តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ចាប់ពីថ្ងៃទី ៩-១២ ខែកញ្ញា អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសបារាំង និងចូលរួមកិច្ចប្រជុំកំពូលអវកាសអន្តរជាតិ (ISS) ដែលបានប្រារព្ធឡើងនៅទីក្រុងប៉ារីស (ថ្ងៃទី ៩-១០ ខែកញ្ញា)។
ការអនុវត្តជាក់ស្ដែងនូវកំពស់ថ្មីនៅក្នុងទំនាក់ទំនងវៀតណាម-បារាំង
ក្រោយពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងក្នុងឆ្នាំ ២០២៤ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥ របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron នោះ ដំណើរទស្សនកិច្ចទៅកាន់បារាំងលើកនេះ របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងនូវការជឿទុកចិត្តខាងនយោបាយកម្រិតខ្ពស់រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែខ្លាំងឡើងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា ចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែតុលា ឆ្នាំ ២០២៤ ក៏ដូចជាការតំរង់ទិសយុទ្ធសាស្ត្រនៃការទូតប្រមុខរដ្ឋ។
ការដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងបារាំង សម្រេចបានជាង ៦,៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ (កើនឡើង ១៦,៤% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤) និង ៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៦ (កើនឡើង ២៦,៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥) បានបង្ហាញថា សេដ្ឋកិច្ចនៃប្រទេសទាំងពីរកំពុងមានការតភ្ជាប់គ្នាកាន់តែស៊ីជម្រៅ ក្នុងពេលជាមួយគ្នានោះ អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ ត្រូវបានកំណត់កាន់តែច្បាស់លាស់ ពោលគឺការជំរុញស្វ័យភាពយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ការសម្រេចបាននូវការប្តេជ្ញាចិត្តលើផែនការផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP) និងជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់លំហថ្មីៗ រួមទាំងលំហអ៊ីនធឺណិត លំហអវកាស និងសេដ្ឋកិច្ចឌីជីថល... លោក វូ អាញសឺន ទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានទូតវៀតណាមប្រចាំប្រទេសបារាំង បានសង្កត់ធ្ងន់ថា៖
“ទំនាក់ទំនងរវាងវៀតណាម និងបារាំងកំពុងចូលដល់ដំណាក់កាលសំខាន់មួយ ដោយផ្លាស់ប្តូរពីការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ទៅកាន់ការអនុវត្តយ៉ាងជាក់ស្ដែងនិងស៊ីជម្រៅ។ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ទៅកាន់ប្រទេសបារាំង នឹងបង្កើតកម្លាំងចលករនយោបាយដ៏សែនសំខាន់មួយ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តកម្រិតខ្ពស់ទៅជាគម្រោងសេដ្ឋកិច្ចជាក់ស្តែង យុទ្ធសាស្ត្រ និងបង្កើតរបត់នៅក្នុងទំនាក់ទំនងទ្វេភាគី។ នៅក្នុងដំណាក់កាលថ្មី ស្មារតីខ្ជាប់ខ្ជួនគឺថា ការអនុវត្តត្រូវតែមានលក្ខណៈប្ដូរផ្ដាច់ ជាក់ស្ដែង វាស់វែងដោយលទ្ធផល ជាមួយនឹងការងារ កាលកំណត់ និងការទទួលខុសត្រូវច្បាស់លាស់”។
សម្រាប់ប្រទេសបារាំង វៀតណាមគឺជា "យុថ្កា" ដ៏សំខាន់មួយ និងជាដៃគូដែលអាចទុកចិត្តបាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ផ្ទុយទៅវិញ សម្រាប់ប្រទេសវៀតណាម បារាំងគឺជាច្រកទ្វារដ៏រឹងមាំមួយដើម្បីតភ្ជាប់កាន់តែទូលំទូលាយជាមួយសហភាពអឺរ៉ុប (EU)។ ហេតុដូច្នេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់ថា៖
