ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលដែលវៀតណាមកំពុងត្រៀមរៀបចំទទួលតួនាទីជាម្ចាស់ផ្ទះ APEC ឆ្នាំ២០២៧ ដែលជាសញ្ញាសម្គាល់ថ្មីមួយនៅក្នុងដំណើរការចូលរួម និងរួមចំណែករបស់វៀតណាមចំពោះវេទិកា។ នេះមិនត្រឹមតែជាឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់វៀតណាមក្នុងការបង្ហាញពីតួនាទី ការទទួលខុសត្រូវ និងការរួមចំណែកចំពោះទិសដៅអភិវឌ្ឍន៍របស់ APEC ក្នុងដំណាក់កាលថ្មីផងដែរ។
រួមចំណែកយ៉ាងសកម្មចំពោះកិច្ចសហប្រតិបត្តិការតំបន់
ចូលរួម APEC នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ឆ្លងកាត់រយៈពេលជិត៣០ឆ្នាំ ប្រទេសវៀតណាមបានបញ្ជាក់ជាជំហានៗនូវតួនាទីរបស់ខ្លួននៅក្នុងយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចឈានមុខគេមួយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចាប់ពីជំហានដំបូង សំដៅរៀនសូត្រពីបទពិសោធន៍ ពង្រីកទំនាក់ទំនង និងជំរុញការធ្វើសមាហរណកម្ម វៀតណាមបានចូលរួមកាន់តែស៊ីជម្រៅនៅក្នុងរបៀបវារៈរបស់វេទិកា ដោយរួមចំណែកគំនិតផ្តួចផ្តើម និងទទួលកាតព្វកិច្ចរួមដ៏សំខាន់ៗនៃវេទិកានេះ។
អញ្ជើញចូលរួមក្នុងសប្ដាហ៍កិច្ចប្រជុំកំពូល APEC លើកនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នឹងរួមជាមួយថ្នាក់ដឹកនាំ APEC អះអាងជាថ្មីម្ដងទៀតនិងជំរុញតម្លៃស្នូលនៃវេទិកា APEC ស្តីពីការបើកចំហរសេដ្ឋកិច្ច ការសម្រួលដល់ពាណិជ្ជកម្ម ការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកទេស។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសចិន លោក Pham Thanh Binh បានសង្កត់ធ្ងន់ថា៖
“វៀតណាមជានិច្ចកាលចាត់ទុក APEC ជាយន្តការមួយក្នុងចំណោមយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចដ៏សំខាន់ឈានមុខគេនៃតំបន់ ហើយចូលរួមដោយស្មារតីម្ចាស់ការ សកម្ម និងមានការទទួលខុសត្រូវ។ នៅក្នុងព្រឹត្តិការណ៍លើកនេះ វៀតណាមនឹងរួមជាមួយប្រទេសម្ចាស់ផ្ទះចិន និងសេដ្ឋកិច្ចជាសមាជិកផ្សេងទៀត ជំរុញការសន្ទនា កសាងភាពឯកឆន្ទ រួមចំណែកដល់ទិសដៅ និងដំណោះស្រាយសហប្រតិបត្តិការរួម។ លើសពីនេះ ចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍ ការធ្វើសមាហរណកម្មអន្តរជាតិ និងជំរុញវិស័យដែលមានអត្ថន័យជាក់ស្តែងដូចជា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង និងការលើកកំពស់សមត្ថភាពសម្រាប់សហគ្រាស”។
ដំណើរទស្សនកិច្ចការងារនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក៏បង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសរវាងវៀតណាម និងចិនផងដែរ។ ជំនួបជាមួយថ្នាក់ដឹកនាំនៃសេដ្ឋកិច្ចធំៗ គឺជាឱកាសដ៏សំខាន់ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ពង្រីកឱកាសសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ត្រៀមខ្លួនជាស្រេចសម្រាប់តួនាទីជាម្ចាស់ផ្ទះ APEC ២០២៧
