នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកប្រធានាធិបតី មីន អ៊ុង ឡាំង មកកាន់ប្រទេស​វៀតណាម ចាប់តាំងពីប្រទេសមីយ៉ាន់ម៉ាបានបញ្ចប់ការបោះឆ្នោតសកលនិងបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងខែមេសា ឆ្នាំ២០២៦មក​។ ដំណើរទស្សនកិច្ចនេះ បាន​ធ្វើឡើងក្នុងបរិបទដែល​វៀតណាម​និង​មីយ៉ាន់ម៉ាកំពុង​​រក្សានិងពង្រីក​ទំនាក់ទំនងលើ​វិស័យជាច្រើន ដោយបើក​ចេញ​ឱកាសសម្រាប់​ភាគីទាំង​ពីរ​ក្នុងការពង្រឹងទំនុកចិត្ត បង្កើនការតភ្ជាប់ និងពង្រីកកិច្ចសហប្រតិបត្តិកា​រ​​ជាក់ស្តែង។

មូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងដ៏​រឹងមាំ

វៀតណាម និងមីយ៉ាន់ម៉ា បានបង្កើ​ត​ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧៥ ប៉ុន្តែចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរត្រូវបានបង្កើតឡើងតាំង​ពីយូរយារណាស់មកហើយ។ វៀតណាមមានការិយាល័យ​តំណាងប្រចាំនៅទីក្រុង Yangon ចាប់តាំងពីឆ្នាំ១៩៤៧មក​។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ា លោក U Nu ទៅកាន់វៀតណាមក្នុងឆ្នាំ១៩៥៤ និងដំណើរទស្សនកិច្ច​របស់​លោកប្រធានហូជីមិញមកកាន់មីយ៉ាន់ម៉ាក្នុងឆ្នាំ១៩៥៨ គឺជាព្រឹត្តិការណ៍សំខាន់ៗ ដែលរួមចំណែកដល់ការដាក់គ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគី។ រយៈពេលជាង ៥ សវត្សរ៍ ​ឆ្លងកាត់ការឡើងចុះជាច្រើន ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តត្រូវបាន​រក្សា និងអភិវឌ្ឍ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅមីយ៉ាន់ម៉ា លោក ង្វៀន អាញ ឌឹក បានថ្លែងថា៖ «វៀតណាម និងមីយ៉ាន់ម៉ាមានទំនាក់ទំនងសាមគ្គីភាព និងផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធ​ចាប់តាំងពីឆ្នាំដំបូងដែល​វៀតណាមទទួលបានឯករាជ្យមក និងបានបង្កើតទំនាក់​ទំនង​កា​រទូតជាផ្លូវការនៅឆ្នាំ១៩៧៥។ ភាគីទាំងពីរបានលើក​កម្ពស់ទៅជា​ក្របខ័ណ្ឌភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការ​នៅមីយ៉ាន់ម៉ារបស់លោក​អគ្គលេខាបក្ស ង្វៀន ភូទ្រុង ក្នុងឆ្នាំ២០១៧។»​

ក្នុងដំណើរអភិវឌ្ឍរបស់ខ្លួន ប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើននៅក្នុងវប្បធម៌ និងប្រវត្តិសាស្ត្រ ជាពិសេសនៅក្នុងប្រពៃណីនៃការតស៊ូ​ដណ្ដើមឯករាជ្យ​ជាតិ​។ ដោយផ្អែកលើមូលដ្ឋាននោះ ក្របខ័ណ្ឌភាពជាដៃគូលើ​គ្រប់ជ្រុងជ្រោយបន្តបើកចេញ​ឱកាសសម្រាប់ប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍទំនាក់ទំនងបន្ថែម​ទៀត។ ទំនាក់ទំនងទ្វេភាគីនៅតែបន្តរក្សាតាមរយៈការផ្លាស់ប្តូរ និងបណ្តាញទំនាក់ទំនង; កិច្ចសហប្រតិបត្តិការបានពង្រីកនៅក្នុងវិស័យសន្តិសុខ និងការពារជាតិ វប្បធម៌ ការអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ ការផ្លាស់ប្ដូររវាង​ប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការតាមរយៈកាណាល់បក្ស និងរដ្ឋ​​សភា។

ក្នុង​នោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាចំណុចលេចធ្លោមួយ​នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តម្លៃពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២៥ សម្រេចបាន ៥៩០ លានដុល្លារអាមេរិក​; និង​សម្រេចបានប្រហែល ៣៣៥លានដុល្លារអាមេរិកក្នុងរយៈពេលប្រាំមួយខែ​ដើមឆ្នាំ២០២៦។ បច្ចុប្បន្ននេះ វៀតណាម​ជាប់​ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមវិនិយោគិនបរទេស​ឈាន​មុខ​គេ​នៅមីយ៉ាន់ម៉ា ដោយគម្រោងភាគច្រើន​ផ្តោតលើវិស័យ​ទូរគមនាគមន៍ ធនាគារ អចលនទ្រព្យ សំណង់ ផលិតកម្មឧស្សាហកម្ម និងកសិកម្ម។

