នៅក្នុងសុន្ទរកថាបើកពិធីនេះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Maria Theresa P. Lazaro បានសង្កត់ធ្ងន់ថា អស់រយៈពេល ៥០ ឆ្នាំកន្លងមកនេះ TAC តែងតែជាឯកសារមូលដ្ឋានរបស់អាស៊ាន ដោយបង្កើតគោលការណ៍ជាមូលដ្ឋានក្នុងទំនាក់ទំនងរវាងប្រទេសនានាក្នុងតំបន់។ នោះគឺ ការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី; ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក; ការដោះស្រាយជម្លោះដោយសន្តិវិធី; ចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង; ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងភាគីនានា។
«ពីឯកសារមួយមានលក្ខណៈរបត់រវាងប្រទេសចំនួន៥ TAC បានអភិវឌ្ឍន៍ទៅជាប្រការមួយដែលធំជាង និងមាននិរន្តរភាពជាងក្នុងរយៈពេលប្រាំទសវត្សរ៍កន្លងមកនេះ។ TAC បានលើសពីព្រំដែនភូមិសាស្ត្រ និងភាសា ហើយបានបន្សល់ទុកនូវសញ្ញាសម្គាល់នៅក្នុងការរក្សាសន្តិភាពនៅក្នុងតំបន់ និងលើសពីនេះ»៕
លោកស្រី Maria Theresa P. Lazaro បានអះអាងថា រហូតមកដល់បច្ចុប្បន្ន TAC មិនត្រឹមតែជាឯកសាររបស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងមានការចូលរួមពីប្រទេសជាច្រើននៅក្រៅតំបន់ ដែលបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃរចនាសម្ព័ន្ធសន្តិសុខ និងសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រទេសថ្មីទាំងបួនដែលចូលរួម TAC នៅថ្ងៃនេះ រួមមាន៖ ស៊ុយអែត ប៉ូឡូញ រូម៉ានី និងសាធារណរដ្ឋលីទុយអានី គឺជាសក្ខីភាពច្បាស់លាស់នៃទំនុកចិត្តលើគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងសន្ធិសញ្ញា។
តាងនាមប្រទេសទាំងបួនដែលបានចូលរួម TAC នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិស៊ុយអែត លោក Pål Jonson បានបញ្ជាក់ថា៖ «អស់រយៈពេលប្រាំទសវត្សរ៍កន្លងមកនេះ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ បានបង្កើតក្របខ័ណ្ឌដ៏សំខាន់មួយសម្រាប់ការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ។ សន្ធិសញ្ញានេះបានរួមចំណែកដល់ការកសាងទំនុកចិត្ត និងស្ថិរភាពនៅក្នុងតំបន់ដែលមានភាពចម្រុះ និងស្វាហាប់នេះ។ យើងមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃប្រពៃណីនេះ។ ដោយមានជំនឿជាក់ថា ភាពជាដៃគូអាចទទួលបានជោគជ័យបាន ដោយផ្អែកលើការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ប្រទេសស៊ុយអែតបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាន ហើយមានបំណងចង់បន្តសហប្រតិបត្តិការជាមួយអាស៊ាន និងប្រទេសសមាជិក នៅក្នុងវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងពាណិជ្ជកម្ម សន្តិសុខ ការផ្លាស់ប្តូរបៃតង និងឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»។
មុននឹងប្រទេសស៊ុយអែត ប៉ូឡូញ រ៉ូម៉ានី និងលីទុយអានី ដៃគូអាស៊ានជាច្រើនដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា រុស្ស៊ី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានចូលរួម TAC ផងដែរ៕