វៀតណាមចូលរួមក្នុងសប្តាហ៍កំពូល APEC ២០២៦ លើកនេះ ក្នុងនាមជាម្ចាស់ផ្ទះនៃ APEC ២០២៧។ នៅទីក្រុង Shenzhen អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម នឹងទទួលតួនាទីជាម្ចាស់ផ្ទះជាផ្លូវការ។ នេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់វៀតណាមស្តាប់មតិយោបល់របស់សមាជិក ទទួលបានការគាំទ្រ និងឆ្ពោះទៅរករបៀបវារៈដែលបំពេញតាមតម្រូវការជាក់ស្តែងរបស់តំបន់ផង មានលក្ខណៈយូរអង្វែងផង តាមនោះបញ្ជាក់ពីតួនាទី ការទទួលខុសត្រូវ និងការរួមចំណែករបស់វៀតណាមចំពោះវេទិកា និងតំបន់។ លើសពីនេះ នេះនឹងជាលើកទីបីហើយក្នុងរយៈពេលជិត ២០ ឆ្នាំ (ចាប់តាំងពី APEC ២០០៦) ដែលវៀតណាមបានកាន់តំណែងជាប្រទេសម្ចាស់ផ្ទះ។ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានឲ្យដឹងថា៖
“ខ្ញុំមានការរំពឹងទុកខ្ពស់ថា លទ្ធផលនិងការឯកភាពគ្នាក្នុងឆ្នាំ APEC ២០២៦ នឹងបង្កើតលក្ខខណ្ឌអំណោយផល បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ក៏ដូចជាកម្លាំងចលករវិជ្ជមានសម្រាប់វៀតណាមក្នុងឆ្នាំ ២០២៧ នៅពេលដែលយើងធ្វើជាម្ចាស់ផ្ទះ APEC។ យើងក៏រំពឹងថា នឹងបន្តទទួលមរតក តភ្ជាប់សមិទ្ធផលនៃ APEC ២០២៦ ហើយបង្កើតគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មីៗ ដែលផ្តល់កម្លាំងចលករសម្រាប់ APEC ដើម្បីបន្តក្លាយជាសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដ៏រុងរឿងដោយផ្អែកលើកិច្ចសហប្រតិបត្តិការ ការសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងផលប្រយោជន៍ទៅវិញទៅមក”។
ដោយវាយតម្លៃចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាម្ចាស់ផ្ទះនៃ APEC ២០២៧ សាស្ត្រាចារ្យ Zhao Weihua នាយកមជ្ឈមណ្ឌលស្រាវជ្រាវទំនាក់ទំនងរបស់ចិនជាមួយប្រទេសជិតខាងនៅសាកលវិទ្យាល័យ Fudan បានចាត់ទុកថា៖
“ការទទួលតួនាទីជាម្ចាស់ផ្ទះនៃ APEC ២០២៧ បង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់នៃឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ គ្រប់ភាគីទាំងអស់មានការរំពឹងទុកខ្ពស់ចំពោះវៀតណាម។ ខ្ញុំជឿជាក់ថា វៀតណាមអាចអនុវត្តន៍បានល្អនូវតួនាទីជាម្ចាស់ផ្ទះ APEC ពីព្រោះអ្នក ប្រកាន់ខ្ជាប់ជានិច្ចនូវគោលមាគ៌ាការទូតឯករាជ្យ និងខ្លួនទីពឹងខ្លួន។ ប្រទេសនានាមានការរំពឹងទុកខុសៗគ្នាចំពោះវៀតណាម ជាពិសេសនៅក្នុងបរិបទដ៏ស្មុគស្មាញបច្ចុប្បន្ន។ ប្រសិនបើដោះស្រាយរឿងនេះបានល្អ វៀតណាមអាចបង្កើតបាននូវរូបភាពអន្តរជាតិកាន់តែខ្លាំងឡើង”។
ពីសមាជិកដែលបានចូលរួមជិតបីទសវត្សរ៍មុន វៀតណាមកំពុងចូលរួមយ៉ាងសកម្មក្នុងការរៀបចំរបៀបវារៈ និងជំរុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការនានារបស់ APEC។ នៅក្នុងបរិបទនោះ ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងភរិយា ដើម្បីចូលរួមសប្តាហ៍កំពូល APEC និងធ្វើការទ្វេភាគីនៅប្រទេសចិន ពិតជាមានអត្ថន័យដ៏សំខាន់ពិសេស៕
