ផែនការដាក់ពង្រាយបណ្តាញអ្នកជំនាញ AI វៀតណាមសកល ដែលទើបតែបានប្រកាសថ្មីៗនេះដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានបង្ហាញពីវិធីអភិក្រមថ្មីមួយក្នុងការកៀរគរធនធានជនវៀតណាមនៅបរទេស។

បណ្តាញអ្នកជំនាញបញ្ញាសិប្បនិម្មិតវៀតណាមសកលកំពុងត្រូវបានបង្កើតឡើងដើម្បីក្លាយជាសហគមន៍អ្នកជំនាញដែលដំណើរការជាប្រចាំ ជាមួយនឹងការតភ្ជាប់ពិតប្រាកដ ផ្អែកលើគោលការណ៍បើកចំហ បត់បែន និងស្ម័គ្រចិត្ត។ អ្នកជំនាញអាចចូលរួមក្នុងភារកិច្ច គម្រោង ឬកម្មវិធីនីមួយៗ ដោយផ្ទាល់ ឬតាមអ៊ីនធឺណិត អាស្រ័យលើជំនាញ និងលក្ខខណ្ឌរបស់ខ្លួន ដើម្បីរួមចំណែកដល់វិស័យជាក់លាក់របស់ប្រទេសជាតិ។

យន្តការប្រកបដោយភាពបត់បែន តភ្ជាប់ជាមួយនឹងតម្រូវការជាក់ស្តែង

ដោយផ្អែកលើតម្រូវការជាក់ស្ដែងពីមូលដ្ឋាន និងសហគ្រាស បណ្តាញអាចសំយោគបញ្ហាធំៗ តភ្ជាប់អ្នកជំនាញសមស្រប ហើយបង្កើតក្រុមស្រាវជ្រាវ ឬក្រុមប្រឹក្សាយោបល់អន្តរផ្នែកនិងអន្តរអង្គការ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Tuan Hung គ្រូបង្រៀននៅសាកលវិទ្យាល័យ Tohoku ប្រទេសជប៉ុន បានចាត់ទុកថា៖

«ការបង្កើតបណ្តាញអ្នកជំនាញ AI គឺជាជំហានចាំបាច់មួយនៅក្នុងដំណាក់កាលបច្ចុប្បន្ន។ ប្រការដ៏សំខាន់ មិនត្រឹមតែជាការតភ្ជាប់មនុស្សដែលធ្វើការក្នុងវិស័យ AI ប៉ុណ្ណោះទេ ប៉ុន្តែបង្កើតយន្តការមួយដើម្បីរួមគ្នាដោះស្រាយបញ្ហាធំៗរបស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន។ ការបង្កើតបណ្តាញអ្នកវិទ្យាសាស្ត្រនឹងឆ្ពោះទៅរកគោលដៅចំនួនបួន៖ ការតភ្ជាប់អ្នកជំនាញនៅក្នុងនិងក្រៅប្រទេស ដើម្បីបង្កើតក្រុមស្រាវជ្រាវក្នុងវិស័យជាក់លាក់; ការចែករំលែកទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធ បទពិសោធន៍ស្រាវជ្រាវរវាងអ្នកវិទ្យាសាស្ត្រនៅក្នុងនិងក្រៅប្រទេស; ការបង្កើតគម្រោងអន្តរវិស័យរវាង AI និងវិស័យផ្សេងៗទៀត; ការគាំទ្រការបណ្តុះបណ្តាលអ្នកស្រាវជ្រាវវ័យក្មេង និងនិស្សិតតាមរយៈការណែនាំការស្រាវជ្រាវ»។

ក្រៅពីការតភ្ជាប់អ្នកវិទ្យាសាស្ត្រ បណ្តាញនេះក៏ឆ្ពោះទៅចែករំលែកទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធ និងបទពិសោធន៍ស្រាវជ្រាវ; បង្កើតគម្រោងអន្តរវិស័យរវាង AI និងវិស័យផ្សេងៗទៀត; គាំទ្រការបណ្តុះបណ្តាលអ្នកស្រាវជ្រាវវ័យក្មេងតាមរយៈយន្តការណែនាំការស្រាវជ្រាវ។ នេះជាចំណុចដែលធ្វើឱ្យបណ្តាញអ្នកជំនាញមានអត្ថន័យ ពីព្រោះការតភ្ជាប់មិនមែនជាគោលដៅនោះទេ ប៉ុន្តែជាមធ្យោបាយដើម្បីបង្កើតលទ្ធផល។ លោក Tran Phu Thuan អនុប្រធាន និងជាអគ្គលេខាធិការសហភាពសមាគមជនវៀតណាមនៅសហព័ន្ធរុស្ស៊ី បានសម្តែងការយល់ស្របជាមួយនឹងការផ្លាស់ប្តូរទស្សនៈនេះ។