ប្រទេសទាំងពីរក៏បង្ហាញពីសាមគ្គីភាព និងការចែករំលែកនៅ​ក្នុង​គ្រាលំបាកផងដែ​រ។ បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងខែមីនា ឆ្នាំ២០២៥ វៀតណាមបានបញ្ជូនកងកម្លាំងជួយសង្គ្រោះ និងសម្ភារៈជំនួយយ៉ាងទាន់ពេលវេលា ដើម្បីជួយមីយ៉ាន់ម៉ាជំនះ​ពុះពារ​លើផលវិបាក។

សកម្មភាពទាំងនេះរួមចំណែកដល់ការពង្រឹងរូបភាពរបស់វៀតណាមជាដៃគូដែល​អាចទុកចិត្តបាន ដោយតែងតែចែករំលែកការលំបាកជាមួយមីយ៉ាន់ម៉ា បង្កើតមូលដ្ឋានគ្រឹះដ៏​រឹងមាំសម្រាប់ពង្រីកកិច្ចស​ហប្រ​តិបត្តិការក្នុងដំណាក់កាលថ្មី។

បរិយាកាសកិច្ចសហប្រតិបត្តិការបើក​ចំហ​

ដោយ​ឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយ​អស់រយៈពេល​ជាង ៥០ ឆ្នាំ កន្លងទៅ ប្រទេសទាំងពីរនៅតែមានឱកាស​ជា​ច្រើនដើម្បីលើ​កកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ មីយ៉ាន់ម៉ាមានប្រជាជនជាង ៥១ លាននាក់ ធនធានសម្បូរបែបនិងកម្លាំងពលកម្មវ័យក្មេង ខណៈពេលដែលតម្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធ ទំនិញប្រើប្រាស់ និងការទាក់ទាញការវិនិយោគបរទេសគឺធំធេងណាស់។ ទាំងនេះ គឺជាវិស័យ​ដែល​អាចបង្កើត​ឱកាសបន្ថែម​ទៀត​សម្រាប់សហគ្រាសវៀតណាម​។ ឯកអគ្គរដ្ឋទូត ង្វៀន អាញឌឹក បានបន្ថែម​ថា៖

«​បច្ចុប្បន្ន ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ។ ភាគីទាំងពីរ​ត្រូវផ្តោតលើវិស័យសហប្រតិបត្តិការសំខាន់ៗចំនួនបួន៖ ទីមួយ ពង្រឹងទំនុកចិត្តនយោបាយ; ទីពីរ ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសក្នុងវិស័យកសិកម្ម ទូរគមនាគមន៍ និងការផលិតយានយន្តអគ្គិសនី។ ទីបី ការពង្រីកការជួប​ប្រាស្រ័យរវាង​ប្រជាជន ទេសចរណ៍ និងជើងហោះហើរត្រង់​។ ទីបួន ការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅអាស៊ាន និងអនុតំបន់មេគង្គ។»​

នៅក្នុងបរិបទដែលប្រទេសមីយ៉ាន់ម៉ាចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍបន្ទាប់ពីការបោះឆ្នោតសកល និងការបង្កើតរដ្ឋាភិបាលថ្មី ដំណើរទស្សនកិច្ចជា​ផ្លូវការរបស់លោក​ប្រធានាធិបតី មីន អ៊ុងឡាំង មកកាន់វៀតណាម គឺមានសារៈសំខាន់យ៉ាងខ្លាំង​ចំពោះទំនាក់ទំនងទ្វេភាគី។

«​ដំណើរទស្សនកិច្ចនេះមានអត្ថន៍យសំខាន់​ណាស់៖ មិនត្រឹមតែពង្រឹងទំនុកចិត្តនយោបាយ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីតួនាទីសកម្ម និងមានទំនួលខុសត្រូវរបស់វៀតណា​ម ​រួមជាមួយអាស៊ាន ក្នុងការគាំទ្រ​ប្រទេសមីយ៉ាន់ម៉ា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព​។ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យដ៏ល្អប្រសើរ ដោយបង្កើត​កម្លាំងចលករថ្មី ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការ​លើគ្រប់ជ្រុងជ្រោយ​រវាងវៀតណាម និងមីយ៉ាន់ម៉ា ឱ្យ​កាន់តែជាក់​ស្តែង ដោយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃភាគីទាំងពីរ។»​

ដោយ​ទទួលស្វាគមន៍លោក​ប្រធានាធិបតី មីន អ៊ុងឡាំង អញ្ជើញ​មកបំពេញ​ទស្សនកិច្ចជា​ផ្លូវការ វៀតណាមបានផ្ញើសារដ៏រឹងមាំមួយអំពីការអនុវ​ត្ត​គោលនយោបាយកា​រ​បរទេសប្រកបដោយ​សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេស ការលើកកម្ពស់ទំនាក់ទំនង​ជាមួយប្រទេសជាមិត្តប្រពៃណី និងឱ្យ​តម្លៃដល់ទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចនេះ ក៏បើកចេញ​ឱកាសសម្រាប់ប្រទេសទាំងពីរក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងជាក់ស្តែងលើវិស័យជាច្រើនក្នុងដំណាក់កាលថ្មី៕​