ដំណាក់កាលនីមួយៗ បានដាក់ចេញតម្រូវការថ្មីមួយ អំពីរបៀបបំផុសកម្លាំងពលំរបស់ប្រជាជាតិ ព្រមទាំងចាប់យកឱកាសដែលសម័យកាលនាំមកជូន។ បច្ចុប្បន្ននេះ នៅពេលដែលប្រទេសវៀតណាមចូលដល់យុគសម័យថ្មីជាមួយនឹងសេចក្តីប្រាថ្នាឈានឡើងយ៉ាងខ្លាំងក្លា តម្រូវការនោះនៅតែបន្ត ប៉ុន្តែស្ថិតនៅកម្រិតខុសគ្នា។
កម្លាំងផ្ទៃក្នុងជាគ្រឹះ កម្លាំងខាងក្រៅជាគំនាស់ កិច្ចការបរទេសជាស្ពាន
ក្រោយរយៈពេល ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ប្រទេសវៀតណាមបានកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចសង្គមកាន់តែរឹងមាំ ព្រមទាំងលើកកំពស់ឋានៈ និងពង្រីកបណ្តាញទំនាក់ទំនងបរទេសរបស់ខ្លួនផងដែរ។ នេះគឺជាលក្ខខណ្ឌដែលអនុញ្ញាតឱ្យវៀតណាមអាចឆ្លៀតយកឱកាសពីខាងក្រៅបានកាន់តែប្រសើរឡើង។ អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក ផាម ក្វាងវិញ បានចាត់ទុកថា៖
“ក្រោយរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី យើងសម្រេចបានការអភិវឌ្ឍជាធម្យមនៅកម្រិតខ្ពស់ ដែលត្រូវបានទទួលស្គាល់ថា ជាសេដ្ឋកិច្ចដែលមានកម្រិតអភិវឌ្ឍន៍ខ្ពស់។ ទីពីរ ក្បាលម៉ាស៊ីន និងសេដ្ឋកិច្ចរបស់វៀតណាមបានប្រសើរឡើង ឋានៈត្រូវបានលើកកម្ពស់ ហើយទំនាក់ទំនងការបរទេសរបស់វៀតណាម កាន់តែមានភាពម្ចាស់ការផងដែរ។ ទាំងអស់នេះផ្តល់ឱ្យវៀតណាមនូវសមត្ថភាពក្នុងការឆ្លៀតយកឱកាសកាន់តែច្រើនពីខាងក្រៅ។”
ទោះជាយ៉ាងណាក៏ដោយ កម្លាំងពីខាងក្រៅ អាចក្លាយជាកម្លាំងចលករបាន លុះត្រាតែកម្លាំងផ្ទៃក្នុងមានភាពរឹងមមាំគ្រប់គ្រាន់ដើម្បីស្រូបយកនិងបំលែងវា។ ដូច្នេះ ការធ្វើសមាហរណកម្មនៅក្នុងដំណាក់កាលបច្ចុប្បន្នមិនត្រឹមតែជាការទាក់ទាញដើមទុន ការវិនិយោគ ឬការពង្រីកទីផ្សារប៉ុណ្ណោះទេ ថែមទាំងត្រូវស្វែងរកចំណេះដឹង បច្ចេកវិទ្យា ទេពកោសល្យ និងបទពិសោធន៍អភិបាលកិច្ចទៀតផង។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ នៅក្នុងសន្និសីទការទូតលើកទី ៣៣ យ៉ាងដូច្នេះថា៖
“ឱកាសខាងក្រៅ ក្លាយជាធនធានតែនៅពេលដែលកម្លាំងផ្ទៃក្នុងត្រូវបានត្រៀមរួចជាស្រេច។ ការទូតមិនគ្រាន់តែជាការស្វែងរកដើមទុនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវស្វែងរកចំណេះដឹង មនុស្សមានទេពកោសល្យ និងវិធីសាស្ត្រល្អៗ ដោយនាំយកចំណេះដឹង និងបច្ចេកវិទ្យាសមស្របត្រឡប់មកប្រទេសវិញ។ លទ្ធផលនៃកិច្ចការបរទេសមិនគួរវាស់វែងដោយចំនួននៃដំណើរទស្សនកិច្ច កិច្ចប្រជុំ ឬកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានោះទេ ប៉ុន្តែត្រូវពិនិត្យថា តើបរិយាកាសសន្តិភាពត្រូវបានពង្រឹងដែរឬទេ តើផលប្រយោជន៍ជាតិត្រូវបានការពារដែរឬទេ តើទំនាក់ទំនងជាមួយដៃគូមានភាពស៊ីជម្រៅ និងប្រកបដោយចីរភាពដែរឬទេ។ តើការប្តេជ្ញាចិត្តណាខ្លះត្រូវបានបំពេញ តើចំណុចកកស្ទះណាខ្លះត្រូវបានដោះស្រាយ តើធនធានណាខ្លះត្រូវបាននាំមក ហើយតើប្រជាជន និងអាជីវកម្មត្រូវបានបម្រើកាន់តែប្រសើរឡើងដែរឬទេ។”
រង្វាស់នៃការធ្វើសមាហរណកម្មក៏កំពុងផ្លាស់ប្តូរផងដែរ។ វាមិនត្រឹមតែជាចំនួនដើមទុនដែលត្រូវបានទាក់ទាញ ឬចំនួនកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺ តើធនធានខាងក្រៅជួយបង្កើនផលិតភាព សមត្ថភាពប្រកួតប្រជែង សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគុណភាពធនធានមនុស្សក្នុងស្រុកដែរឬទេ។ លោកឯកអគ្គរដ្ឋទូត ង្វៀន ក្វាងខាយ បានធ្វើអត្ថាធិប្បាយថា៖