"យើងពិតជាមានបំណងចង់រួមជាមួយវៀតណាម ពង្រឹងក្របខ័ណ្ឌអន្តរជាតិដែលប្រទេសយើងទាំងពីរជឿជាក់។ នោះគឺជាក្របខ័ណ្ឌដែលអនុញ្ញាតឱ្យកសាងវិបុលភាព - នេះគឺជាបញ្ហាប្រឈមរបស់អ្នក ព្រមទាំងក៏ជាបញ្ហាប្រឈមរបស់យើងផងដែរ ទាក់ទងនឹងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា - ហើយអនុញ្ញាតឱ្យបង្កើតគោលការណ៍ដែលមានសុវត្ថិភាព អាចទុកចិត្តបាន ធានាការគោរពចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ព្រមទាំងជៀសវាងការដកហូតក្រោមគ្រប់រូបភាព ឬការបង្កអស្ថិរភាពចំពោះសណ្តាប់ធ្នាប់នេះផងដែរ"។
បង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់លំហអវកាស
ចំណុចទម្លុះទម្លាយនៃដំណើរទស្សនកិច្ចលើកនេះ គឺវត្តមានរបស់ប្រមុខបក្សនិងរដ្ឋវៀតណាមនៅឯកិច្ចប្រជុំកំពូលអវកាសអន្តរជាតិ (ISS) នៅទីក្រុងប៉ារីស ដែលជាកិច្ចប្រជុំថ្នាក់ប្រមុខរដ្ឋលើកដំបូងរបស់ពិភពលោក លើវិស័យលំហអវកាស។ ការចូលរួមរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងកិច្ចប្រជុំកំពូល ISS គឺជាការបោះជំហានយុទ្ធសាស្ត្រមួយ ដែលបញ្ជាក់ថា វៀតណាមមិនឈរនៅខាងក្រៅការប្រណាំងប្រជែងដើម្បីធ្វើអាជីវកម្មពីលំហអវកាស ដែលកំពុងកំណត់អនាគតរបស់មនុស្សជាតិ នោះទេ។
យោងតាមលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំវៀតណាម គំនិតរបស់បារាំងក្នុងការរៀបចំកិច្ចប្រជុំ ISS គឺកើតចេញពីការពិតដែលថា លំហអវកាសសព្វថ្ងៃនេះ កំពុងខ្វះក្របខ័ណ្ឌផ្លូវច្បាប់ដ៏រឹងមាំ ដើម្បីធានាថាប្រទេសទាំងអស់នៅលើពិភពលោក មានសិទ្ធិចូលប្រើ និងទទួលបានអត្ថប្រយោជន៍ពីការធ្វើអាជីវកម្មលំហអវកាស ដែលជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិ។ លោកឯកអគ្គរដ្ឋទូតបារាំងបានសង្កត់ធ្ងន់ថា៖
“យើងមានបំណងចង់ស្តាប់ប្រទេសវៀតណាម ក៏ដូចជាប្រទេសនៅភាគខាងត្បូងជាទូទៅ អំពីតម្រូវការរបស់ពួកគេទាក់ទងនឹងលំហអវកាស របៀបការពារលំហអវកាស និងការធានាការចូលប្រើសម្រាប់ប្រទេសទាំងអស់ចំពោះទ្រព្យសម្បត្តិរួមនេះ។ ប្រទេសបារាំងចង់ធ្វើការជាមួយប្រទេសអភិវឌ្ឍន៍ មហាអំណាចអវកាស និងជាមួយប្រទេសដែលប្រហែលជាមិនទាន់ជាមហាអំណាចអវកាសនៅឡើយទេ ប៉ុន្តែមានសិទ្ធិចូលប្រើលំហអវកាសយ៉ាងពេញលេញ”។
សម្រាប់ប្រទេសវៀតណាម លំហអវកាសត្រូវបានផ្សាភ្ជាប់ដោយផ្ទាល់ទៅនឹងផលប្រយោជន៍និងសន្តិសុខជាតិ។ ការចូលរួមរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងកិច្ចប្រជុំ ISS គឺជាការអនុវត្តយ៉ាងជាក់លាក់បំផុតនិងនៅកម្រិតខ្ពស់បំផុត នៃគោលជំហរ និងទិសដៅស្នូលរបស់បក្សអំពីកិច្ចការបរទេស ការធ្វើសមាហរណកម្មអន្តរជាតិ និងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ស្របតាមសេចក្តីសម្រេចចិត្តលេខ ៥៧ សេចក្ដីសម្រេចចិត្តលេខ ៥៩ និងគម្រោងទូទៅស្តីពីការធ្វើអាជីវកម្ម ការប្រើប្រាស់លំហអវកាសជាតិប្រកបដោយប្រសិទ្ធភាព។ ប្រការនេះបង្កើតលក្ខខណ្ឌសម្រាប់វៀតណាមចូលរួមក្នុងការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការអន្តរជាតិអំពីលំហអវកាស តាមនោះការពារផលប្រយោជន៍ជាតិ ក៏ដូចជាជំរុញការអភិវឌ្ឍប្រកបដោយសមភាពនិង ចីរភាពរបស់សហគមន៍អន្តរជាតិផងដែរ៕
