ក្នុងនោះ កត្តាដ៏សំខាន់មួយគឺការផ្លាស់ប្តូរជាបណ្ដើរៗនៃសួនឧស្សាហកម្ម ឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ឆ្លាតវៃ និងបៃតង ដើម្បីក្លាយជាគោលដៅសម្រាប់គម្រោង semiconductor បញ្ញាសិប្បនិម្មិត (AI) មជ្ឈមណ្ឌលទិន្នន័យ និងថាមពលកកើតឡើងវិញ។
សេចក្តីសម្រេចចិត្តលេខ ១០-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចដែលមានទុនវិនិយោគពីបរទេស បានកំណត់គោលដៅថា នៅឆ្នាំ ២០៣០ ៧៥% នៃទុន FDI នឹងមកពីសេដ្ឋកិច្ចអភិវឌ្ឍន៍ដែលមានបច្ចេកវិទ្យាខ្ពស់។ លក្ខណៈវិនិច្ឆ័យអន្តរជាតិសម្រាប់សួនឧស្សាហកម្មជំនាន់ថ្មី ត្រូវបានគេចាត់ទុកថា ជា "លិខិតឆ្លងដែន" ដើម្បីទាក់ទាញលំហូរទុន FDI ដែលមានគុណភាពខ្ពស់។ ប្រការនេះទាមទារឱ្យវៀតណាម ត្រូវបង្កើតសួនឧស្សាហកម្មជំនាន់ថ្មីយ៉ាងឆាប់រហ័ស ប្រសិនបើចង់បន្តទាក់ទាញលំហូរវិនិយោគនេះ។
សួនឧស្សាហកម្ម "កាន់តែបៃតង"៖ "គម្នាស់" ដើម្បីទាក់ទាញ FDI ដែលមានគុណភាពខ្ពស់
នៅក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងខ្លាំង ឆ្ពោះទៅរកការអភិវឌ្ឍបៃតងនោះ ឧស្សាហកម្មបៃតងមិនត្រឹមតែជានិន្នាការប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាប់បង្ខំសម្រាប់វៀតណាម ដើម្បីរក្សាកំណើនខ្ពស់ និងបំពេញតាមស្តង់ដារអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល។ ការផ្លាស់ប្តូរបៃតងត្រូវបានកំណត់យ៉ាងជាក់ស្ដែងដោយរដ្ឋាភិបាល នៅក្នុងសេចក្ដីសម្រេចលេខ ៣៥ ស្តីពីការគ្រប់គ្រងសួនឧស្សាហកម្ម និងសារាចរលេខ ៥ ឆ្នាំ២០២៥ ដែលណែនាំពីគំរូសួនឧស្សាហកម្មអេកូឡូស៊ី។ នេះគឺជាច្រករបៀងផ្លូវច្បាប់ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់មូលដ្ឋាននិងសហគ្រាសនានា ដើម្បីផ្លាស់ប្តូរពីគំរូសួនឧស្សាហកម្មប្រពៃណី ទៅជាគំរូប្រកបដោយចីរភាព។ លោកស្រីបណ្ឌិត ង្វៀន ត្រឹមអាញ អ្នកគ្រប់គ្រងជាតិនៃសួនឧស្សាហកម្មអេកូឡូស៊ីសកល បានថ្លែងថា៖
“សេចក្តីសម្រេចចិត្តលេខ ១០ របស់ការិយាល័យនយោបាយ ដែលទើបតែបានចេញផ្សាយថ្មីៗនេះ បានកំណត់គោលដៅដ៏ច្បាស់លាស់ថា នៅឆ្នាំ ២០៣០ សួនឧស្សាហកម្មចំនួន ១០% របស់វៀតណាមនឹងក្លាយជាសួនឧស្សាហកម្មអេកូឡូស៊ី។ នេះគឺជាសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ដែលបម្រើជាត្រីវិស័យសម្រាប់សួនឧស្សាហកម្ម ក្នុងការអភិវឌ្ឍ និងផ្លាស់ប្តូរទៅជាសួនឧស្សាហកម្មអេកូឡូស៊ី ហើយនៅលើគន្លងនោះ ការទាក់ទាញ FDI ក៏នឹងកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ”។
បច្ចុប្បន្ន ប្រទេសវៀតណាមមានសួនឧស្សាហកម្មជិត ៥០០ និងចង្កោមឧស្សាហកម្មជាង ១០០០។ ទោះជាយ៉ាងណាក៏ដោយ មានតែប្រហែល ១-២% នៃសួនឧស្សាហកម្មប៉ុណ្ណោះ ដែលបានអនុវត្តន៍ការផ្លាស់ប្តូរទៅតាមគំរូឧស្សាហកម្មអេកូឡូស៊ី។
ក្នុងពេលជាមួយគ្នានោះ ចំនួនសំណង់បៃតងនៅក្នុងសួនឧស្សាហកម្មបានបង្ហាញលទ្ធផលវិជ្ជមានជាង។ នៅឆ្នាំ ២០២៥ វៀតណាមមានសំណង់បៃតងប្រហែល ៣០០ នៅក្នុងសួនឧស្សាហកម្ម ហើយតួរលេខនេះបានកើនឡើងដល់ប្រហែល ៨០០ ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២៦។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង៖ សញ្ញាដ៏ខ្លាំងក្លាពីមូលដ្ឋាន
