នៅក្នុងបរិបទដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចូលដល់ឆ្នាំដំបូងនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ នោះ វេទិកាបន្តបញ្ជាក់ពីតួនាទីជាកន្លែងសន្ទនាបើកចំហមួយ ដើម្បីរួមគ្នាបង្កើតគំនិតផ្តួចផ្តើម និងដំណោះស្រាយសម្រាប់អនាគតនៃតំបន់ ព្រមទាំងឆ្លុះបញ្ចាំងពីតួនាទីកាន់តែសកម្មរបស់វៀតណាមនៅក្នុងដំណើរការសហប្រតិបត្តិការអាស៊ានផងដែរ។

រួមគ្នាស្ថាបនាអនាគតអាស៊ានប្រកបដោយភាពធន់

ប្រធានបទនៃវេទិកា AFF ឆ្នាំនេះគឺ "រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព ដាក់ប្រជាជនជាស្នូល" ដែលមានភាពស្រដៀងនិងបំពេញបន្ថែមគ្នាទៅនឹងប្រធានបទនៃឆ្នាំប្រធានអាស៊ាន ២០២៦ របស់ប្រទេសហ្វីលីពីន គឺ “ធ្វើដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា"។ នេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់វេទិកាក្នុងការបំពេញបន្ថែមអាទិភាពរួមរបស់អាស៊ាន ព្រមទាំងរួមចំណែកគំនិតផ្តួចផ្តើមដល់ដំណើរការអនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ ក្នុងស្មារតីនោះ AFF ២០២៦ ត្រូវបានរចនាឡើងជាកន្លែងសន្ទនាបើកចំហមួយ ដែលថ្នាក់ដឹកនាំ អ្នកតាក់តែងគោលនយោបាយ អ្នកប្រាជ្ញ សហគ្រាស យុវជន និងអង្គការសង្គម ចូលរួមពិភាក្សាលើបញ្ហាដែលកំពុងកំណត់អនាគតរបស់អាស៊ាន។ ថ្លែងនៅក្នុងសម័យប្រជុំបើកនៃ AFF ២០២៦ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖

“ប្រសិនបើរយៈពេលជិត ៦ ទសវត្សរ៍កន្លងមក គឺជាដំណើរនៃការកសាងអត្តសញ្ញាណ
អាស៊ាននោះ ទសវត្សរ៍ខាងមុខនឹងជាដំណើរស្ថាបនាអនាគតរបស់អាស៊ាននៅក្នុងពិភពលោកមួយដែលគោលការណ៍ជាមូលដ្ឋាននៃសេដ្ឋកិច្ច បច្ចេកវិទ្យា និងអំណាចសកល កំពុងត្រូវបានសរសេរឡើងវិញ។ បច្ចេកវិទ្យាកំពុងកំណត់និយមន័យឡើងវិញនូវសមត្ថភាពប្រកួតប្រជែង បញ្ញាសិប្បនិម្មិតកំពុងកំណត់និយមន័យឡើងវិញនូវផលិតភាព ទិន្នន័យកំពុងកំណត់និយមន័យឡើងវិញនូវអំណាច ហើយការផ្លាស់ប្តូរបៃតងកំពុងកំណត់និយមន័យឡើងវិញនូវគំរូអភិវឌ្ឍន៍។
អាស៊ានត្រូវបន្តពង្រីកស្មារតីសាមគ្គីភាព ភាពធន់និងឯកភាពក្នុងភាពចម្រុះ ជាតម្លៃដែលបានបង្កើតឡើងភាពជោគជ័យរបស់ខ្លួន ប៉ុន្តែជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតជាងមុន; ឯកភាពគ្នាលើតម្លៃ ប៉ុន្តែមានភាពស្វាហាប់ក្នុងសកម្មភាព; ប្រកាន់ខ្ជាប់នូវគោលការណ៍ ប៉ុន្តែមានភាពច្នៃប្រឌិតក្នុងវិធីសាស្រ្ត; រក្សាអត្តសញ្ញាណយ៉ាងរឹងមាំ ប៉ុន្តែម្ចាស់ការបង្កើតឱកាសនៅចំពោះមុខការផ្លាស់ប្តូរនៃយុគសម័យថ្មី”។

ស្មារតីនោះ ក៏ត្រូវបានបង្ហាញនៅក្នុងរបៀបវារៈនៃ AFF ២០២៦ ជាមួយនឹងប្រធានបទជាច្រើនដែលកំពុងកំណត់អនាគតរបស់តំបន់ ដូចជា៖ ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាហិរញ្ញវត្ថុ សន្តិសុខថាមពល ការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនភាពធន់នឹងការតក់ស្លុតពីខាងក្រៅ… ទាំងអស់សុទ្ធតែឆ្ពោះទៅការបង្កើនភាពធន់ សមត្ថភាពសម្របខ្លួន និង
តួនាទីស្ថាបនារបស់អាស៊ាន។ នេះក៏ជាស្មារតីរួមនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ដែលអាស៊ានមិនត្រឹមតែសម្របខ្លួនទៅនឹងនិន្នាការថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមដោយម្ចាស់ការក្នុងការកំណត់និន្នាការទាំងនោះទៀតផង។

