ប្លុក EFTA រួមមានសេដ្ឋកិច្ចឈានមុខគេលើទូទាំងពិភពលោក ក្នុងវិស័យនវានុវត្តន៍ ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាខ្ពស់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង EFTA គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការពង្រីកបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបង្កើនចំនួន FTA សរុបដែលបានចុះហត្ថលេខាឡើងដល់ ១៨។
ព្រឹត្តិការណ៍សំខាន់ថ្មីមួយនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និង EFTA
នៅក្នុងបរិបទនៃពាណិជ្ជកម្មសកលមានការប្រែប្រួលជាច្រើន ការដែលវៀតណាមនិង EFTA បានបញ្ចប់ការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង មិនត្រឹមតែបើកឱកាសសម្រាប់បង្កើនសកម្មភាពពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចដោយផ្អែកលើច្បាប់ និងការប្តេជ្ញាចិត្តរួមទៀតផង។ ដូច្នេះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និង EFTA ត្រូវបានរំពឹងថា នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីឡើងដល់កម្រិតថ្មីមួយ តាមរយៈការពង្រីកឱកាសជ្រៀតចូលទីផ្សារ ជំរុញពាណិជ្ជកម្មនិងវិនិយោគ។ លោក Luong Hoang Thai អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានចាត់ទុកថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងបណ្តាប្រទេស EFTA និងវៀតណាមត្រូវបានចុះហត្ថលេខាក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងភាគីទាំងពីរ។ នៅក្នុងពាណិជ្ជកម្មអន្តរជាតិសព្វថ្ងៃនេះ មានការអភិវឌ្ឍ និងបញ្ហាប្រឈមជាច្រើន។ ខ្ញុំពិតជារីករាយណាស់ដែលយើងឈរជាមួយគ្នានៅលើវេទិកាពាណិជ្ជកម្មដែលមានមូលដ្ឋានផ្អែកលើច្បាប់ និងប្រព័ន្ធអន្តរជាតិបើកចំហ ដើម្បីលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគ មិនត្រឹមតែសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជំនាន់ក្រោយទៀតផង។»
នៅខាងដៃគូ EFTA វិញ លោក Guy Parmelin ប្រធានាធិបតីស្វីស បានសង្កត់ធ្ងន់ថា៖ «នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់បំផុតមួយនៅក្នុងបរិបទនៃស្ថានភាពភូមិសាស្ត្រនយោបាយសកលកំពុងផ្លាស់ប្តូរទាំងស្រុង។ កិច្ចព្រមព្រៀងនេះ ជួយប្រទេសសមាជិក EFTA ជាពិសេសស្វីស ធ្វើពិពិធកម្មទំនាក់ទំនង និងទទួលបានដៃគូថ្មីៗនៅជុំវិញពិភពលោក។ សម្រាប់វៀតណាម កិច្ចព្រមព្រៀងនេះក៏ជួយសម្រួលដល់ការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសសមាជិក EFTA ផងដែរ។»
បង្កើនឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ
នាប៉ុន្មានឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងបណ្តាប្រទេសមានការអភិវឌ្ឍន៍ជាវិជ្ជមាន។ ចំណូលពាណិជ្ជកម្មទ្វេភាគីជាមធ្យមជិត ២ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នៅឆ្នាំ ២០២៥ ចំណូលពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៤,៨ ពាន់លានអឺរ៉ូ (៥,៣ពាន់ឡានដុល្លារ)។ វិនិយោគិន EFTA មានវត្តមានកាន់តែច្រើនឡើងនៅក្នុងវិស័យដូចជា ឧស្សាហកម្ម ម្ហូបអាហារ ឱសថ ថាមពល និងបច្ចេកវិទ្យា ហើយបានយកចិត្តទុកដាក់ចំពោះគម្រោងនវានុវត្តន៍ បច្ចេកវិទ្យាខ្ពស់ ភស្តុភារកម្ម និងម៉េកានិកជាក់លាក់។
យោងតាមលោកបណ្ឌិត ឡេ យីប៊ិញ នាយក Economica វៀតណាម បានចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះការធ្វើសមាហរណកម្មអន្តរជាតិ និងពាណិជ្ជកម្មសេរីផ្អែកលើច្បាប់។
«កិច្ចព្រមព្រៀងនេះនឹងជួយវៀតណាមធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ទាំងធាតុចេញគឺទីផ្សារអ្នកប្រើប្រាស់ និងធាតុចូលគឺផលិតកម្ម។ ដូច្នេះ វៀតណាមមានឱកាសកាន់តែច្រើនក្នុងការធ្វើពិពិធកម្មប្រភពបច្ចេកវិទ្យា វត្ថុធាតុដើម សម្ភារៈជំនួយ ឱសថ និងធាតុចូលផ្សេងទៀតសម្រាប់ផលិតកម្ម និងកែច្នៃក្នុងស្រុក តាមនោះ កាត់បន្ថយហានិភ័យនៅពេលដែលទីផ្សារសំខាន់ៗផ្សេងទៀតមានការប្រែប្រួល។»
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EFTA មានវិសាលភាពនៃការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយ ដែលគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ ពន្ធគយ របាំងបច្ចេកទេស ការត្រួតពិនិត្យអនាម័យនិងអាសន្នរោគ ការការពារពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា ការផ្គត់ផ្គង់របស់រដ្ឋាភិបាល ការប្រកួតប្រជែង សហគ្រាសធុនតូចនិងមធ្យម ការដោះស្រាយវិវាទ ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រី Ashild Nakken នាយិកាតំបន់អាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាជលផលន័រវេស បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីនឹងលើកកម្ពស់ការសម្របសម្រួល ការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មជលផល ជាវិស័យដែលសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរមិនទាន់ត្រូវបានទាញយកយ៉ាងពេញលេញនៅឡើយទេ។ សង្ឃឹមថា នាពេលអនាគត អាជីវកម្មជលផលន័រវេសអាចសហការជាមួយដៃគូក្នុងស្រុកដើម្បីបង្កើតទីតាំងកែច្នៃនៅវៀតណាម ដោយបង្កើតការងារធ្វើ និងឱកាសអភិវឌ្ឍន៍កាន់តែច្រើនសម្រាប់ប្រជាជនក្នុងស្រុក។»
កិច្ចព្រមព្រៀងវៀតណាម - EFTA បើកចេញនូវក្របខ័ណ្ឌថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសេដ្ឋកិច្ចអឺរ៉ុបដែលមានសក្តានុពលយ៉ាងខ្លាំងទាក់ទងនឹងបច្ចេកវិទ្យា នវានុវត្តន៍ និងគុណភាពផលិតផល។ សមត្ថភាពក្នុងការប្រែក្លាយប្តេជ្ញាចិត្តនៅក្នុងកិច្ចព្រមព្រៀងទៅជាអត្ថប្រយោជន៍ជាក់ស្តែងនឹងអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរបស់អាជីវកម្មនៃភាគីទាំងសងខាង ក្នុងការស្វែងរកដៃគូ ការបំពេញតម្រូវការទីផ្សារ និងការអភិវឌ្ឍទម្រង់នៃកិច្ចសហប្រតិបត្តិការដែលមានតម្លៃយូរអង្វែង៕
