ដោយមានប្រធានបទ “ស្តារទំនុកចិត្ត គ្រប់គ្រងការផ្លាស់ប្តូរ៖ អង្គការសហប្រជាជាតិមួយធ្វើសកម្មភាពសម្រាប់អ្នកទាំងអស់គ្នា” សម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខ លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការពារតម្លៃរួមនៃមនុស្សជាតិ។
អញ្ជើញចូលរួមកក្នុងកិច្ចប្រជុំនិងថ្លែងសន្ទរកថានៅក្នុងកិច្ចពិភាក្សាទូទៅជាន់ខ្ពស់ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បន្តបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិគឺជាចំណុចសំខាន់នៃគោលនយោបាយការបរទេសរបស់វៀតណាម; លើកកំពស់ពហុភាគីនិយម តួនាទីស្នូលរបស់អង្គការសហប្រជាជាតិ និងការប្តេជ្ញារួមចំណែកវិជ្ជមាន និងជាក់ស្តែងចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
បញ្ជាក់ពីប្រទេសវៀតណាមមួយដែលម្ចាស់ការ និងមានទំនួលខុសត្រូវ
ការចូលរួមរបស់វៀតណាមនៅក្នុងវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ កំពុងផ្លាស់ប្តូរកាន់តែខ្លាំងឡើងពីការចូលរួមសាមញ្ញទៅជាការចូលរួមយ៉ាងសកម្ម កសាងរបៀបវារៈ លើកកម្ពស់ការឯកភាពគ្នា និងការទទួលខុសត្រូវសំខាន់ៗនៅក្នុងយន្តការរបស់អង្គការសហប្រជាជាតិ។
នៅក្នុងសន្និសីទពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT ដែលប្រព្រឹត្តទៅនាពេលថ្មីៗនេះ វៀតណាមបានទទួលតំណែងជាប្រធាន ដោយហេតុនេះបង្ហាញពីតួនាទីសកម្មកាន់តែខ្លាំងឡើងរបស់ខ្លួននៅក្នុងបញ្ហាសន្តិសុខអន្តរជាតិ។
វៀតណាមក៏កាន់តំណែងជាច្រើននៅក្នុងយន្តការពហុភាគីផងដែរ រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្ស គណៈកម្មការច្បាប់អន្តរជាតិ និងទីភ្នាក់ងារយូណេស្កូ។ ជាពិសេស ជាលើកដំបូង ដែលវៀតណាមមានចៅក្រមនៅតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ អាណត្តិឆ្នាំ ២០២៦-២០៣៥។ ក្នុងវិស័យរក្សាសន្តិភាព រហូតមកដល់បច្ចុប្បន្ន កម្មាភិបាល និងយុទ្ធជនវៀតណាមជិត ១.៤០០ នាក់បានចូលរួមក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ហើយទទួលបានការវាយតម្លៃខ្ពស់ពីអង្គការនេះ។ លោក Kamal Malhotra អតីតអ្នកសម្របសម្រួលប្រចាំការរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសវៀតណាម បានវាយតម្លៃថា៖ “ក្នុងអំឡុងពេលអាណត្តិបួនឆ្នាំកន្លះរបស់ខ្ញុំជាប្រធានអង្គការសហប្រជាជាតិប្រចាំនៅប្រទេសវៀតណាម ខ្ញុំបានឃើញការចូលរួមចំណែករបស់វៀតណាមចំពោះបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមទទួលបានជោគជ័យលើកម្រិតចំនួនពីរ។ ទីមួយ វៀតណាមបានក្លាយជាប្រទេសរួមចំណែកដ៏សំខាន់ចំពោះបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង។ ទីពីរ វៀតណាមក៏បានចាត់បញ្ជូនបុគ្គលិកទៅធ្វើការនៅទីស្នាក់ការកណ្តាលទទួលបន្ទុករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ ពីគ្មានអ្វីសោះ វៀតណាមបានបង្កើនការចូលរួមចំណែករបស់ខ្លួនយ៉ាងច្រើនចំពោះការងាររួមរបស់អង្គការសហប្រជាជាតិ”។