“នៅក្នុងបរិបទពិភពលោកដែលមានភាពមិនប្រាកដប្រជាជាច្រើន ប្រទេសមួយអាចមានភាពរឹងមាំពិតប្រាកដ លុះត្រាតែវាមានទាំងកម្លាំងផ្ទៃក្នុងដ៏រឹងមាំ និងសមត្ថភាពដើម្បីប្រែក្លាយឱកាសពីខាងក្រៅទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប៉ុណ្ណោះ។ ប្រទេសវៀតណាមត្រូវពង្រឹងសមត្ថភាពជាតិដែលបម្រើជាមូលដ្ឋានគ្រឹះស្នូល។ បន្តពង្រឹងកម្លាំងផ្ទៃក្នុងនៃសេដ្ឋកិច្ច លើកកំពស់ផលិតភាព សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងគុណភាពធនធានមនុស្ស។ ខ្ញុំចាត់ទុកថា ប្រទេសមួយអាចសម្រេចបាននូវភាពខ្លួនទីពឹងខ្លួន លុះត្រាតែវាមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ និងសមត្ថភាពប្រកួតប្រជែងខ្ពស់។”
ការបំលែងទៅជាគម្រោងនិងអត្ថប្រយោជន៍ជាក់ស្តែង
ប្រការនេះមានសារៈសំខាន់ពិសេសនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលកិច្ចសហប្រតិបត្តិការអន្តរជាតិអាចជួយប្រទេសវៀតណាមឱ្យទទួលបានចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗបានលឿនជាងមុន។ លោក Gonzalo Serrano de la Rosa អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការនៃបេសកកម្មសហភាពអឺរ៉ុបប្រចាំវៀតណាម បានធ្វើអត្ថាធិប្បាយថា៖
“ការដែលប្រទេសវៀតណាមឲ្យតម្លៃដល់ការវិនិយោគលើការស្រាវជ្រាវ និងនវានុវត្តន៍នៅកម្រិតអភិវឌ្ឍន៍បច្ចុប្បន្ន គឺគួរឱ្យកត់សម្គាល់ណាស់។ ថ្មីៗនេះ វៀតណាមបានចេញផ្សាយសេចក្តីសម្រេចចិត្ត ដែលបែងចែក ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ការស្រាវជ្រាវ និងនវានុវត្តន៍។ កាលពីខែឧសភាកន្លងទៅ យើងបានទៅទស្សនាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីរបស់វៀតណាមដែលកំពុងសហប្រតិបត្តិការជាមួយអឺរ៉ុប ហើយយើងក៏កំពុងរៀបចំផែនការសហប្រតិបត្តិការជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ដោយបង្កើនសក្តានុពលរបស់វៀតណាមឱ្យបានអតិបរមាផងដែរ។”
ភាពខ្លួនទីពឹងខ្លួនក្នុងសមាហរណកម្ម មានន័យថាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជ្រើសរើស ទទួល និងធ្វើជាម្ចាស់លើធនធានល្អបំផុតពីខាងក្រៅ។ កម្លាំងផ្ទៃក្នុងកាន់តែរឹងមាំ សមត្ថភាពក្នុងការទាក់ទាញ និងប្រើប្រាស់ធនធានខាងក្រៅកាន់តែមានប្រសិទ្ធភាព។ ធនធានខាងក្រៅដែលបានបំលែងយ៉ាងល្អ ត្រឡប់ធ្វើឲ្យកម្លាំងផ្ទៃក្នុងកាន់តែសម្បូរបែបបន្ថែមទៀត។ នេះគឺជាដំណើរការគាំទ្រគ្នាទៅវិញទៅមក ដែលកិច្ចការបរទេសដើរតួនាទីតភ្ជាប់ និងនាំយកធនធានអន្តរជាតិមកបម្រើគោលដៅអភិវឌ្ឍន៍ក្នុងស្រុក។
កម្លាំងផ្ទៃក្នុងគឺជាមូលដ្ឋានគ្រឹះ កម្លាំងខាងក្រៅគឺជាកម្លាំងចលករបំពេញបន្ថែម ហើយកិច្ចការបរទេសគឺជាស្ពានតភ្ជាប់។ នៅពេលដែលកត្តាទាំងបីនេះត្រូវបានតភ្ជាប់គ្នា និងប្រើប្រាស់ដោយស៊ីសង្វាក់គ្នា ប្រទេសវៀតណាមនឹងប្រែក្លាយឱកាសទៅជាធនធាន និងសមត្ថភាព ដោយបង្កើតឋានៈនិងកម្លាំងបន្ថែមដើម្បីឈានចូលយុគសម័យថ្មីប្រកបដោយទំនុកចិត្ត៕