“ប្រការមួយដែលយើងពេញចិត្តយ៉ាងខ្លាំង គឺការកសាងប្រព័ន្ធអេកូឡូស៊ីអាណិកជនវៀតណាមនៅជុំវិញពិភពលោក។ ការផ្លាស់ប្តូរនេះគឺជាស្នូល ដែលជួយបង្កើតបណ្តាញអាណិកជនលើទូទាំងពិភពលោក សម្រាប់ជំនាញនានា។ តាមនោះ ទាក់ទាញអ្នកវិទ្យាសាស្ត្រ សហគ្រាស សមាជិកសភា យុវជន ហើយនឹងរៀបចំសកម្មភាពដោយផ្អែកលើប្រធានបទជាក់លាក់នីមួយៗ”។

ប្រែក្លាយធនធានទៅជាសមត្ថភាពបច្ចេកវិទ្យាក្នុងស្រុក

នៅក្នុងយុគសម័យឌីជីថល នៅពេលដែលចម្ងាយភូមិសាស្ត្រលែងជាឧបសគ្គទៀតហើយ ធនធានបញ្ញារបស់អាណិកជន ដែលរួមចំណែកដល់ប្រទេសជាតិមិនចាំបាច់ចាប់ផ្តើមដោយការវិលត្រឡប់ទៅវៀតណាមវិញទេ។ បណ្តាញនេះ ឆ្ពោះទៅការនាំយក AI ទៅកាន់សាលារៀន អាជីវកម្ម និងវិស័យអាទិភាពនានា ដោយជំរុញការបណ្តុះបណ្តាល ការផ្ទេរចំណេះដឹង នវានុវត្តន៍ និងកម្មវិធី AI។ អ្នកជំនាញក៏អាចចូលរួមក្នុងការផ្តល់យោបល់លើបញ្ហាធំៗ អន្តរវិស័យ បញ្ហារយៈពេលវែង ឬបញ្ហាដែលមានសារៈសំខាន់ជាតិ។ តាមនោះ រួមចំណែកដល់ការបង្កើនសមត្ថភាពស្រាវជ្រាវអភិវឌ្ឍ និងសមត្ថភាពធ្វើម្ចាស់លើបច្ចេកវិទ្យា AI យុទ្ធសាស្ត្រ។ លោកបណ្ឌិត Nguyen Quang Phuoc ប្រធានប្រតិបត្តិបណ្តាញនវានុវត្តន៍វៀតណាមនៅកូរ៉េខាងត្បូង បានចាត់ទុកថា៖

“ប្រទេសវៀតណាមត្រូវផ្លាស់ប្តូរពីផ្នត់គំនិតផ្តល់ហិរញ្ញប្បទានដល់គម្រោងស្រាវជ្រាវ ទៅជាផ្នត់គំនិតវិនិយោគសម្រាប់ការដោះស្រាយបញ្ហា និងបង្កើតផលិតផលដែលមានទីផ្សារ។ នៅពេលកំណត់ភារកិច្ចស្រាវជ្រាវមួយ យើងគួរតែសួរខ្លួនឯងនូវសំណួរ ៣ តាំងពីដំបូងថា៖ តើអ្នកណាត្រូវការបច្ចេកវិទ្យានេះ? តើអ្នកណានឹងប្រើប្រាស់វា? ហើយតើអ្នកណាមានសមត្ថភាពនាំយកវាទៅកាន់ទីផ្សារ? ប្រសិនបើយើងអាចឆ្លើយសំណួរទាំងបីនេះតាំងពីដំបូង វានឹងបង្រួមគម្លាតរវាងការស្រាវជ្រាវនិងការធ្វើពាណិជ្ជកម្ម”។

ប្រទេសវៀតណាមមានសហគមន៍ជនវៀតណាមដែលមានវត្តមាននៅក្នុងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាធំៗជាច្រើននៅជុំវិញពិភពលោក។ នេះគឺជាធនធានដែលអាចបំពេញបន្ថែមសម្រាប់ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងស្រុក មិនត្រឹមតែដោយចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងដោយបទពិសោធន៍ស្រាវជ្រាវ បណ្តាញសហប្រតិបត្តិការ និងសមត្ថភាពទទួលបាននិន្នាការបច្ចេកវិទ្យាថ្មីៗទៀតផង។ ដូច្នេះ បណ្តាញអ្នកជំនាញ AI វៀតណាមជាសកល អាចបង្កើតវិធីសាស្រ្តតភ្ជាប់ដែលមានភាពបត់បែនជាងមុន៖ មិនចាំបាច់នាំមនុស្សដែលមានទេពកោសល្យត្រឡប់មកប្រទេសវិញទេ ប៉ុន្តែជាដំបូង គឺនាំយកចំណេះដឹង បទពិសោធន៍ និងការតភ្ជាប់របស់ពួកគេមករួមគ្នាដោះស្រាយបញ្ហារបស់ប្រទេសជាតិ និងបង្កើតតម្លៃថ្មីៗសម្រាប់ប្រទេសវៀតណាមជាមុនសិន៕