ ក្នុងពេលជាមួយគ្នានេះ ខេត្តនឹងអនុវត្តគម្រោងសម្រាប់ទុនបម្រុងប្រេងឆៅ និងប្រេងកាតពាណិជ្ជកម្មជាតិនៅក្នុងខេត្តក្នុងពេលឆាប់ៗនេះ"។
ក្នុងពេលជាមួយគ្នានោះ ខេត្តសឺនឡា បានជ្រើសរើសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការទាក់ទាញការវិនិយោគជាកម្លាំងជំរុញសម្រាប់កំណើន។ ពោលគឺ ខេត្តមានគោលបំណងទាក់ទាញដើមទុនវិនិយោគជាង ៥០.០០០ ពាន់លានដុង (១,៩ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ៦ខែចុងឆ្នាំនេះ ខណៈពេលដែលក៏លើកកម្ពស់គម្រោងថាមពល និងការតភ្ជាប់ដឹកជញ្ជូនក្នុងតំបន់ ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរយៈពេលវែង។
សម្រាប់ខេត្តហាទីញ អាទិភាពចម្បងគឺការបើកទូលាយធនធាន។ ក្រៅពីការបង្កើនល្បឿនការវិនិយោគសាធារណៈ និងគម្រោងក្រៅថវិកា ខេត្តផ្តោតលើការអនុវត្តគម្រោងដែលភ្ជាប់ការអភិវឌ្ឍឧស្សាហកម្មជាមួយនឹងការធានាសន្តិសុខថាមពល។ ប្រធានគណៈកម្មាធិការប្រជាជនខេត្តហាទីញ លោក ផាន ធៀន ឌីញ បានថ្លែងថា៖
"ខេត្តហាទីញនឹងគាំទ្រដល់ការបង្កើនល្បឿនអតិបរមានៃគម្រោងផលិតកម្មឧស្សាហកម្ម ដោយបង្កើតធនធានកំណើនថ្មីសម្រាប់ឆ្នាំបន្តបន្ទាប់។ យើងនឹងបន្តដោះស្រាយគម្រោងដែលជាប់គាំងជាយូរមកហើយ ដើម្បីបើកទូលាយធនធានអភិវឌ្ឍន៍។ យើងនឹងអនុវត្តគម្រោងថាមពលយ៉ាងឆាប់រហ័សនៅក្នុងផែនការថាមពលទី ៨ ដោយភ្ជាប់កំណើនជាមួយនឹងភារកិច្ចធានាសន្តិសុខថាមពល និងបំពេញតម្រូវការអគ្គិសនីរបស់គម្រោងឧស្សាហកម្មធំៗ។ ក្នុងពេលជាមួយគ្នានេះ ខេត្តក៏នឹងលើកកម្ពស់តំបន់សេដ្ឋកិច្ច វូងអាង ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មដែកថែប និងឧស្សាហកម្មកែច្នៃ យ៉ាងខ្លាំងក្លាផងដែរ”។
ចំណែកឯខេត្ត យ៉ាឡាយ បានកំណត់យកវិស័យកសិកម្មទ្រង់ទ្រាយធំ និងការវិនិយោគឯកជនជាកត្តាជំរុញកំណើនដ៏សំខាន់នៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយខិតខំសម្រេចបាននូវគោលដៅកំណើន ១០,២% នៅក្នុងឆ្នាំ ២០២៦។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត យ៉ាឡាយ លោក ហ្វាម អាញ់ ទួន បានបញ្ជាក់ថា៖