ពីគំនិតផ្តួចផ្តើមមួយទៅសកម្មភាព

ពីគំនិតផ្តួចផ្តើមមួយ ប្រកាសដោយវៀតណាមនៅឯកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៣ វេទិកាអនាគតអាស៊ាន ដែលត្រូវបានធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០២៤ មក កំពុងបញ្ជាក់បន្តិចម្តងៗនូវឋានៈរបស់ខ្លួន ជាកន្លែងសន្ទនាយុទ្ធសាស្ត្រសម្រាប់តំបន់។

ក្នុងបរិបទដែលអាស៊ានចាប់ផ្តើមអនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រថ្មីៗ វេតិកា AFF បានបង្ហាញពីជំហានអភិវឌ្ឍថ្មីមួយនៅក្នុងការរួមចំណែករបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយមិនត្រឹមតែចូលរួមក្នុងយន្តការដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្នើគំនិតផ្តួចផ្តើម បង្កើតបរិយាកាសសម្រាប់ការសន្ទនា និងតភ្ជាប់ធនធានដើម្បីគាំទ្រដំណើរការផ្លូវការរបស់អាស៊ានទៀតផង។ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានវាយតម្លៃថា៖

“វេទិកាអនាគតអាស៊ានគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់វៀតណាម ដើម្បីជំរុញការទូតអាស៊ាននៅកម្រិតតំបន់ និងសកលលោក។ ខ្ញុំគិតថា នេះគឺជាការរួមចំណែកវិជ្ជមានដល់
អាស៊ាន។ យើងត្រូវតែដាក់អាស៊ាននៅលើផែនទីពិភពលោក។ វេទិកាពិសេសនេះគឺជាវេទិកាសំខាន់មួយដែលខ្ញុំគិតថា វៀតណាមកំពុងដើរតួនាទីស្ថាបនារបស់ខ្លួន ក្នុងការកំណត់ឡើងវិញនូវសារយុទ្ធសាស្ត្ររបស់អាស៊ាន។ យើងត្រូវតែធានាថាអាស៊ានមានសំឡេងដ៏ខ្លាំងក្លានៅក្នុងបញ្ហាសកលនានា”។

ភាពទាក់ទាញកាន់តែខ្លាំងនៃវេទិកា ក៏ត្រូវបានបង្ហាញនៅក្នុងការចូលរួមរបស់ថ្នាក់ដឹកនាំអ្នកប្រាជ្ញ សហគ្រាស និងដៃគូអន្តរជាតិផងដែរ។ ការចូលរួមរបស់ប្រតិភូជាង ៥០០ នាក់មកពីទាំងក្នុងនិងក្រៅតំបន់ នៅក្នុង AFF ២០២៦ នៅទីក្រុងហាណូយ គឺជាសក្ខីភាពសម្រាប់អត្ថា
ធិប្បាយនេះ។ លោក Alex Strugnell ឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេសប្រចាំនៅវៀតណាម បានចាត់ទុកថា៖

"ប្រការដ៏អស្ចារ្យអំពីវេទិកានេះគឺថា នៅក្នុងពិភពលោកដែលកំពុងធ្វើសកលភាវូបនីយកម្ម យើងបានយល់ឃើញថា​ ការតភ្ជាប់កិច្ចសហប្រតិបត្តិការគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ក្រោមអធិបតីភាពរបស់វៀតណាម វេទិកានេះនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូនានា រួមទាំងចក្រភពអង់គ្លេសផងដែរ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមនាបច្ចុប្បន្ន"។

នៅក្នុងពិភពលោកមួយដែលមានភាពប្រែប្រួលជាច្រើន កម្លាំងរបស់អាស៊ានមិនត្រឹមតែស្ថិតនៅក្នុងសមត្ថភាពសម្របខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថិតនៅក្នុងសមត្ថភាពស្ថាបនាអនាគតរួមគ្នាទៀតផង។ ជាមួយនឹងគំនិតផ្តួចផ្តើមសន្ទនាកាន់តែបរិយាប័ន្ននិងជាក់ស្ដែង AFF ២០២៦ បន្តបញ្ជាក់ពីតម្លៃនៃកិច្ចសហប្រតិបត្តិការ ការឯកភាព និងចក្ខុវិស័យរយៈពេលវែង - ជាមូលដ្ឋានគ្រឹះដែលបានបង្កើតអត្តសញ្ញាណ និងកម្លាំងរស់នៃសហគមន៍អាស៊ាន៕