ការអភិវឌ្ឍសួនឧស្សាហកម្មជំនាន់ថ្មីលើមូលដ្ឋានបៃតង និងឌីជីថល គឺជាទិសដៅដែលមិនអាចចៀសផុតបាន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វៀតណាម។ ថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ហូ គុកយុង (Ho Quoc Dung) បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១០៦១ ស្តីពីការពង្រីកនិងចេញផ្សាយបទប្បញ្ញត្តិប្រតិបត្តិការនៃតំបន់បច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ (ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦)។ គួរឲ្យកត់សម្គាល់ សម្រាប់តំបន់ដែលបានពង្រីក គោលដៅគឺសម្រេចបានអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០ ស្របតាមការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព។ ប្រព័ន្ធស្ថាបត្យកម្ម ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធសង្គមនៃតំបន់បច្ចេកវិទ្យាខ្ពស់ត្រូវតែរចនាឡើងឱ្យមានលក្ខណៈស៊ីសង្វាក់គ្នា ទំនើប មិនប៉ះពាល់ដល់បរិស្ថាន មានសោភ័ណភាពខ្ពស់ ដោយរួមបញ្ចូលការគ្រប់គ្រងឆ្លាតវៃ បំពេញតាមស្តង់ដារទីក្រុងឆ្លាតវៃ និងធានាបាននូវការតភ្ជាប់ងាយស្រួលជាមួយតំបន់ជុំវិញ។
ក្នុងពេលជាមួយគ្នានោះ ក្នុងនាមជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសទាំងមូល ទីក្រុងដុងណាយ កំពុងដាក់ចេញគោលដៅមានសួនឧស្សាហកម្មយ៉ាងហោចណាស់ចំនួនពីរ ដែលត្រូវបានទទួលស្គាល់ជាសួនឧស្សាហកម្មអេកូឡូស៊ីនៅឆ្នាំ ២០៣០ ហើយយ៉ាងហោចណាស់ ១០% នៃសហគ្រាសនៅក្នុងសួនឧស្សាហកម្មទាំងនេះអនុវត្តន៍ដំណោះស្រាយសម្រាប់ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងផលិតកម្មស្អាតជាងមុន។ លោក ផាម វៀតភឿង អនុប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចទីក្រុងដុងណាយ បានឲ្យដឹងថា៖
“ទីក្រុងដុងណាយផ្តល់អាទិភាពដល់ការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព ជាពិសេសការផ្លាស់ប្តូរសួនឧស្សាហកម្មដែលមានស្រាប់ ក៏ដូចជាវិនិយោគលើសួនឧស្សាហកម្មថ្មីៗ ឲ្យស្របតាមគំរូសួនឧស្សាហកម្មអេកូឡូស៊ី សួនឧស្សាហកម្មបៃតង និងសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ នេះមិនត្រឹមតែជានិន្នាការជៀសមិនរួចនៅក្នុងដំណើរការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាតម្រូវការបន្ទាន់នៅក្នុងបរិបទដែលទីផ្សារធំៗលើពិភពលោក កំពុងរឹតបន្តឹងស្តង់ដារទាក់ទងនឹងបរិស្ថាន ការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការប្រតិបត្តិ ESG សម្រាប់ទំនិញនាំចេញ ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។ សហគ្រាសបរទេសកាន់តែយកចិត្តទុកដាក់ដល់លទ្ធភាពទទួលបានថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធបៃតង និងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មប្រកបដោយចីរភាព នៅពេលជ្រើសរើសគោលដៅវិនិយោគ”។
ការដែលប្រទេសវៀតណាម ជំរុញគំរូសួនឧស្សាហកម្មអេកូឡូស៊ី មិនត្រឹមតែជួយសម្រេចគោលដៅនៃសេចក្តីសម្រេចចិត្តលេខ ១០-NQ/TW ក្នុងការក្លាយជាទីផ្សារសុវត្ថិភាពសម្រាប់សាជីវកម្មពហុជាតិសាសន៍ និងវិនិយោគិនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវរបស់ប្រទេសមួយចំពោះការអភិវឌ្ឍប្រកបដោយចីរភាពសកលទៀតផង៕