"ទាក់ទងនឹងវិស័យកសិកម្ម ខេត្តកំពុងផ្តោតលើការរៀបចំផែនការប្រើប្រាស់ដីធ្លីឡើងវិញ ដើម្បីអភិវឌ្ឍតំបន់វត្ថុធាតុដើមទ្រង់ទ្រាយធំនៅភាគខាងលិច នៃខេត្តយ៉ាឡាយ។ យើងកំពុងផ្តោតលើការអនុវត្តគម្រោងចំនួន ៤០៥ ដែលបានទទួលការអនុម័តវិនិយោគ ដែលមានដើមទុនសរុបជាង ៣៥០.០០០ ពាន់លានដុង។ ប្រសិនបើគម្រោងទាំងនេះត្រូវបានពន្លឿន និងបញ្ចប់មុនកាលកំណត់ គោលដៅនៃការសម្រេចបាននូវគោលដៅកំណើន ១០% នៅឆ្នាំនេះ និងសម្រាប់រយៈពេលទាំងមូលនឹងអាចសម្រេចបានជាពុំខាន។ យើងកំពុងផ្តោតលើការចែកចាយដើមទុនវិនិយោគសាធារណៈយ៉ាងសកម្ម ដើម្បីធានាសម្រេចបានចំនួន ១០០% នៃដើមទុនត្រូវបានចំណាយ”។
ទាញយកប្រៀបខ្លាំងដោយឡែក បង្កើតកម្លាំងពលំសម្រាប់ខឿនសេដ្ឋកិច្ចទាំងមូល
ចំណុចរួមមួយនៅក្នុងផែនការសកម្មភាពរបស់មូលដ្ឋាននានា គឺផ្តោតលើការបើកទូលាយធនធានវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អបរិយាកាសអាជីវកម្ម និងបង្កើតកម្លាំងជំរុញកំណើនថ្មីៗ។ ទាំងនេះក៏ជាកត្តាដែលរដ្ឋាភិបាលបានកំណត់ថា ជាការកំណត់សមត្ថភាពក្នុងការសម្រេចបាននូវគោលដៅកំណើនសម្រាប់សេដ្ឋកិច្ចទាំងមូល។
ក្នុងនាមជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ទីក្រុងហូជីមិញបន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរក្សាតួនាទីនាំមុខគេរបស់ខ្លួន។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក ង្វៀន វ៉ាន់ ឌឿក បានថ្លែងថា៖
“ដើម្បីសម្រេចបានអត្រាកំណើនលើសពី ១០% ទីក្រុងត្រូវតែសម្រេចបានអត្រាកំណើន ១១-១១,៨% នៅក្នុងត្រីមាសទីបី។ ដូច្នេះ យើងត្រូវតែកៀរគរធនធានទាំងអស់ពីការវិនិយោគឯកជនទៅក្នុង GRDP ហើយប្តេជ្ញាចិត្តក្នុងការបើកចំណាយដើមទុន ១០០% នៃផែនការវិនិយោគសាធារណៈ។ រួមជាមួយនឹងការបើកចំណាយដើមទុនរបស់គម្រោងវិនិយោគ PPP (ភាពជាដៃគូសាធារណៈ-ឯកជន) យើងនឹងសម្រេចបានអត្រាកំណើន ១០% នៅចុងឆ្នាំដូចដែលបានសន្យាជាមួយមជ្ឈិម។ ទីក្រុងនឹងអនុម័តជាបន្ទាន់នូវផែនការមេរបស់ទីក្រុងនៅក្នុងខែតុលា ដើម្បីអនុវត្តន៍ផែនការទាក់ទាញការវិនិយោគក្នុងរយៈពេលខាងមុខ ដើម្បីគាំទ្រដល់កំណើននេះ"។
គោលដៅកំណើនពីរខ្ទង់គឺជាបញ្ហាប្រឈមមួយ ប៉ុន្តែក៏ជាកម្លាំងចលករសម្រាប់តំបន់នានាក្នុងការច្នៃប្រឌិតការត្រិះរិះ បើកទូលាយប្រភពធនធាន និងពង្រីកប្រៀបខ្លាំងនៃការអភិវឌ្ឍជាអតិបរមា។ ការប្តេជ្ញាចិត្ត និងសកម្មភាពធ្វើសមកាលកម្មរបស់តំបន់នានាគឺមានសារៈសំខាន់ណាស់។ វិធីសាស្រ្តនេះមិនត្រឹមតែដាក់គ្រឹះសម្រាប់ការសម្រេចបាននូវគោលដៅកំណើនប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់រូបភាពរបស់វៀតណាមមួយដែលម្ចាស់ការធ្វើកំណែទម្រង់ ស្វាហាប់ និងជាគោលដៅវិនិយោគដ៏ទាក់ទាញនៅក្នុងតំបន់ផងដែរ៕
