អស់រយៈពេលជាង ៧៦ ឆ្នាំមកហើយ វៀតណាម និងប៉ូឡូញបានកសាងមិត្តភាពដ៏រឹងមាំ និងយូរអង្វែង។ នៅក្នុងបរិបទដែលទាំងវៀតណាម និងប៉ូឡូញកំពុងស្វែងរកកម្លាំងចលករសម្រាប់កំណើនថ្មី តម្រូវការដាក់ចេញបច្ចុប្បន្នគឺពង្រីកមូលដ្ឋានគ្រឹះប្រពៃណី ខណៈពេលដែលបើកទូលាយកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលសមស្របទៅនឹងប្រៀបខ្លាំង និងតម្រូវការអភិវឌ្ឍន៍របស់ភាគីនីមួយៗ។
ទាញយកសក្តានុពលសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទីពីររបស់លោក Donald Tusk មកកាន់ប្រទេសវៀត ណាម ក្នុងនាមជានាយករដ្ឋមន្ត្រីប៉ូឡូញ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកក្នុងឆ្នាំ ២០១០។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនៅឆ្នាំ ២០២៥ ដោយបង្កើតមូលដ្ឋានបន្ថែមទៀតសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលមានសក្តានុពលសំខាន់ៗ។ ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំប្រទេសវៀតណាម លោកស្រី Joanna Skoczek បានសង្កត់ធ្ងន់ថា៖ “បច្ចុប្បន្ននេះ ប្រទេសទាំងពីរស្ថិតក្នុងឋានៈខុសគ្នាទាំងស្រុង។ ពោលគឺ ទាំងប៉ូឡូញ និងវៀតណាមឥឡូវនេះសុទ្ធតែជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេនៅក្នុងតំបន់។ ប៉ូឡូញមានអត្រាកំណើនផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតនៅក្នុងសហភាពអឺរ៉ុប (EU) ខណៈដែលវៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាកំណើនផលិតផលក្នុងស្រុកសរុបខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ និងអាស៊ីជាទូទៅ។ ប្រការនេះបើកឱកាសថ្មីៗសម្រាប់ប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងកំណត់ និងបញ្ជាក់អំពីវិស័យដែលមានសក្តានុពលច្រើនបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។
នៅក្នុងវិស័យសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគត្រូវបានចាត់ទុកថា ជាកត្តាជំរុញដ៏សំខាន់សម្រាប់ការជំរុញទំនាក់ទំនងវៀតណាម-ប៉ូឡូញបន្ថែមទៀត។ នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីត្រូវបានព្យាករថា នឹងឈានដល់ប្រមាណ ៣,៩៤ ពាន់លានដុល្លារអាមេរិក ដែលជាការកើនឡើង ១៤,៨% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ លទ្ធផលនេះបង្ហាញពីការអភិវឌ្ឍវិជ្ជមាននៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម ប៉ុន្តែនៅតែមានឱកាសសំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បានសម្រួលដល់ការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមកសម្រាប់អាជីវកម្មនៅក្នុងប្រទេសទាំងពីរ។ ទោះ ជាយ៉ាងណាក៏ដោយ ដើម្បីប្រើប្រាស់អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងនេះឱ្យកាន់តែប្រសើរឡើង ភាគីទាំងពីរកំពុងខិតខំជំរុញការលើកកម្ពស់ពាណិជ្ជកម្ម បង្កើនការចែករំលែកព័ត៌មានទីផ្សារ លុបបំបាត់ឧបសគ្គ និងគាំទ្រអាជីវកម្មក្នុងការបំពេញតាមស្តង់ដារទីផ្សារអឺរ៉ុប។ ក្រៅពីទំនិញពាណិជ្ជកម្មប្រពៃណី វៀតណាមនិងប៉ូឡូញក៏អាចពង្រីកកិច្ចសហប្រតិបត្តិការក្នុងការកែច្នៃម្ហូបអាហារ កសិកម្ម ផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលផងដែរ។ ឯកអគ្គរដ្ឋទូត Joanna Skoczek បានថ្លែងថា៖ “យើងជឿជាក់ថា តម្រូវការទីផ្សារ និងសមត្ថភាពផ្គត់ផ្គង់របស់ប្រទេសទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមក ដោយបង្កើតលក្ខខណ្ឌសម្រាប់វៀតណាម និងប៉ូឡូញឱ្យក្លាយជាដៃគូដ៏មានតម្លៃក្នុងការអភិវឌ្ឍ និងផ្គត់ផ្គង់ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ដល់ទីផ្សារវៀតណាម។ លើសពីនេះ វត្តមានកាន់តែច្រើនឡើងរបស់អាជីវកម្មប៉ូឡូញនៅក្នុងពិព័រណ៍ពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់វៀតណាម ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំទាំងនៅទីក្រុងហូជីមិញ និងហាណូយ គឺជាកត្តាសំខាន់មួយដែរ”។
លោកស្រីឯកអគ្គរដ្ឋទូត Joanna Skoczek ក៏បានសង្កត់ធ្ងន់ជាពិសេសលើចំណុចខ្លាំងនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន ដោយកត់សម្គាល់ថា សហគមន៍ប្រជាជនវៀតណាមប្រមាណ ២៥.០០០ នាក់នៅក្នុងប្រទេសប៉ូឡូញ គឺជាស្ពានដ៏សំខាន់មួយ ដែលរួមចំណែកដល់ការបង្កើនការយល់ដឹង និងពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកស្រីឯកអគ្គរដ្ឋទូតឲ្យដឹងថែមទៀតថា៖ “យើងសង្ឃឹមថា ប្រជាជនវៀតណាមកាន់តែច្រើនឡើងៗនឹងមកប្រទេសប៉ូឡូញ។ ប្រជាជន វៀតណាមតែងតែត្រូវបានទទួលស្វាគមន៍យ៉ាងកកក្តៅនៅប៉ូឡូញ ដូចជាជនជាតិប៉ូឡូញតែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅវៀតណាមដែរ។ សកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ខ្ញុំជឿជាក់ថា ប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះអំណោយផលដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ ឥឡូវនេះ អ្វីដែលខ្ញុំមានគោលបំណងគឺដើម្បីសម្រេចបាននូវមូលដ្ឋានគ្រឹះនោះតាមរយៈគម្រោងសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយចីរភាព។ ហើយខ្ញុំជឿជាក់ថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Donald Tusk គឺជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះ”។
បង្កើនការសម្របសម្រួលដើម្បីសន្តិភាព និងការអភិវឌ្ឍ
ទំនាក់ទំនងវៀតណាម-ប៉ូឡូញ មិនត្រឹមតែជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបង្កើនការតភ្ជាប់រវាងវៀតណាម និងសហភាពអឺរ៉ុបទៀតផង។ ក្នុងនាមជាសមាជិកនៃសហភាពអឺរ៉ុប ប៉ូឡូញអាចគាំទ្រដល់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងដៃគូអឺរ៉ុបក្នុងវិស័យពាណិជ្ជកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល។ ក្នុងបរិបទដែលប្រទេសទាំងពីរតែងតែគាំទ្រ និងសម្របសម្រួលគ្នាទៅវិញទៅមកជាប្រចាំនៅក្នុងវេទិកាពហុភាគី ការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងពហុភាគីនិយម ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ក៏ជាឱកាសមួយសម្រាប់ភាគីទាំងពីរក្នុងការពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរលើទិសដៅសហប្រតិបត្តិការ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនាពេលអនាគត។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Donald Tusk គឺជាឱកាសមួយសម្រាប់វៀត ណាម និងប៉ូឡូញ ដើម្បីពង្រឹងទំនុកចិត្តនយោបាយ ពង្រីកវិស័យសហប្រតិបត្តិការ និងទាញយកសក្តានុពលរបស់ប្រទេសនីមួយៗប្រកបដោយប្រសិទ្ធភាព។ ការប្រែក្លាយមូលដ្ឋានគ្រឹះនៃមិត្តភាពទៅជាលទ្ធផលសហប្រតិបត្តិការជាក់ស្តែង នឹងបង្កើតសន្ទុះសម្រាប់ទំនាក់ទំនងទ្វេភាគី៕
