ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងពេលដែលទំនាក់ទំនងវៀតណាម-រុស្ស៊ី កំពុងប្រឈមមុខនឹងការផ្លាស់ប្តូរ៖ ពីមូលដ្ឋានគ្រឹះនៃមិត្តភាពនិងទំនុកចិត្តនយោបាយដែលបានពូនជ្រុំអស់រយៈពេលជាង ៧៥ឆ្នាំ ទៅជាដំណាក់កាលសហប្រតិបត្តិការថ្មី ជាក់ស្តែង មានប្រសិទ្ធភាព និងសម្របខ្លួនបានកាន់តែប្រសើរឡើងទៅនឹងការផ្លាស់ប្តូរសកល។

នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់រុស្ស៊ីរបស់ប្រមុខរដ្ឋវៀតណាម ចាប់តាំងពីឆ្នាំ១៩៩១ មក។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅពេលវេលាមានអត្ថន័យពិសេស ភ្លាមៗ បន្ទាប់ពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងការបោះឆ្នោតរដ្ឋសភានីតិកាលទី១៦។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរទំនុកចិត្តជាយុទ្ធសាស្ត្រ ដែលបានកសាងឡើងអស់រយៈពេលជាច្រើនឆ្នាំ ទៅជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍទៀតផង។

មូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រពៃណី

នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៥០ វៀតណាម និងអតីតសហភាពសូវៀត (បច្ចុប្បន្នជាសហព័ន្ធរុស្ស៊ី) បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងអភិវឌ្ឍជាបន្តបន្ទាប់។ នៅក្នុងខែឧសភា ឆ្នាំ ២០២៥ ភាគីទាំងពីរបានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីទិសដៅសំខាន់ៗនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី ក្នុងដំណាក់កាលសហប្រតិបត្តិការថ្មី ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់

សក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ដោយនាំទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មីមួយ។ ដូច្នេះ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បង្កប់ដោយមានអត្ថន័យពិសេស។ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Bezdetko បានថ្លែងថា៖ “យើងចាត់ទុកដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ជាព្រឹត្តិការណ៍សំខាន់មួយក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងវៀតណាម។ យើងខ្ញុំរំពឹងថា ភាគីទាំងពីរនឹងមានការពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាទាំងអស់នៅក្នុងរបៀបវារៈទ្វេភាគី ឯកភាពលើទិសដៅសហប្រតិបត្តិការរយៈពេលវែងថ្មី និងធ្វើការសម្រេចចិត្តជាក់ស្តែងដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត”។

វៀតណាម និងរុស្ស៊ីមានទំនាក់ទំនងនយោបាយល្អ ហើយសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែមានទំហំធំ។ ក្នុងរយៈពេល ៦ដំបូងនៃឆ្នាំ ២០២៦ ពាណិជ្ជកម្មបានឈានដល់ ២,១៦ ពាន់លានដុល្លារអាមេរិក ដែលជាការកើនឡើង ៦,៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួរលេខទាំងនេះបង្ហាញពីតម្រូវការសម្រាប់ប្រទេសទាំងពីរក្នុងការបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្រង់ទ្រាយធំជាង។

កម្លាំងចលករថ្មីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

ទិសដៅដ៏ជោគជ័យបំផុតមួយគឺវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំវៀតណាមលោក Gennady Bezdetko បានអះអាងថា៖ “យើងខ្ញុំផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ជាពិសេសនៅក្នុងបរិបទនៃ "បដិវត្តន៍ឧស្សាហកម្មលើកទីបួន"។ ស្ថាប័ន និងអង្គការមានសមត្ថកិច្ចនៃភាគីទាំងពីរកំពុងបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តធាតុផ្សំនៃ "ទីក្រុងឆ្លាតវៃ" យន្តការសម្រាប់ផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធ "ច្រកចេញចូលតែមួយ" ធានាសុវត្ថិភាពមូលដ្ឋានទិន្នន័យ ក៏ដូចជាការអនុវត្តដំណោះស្រាយឌីជីថលក្នុងការដឹកជញ្ជូន និងវិស័យឧស្សាហកម្ម។ បញ្ញាសិប្បនិម្មិត និងសន្តិសុខព័ត៌មានក៏ជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការនៅក្នុងបរិបទភូមិសាស្ត្រនយោបាយបច្ចុប្បន្នផងដែរ”។

លំហសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីកំពុងពង្រីកពីវិស័យប្រពៃណីទៅជាវិស័យនាពេលអនាគតតាមរយៈកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ជាក់ស្តែង។ លោក Evgeny Vlasov សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសហព័ន្ធចុងបូព៌ា ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ នាយកវិទ្យាស្ថានសិក្សាបូព៌ា និងជាប្រធានសមាគមមិត្តភាពរុស្ស៊ី-វៀតណាម បានថ្លែងថា៖ “ទំនាក់ទំនងមិត្តភាពនយោបាយ និងការជឿទុកចិត្តដែលមានរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងរីកសាយភាយដល់គ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការ។ ពីព្រោះប្រសិនបើថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង នោះ គ្រាន់តែជាផ្នែកមួយនៃរឿងរ៉ាវប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើស្មារតី និងការជឿទុកចិត្តនោះត្រូវបានបញ្ជូនចុះទៅគ្រប់កម្រិត ដល់អ្នកអនុវត្តវាដោយផ្ទាល់ និងដល់ប្រជាពលរដ្ឋសាមញ្ញ នោះលទ្ធផលនឹងពិតជាស្ថិតនៅកម្រិតខុសគ្នាទាំងស្រុង ដែលបង្កើតកម្លាំងចលករកាន់តែខ្លាំងសម្រាប់ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ”។

លើសពីនេះ បញ្ញាវ័ន្ន សហគ្រិន និងអ្នកជំនាញវៀតណាមជាច្រើនដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសរុស្ស៊ីអាចចូលរួមចំណែកដោយផ្ទាល់ក្នុងការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ និងវិស័យវិទ្យាសាស្ត្រពីរ។ លោក ង្វៀន កួកហ៊ុង នាយកមូលនិធិ “ប្រពៃណី និងមិត្តភាព” និងជាអនុប្រធានសហភាពអង្គការជនវៀតណាមនៅសហព័ន្ធរុស្ស៊ី ជឿជាក់ថា ដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីលើកនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ត្រូវបានរំពឹងថា នឹងបង្កើតកម្លាំងចលករដ៏សំខាន់មួយទៀតសម្រាប់ដំណើរការនេះ៖ “ដំណើរទស្សនកិច្ចនេះគឺជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេងសម្រាប់សហគមន៍ជនវៀតណាមនៅឯបរទេស។ គំនិតផ្តួចផ្តើមរបស់មូលនិធិមិត្តភាពវៀតណាម-រុស្ស៊ី ដើម្បីបង្កើតបណ្តាញអ្នកប្រាជ្ញវៀតណាម-រុស្ស៊ី និងពិធីបើកសម្ពោធក្នុងក្របខ័ណ្ឌនៃវេទិកាបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីប្រទេសទាំងពីរ នឹងបង្កើតកម្លាំងចលករថ្មីមួយដើម្បីតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសហគមន៍បញ្ញាវ័ន្នប្រទេសទាំងពីរ ដោយបើកជំពូកថ្មី និងជោគជ័យសម្រាប់ប្រទេសទាំងពីរ និងសម្រាប់សហគមន៍ជនវៀតណាមនៅទីនេះ”។

ចាប់ពីទំនុកចិត្តដល់កិច្ចសហប្រតិបត្តិការ ពីកិច្ចសហប្រតិបត្តិការដល់ប្រសិទ្ធភាព និងពីប្រសិទ្ធភាពដល់កម្លាំងចលករថ្មីនៃការអភិវឌ្ឍ វៀតណាម និងរុស្ស៊ីកំពុងសរសេរជំពូកថ្មីមួយក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