ឆ្នាំ២០២៦ ក៏ជាឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ហើយទន្ទឹងរង់ចាំខួបលើកទី៥០ នៃការចូលជាសមាជិករបស់វៀតណាមនៅក្នុងអង្គការសហប្រជាជាតិនៅឆ្នាំ២០២៧។ ដូច្នេះ ការចូលរួមក្នុងកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតលើកទី៨១ គឺជាឱកាសមួយសម្រាប់វៀតណាមក្នុងការបន្តចែករំលែកបទពិសោធន៍ ចូលរួមចំណែកគំនិតផ្តួចផ្តើម និងលើកសំឡេងរបស់ខ្លួនលើបញ្ហាសកលដែលកំពុងកើតមាន។ អ្នកនាំពាក្យក្រសួងការបរទេស លោក ស្រី ផាម ធូ ហាំង បានថ្លែងថា៖ “អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅក្នុងការជជែកពិភាក្សាទូទៅជាន់ខ្ពស់ នៃសមាជអង្គការសហប្រជាជាតិ ហើយនឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិមួយចំនួន។ ប្រមុខបក្ស និងរដ្ឋក៏នឹងជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាល និងសភាសហរដ្ឋអាមេរិកផងដែរ"។
លំហរសំខាន់សម្រាប់ជំរុញទំនាក់ទំនងវៀតណាម-អាមេរិក
ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ទៅកាន់ទីក្រុងញូវយ៉ក បានប្រព្រឹត្តទៅនៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-អាមេរិកនៅតែបន្តលើកកម្ពស់យ៉ាងខ្លាំងនៅក្នុងវិស័យជាច្រើន បន្ទាប់ពីប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមលើកនេះ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនរវាងអាជីវកម្មនៃប្រទេសទាំងពីរក្នុងវិស័យ ថាមពល បច្ចេកវិទ្យា អាកាសចរណ៍ និងហិរញ្ញវត្ថុគ្រោងនឹងបានប្រកាស ដោយហេតុនេះបើកឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងសហរដ្ឋអាមេរិក។ លោក ង្វៀន ក្វឹក យ៊ុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំសហរដ្ឋអាមេរិក បានឲ្យដឹងថា៖ “ដំណើរទស្សនកិច្ចការងារទៅកាន់សហរដ្ឋអាមេរិករបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ នឹងបង្កើតសន្ទុះបន្ថែមទៀត និងវិធានការជាក់ស្តែងថ្មីៗ ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហរដ្ឋអាមេរិកមានការអភិវឌ្ឍប្រកបដោយខ្លឹមសារ និងប្រសិទ្ធភាព។ នៅក្នុងបរិបទបច្ចុប្បន្ន ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងខ្លាំងក្លានៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់អនាគតនៃមនុស្សជាតិ ហើយស្ថានភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចសកល កំពុងវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ ការបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយខ្លឹមសាររវាងវៀតណាមនិងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែបំពេញផលប្រយោជន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោកទៀតផង”។
ការចូលរួមក្នុងវេទិកាសកលដូចជាអង្គការសហប្រជាជាតិ មិនត្រឹមតែជាឱកាសសម្រាប់ វៀតណាមក្នុងការចូលរួមចំណែកក្នុងបញ្ហារួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកវិសាលភាពរបស់ខ្លួនសម្រាប់ការទំនាក់ទំនង ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ ជាពិសេសជាមួយសហរដ្ឋអាមេរិក។ តាមរយៈនេះ វៀតណាមបន្តបង្ហាញពីគោលនយោបាយការបរទេសប្រកបដោយភាពសកម្ម ដោយធ្វើសមាហរណកម្មយ៉ាងសកម្ម ផ្តល់អាទិភាពដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ ខណៈពេលដែលទាញយកអត្ថប្រយោជន៍ ពីធនធានអន្តរជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព៕
