នៅប្រទេសអេស្ប៉ាញ ក្រសួងមហាផ្ទៃប្រទេសនេះបានប្រកាសភាពអាសន្នថ្នាក់ជាតិនៅក្នុងតំបន់ម៉ាឌ្រីដ និងខេត្តអាវីឡាជិតខាង នៅពេលដែលភ្លើងឆេះព្រៃបានរីករាលដាលហួសពីការគ្រប់គ្រង។ មនុស្សជាង ១០.០០០ នាក់ត្រូវបានជម្លៀសចេញនៅទូទាំងទីក្រុងម៉ាឌ្រីដ។
នៅប្រទេសបារាំង មនុស្សជាង ២០.០០០ នាក់ ត្រូវបានជម្លៀសចេញ ខណៈដែលភ្លើងឆេះព្រៃបានរាលដាលយ៉ាងឆាប់រហ័សនៅជុំវិញទីក្រុង Bordeaux ។ អ្នកពន្លត់អគ្គីភ័យប្រហែល ៨០០ នាក់ និងយន្តហោះពន្លត់អគ្គីភ័យត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ។
នៅប្រទេសអ៊ីតាលី អ្នកពន្លត់អគ្គីភ័យរាប់ពាន់នាក់បានបន្តប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃរាប់សិបកន្លែងនៅទូទាំងកោះ Sicily និងតំបន់ Calabria។ យ៉ាងហោចណាស់អ្នកពន្លត់អគ្គីភ័យម្នាក់បានស្លាប់ក្នុងអំឡុងពេលបំពេញភារកិច្ច។
ផ្ទុយនឹងទ្វីបអឺរ៉ុប ភ្លៀងមូសុងដ៏ខ្លាំងក្លាកំពុងបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីនៅក្នុងប្រទេសអាស៊ីខាងត្បូងជាច្រើន។ នៅប្រទេសឥណ្ឌា រដ្ឋអាសាមភាគឦសានគឺជាចំណុចកណ្តាលនៃគ្រោះមហន្តរាយ។ ទឹកជំនន់បានជន់លិចភូមិជិត ១.៨០០ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្ទះសម្បែង ដំណាំ និងសត្វពាហនៈ។
ទឹកជំនន់ធ្ងន់ធ្ងរក៏បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរអំពីអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិនៅក្នុងប្រទេសប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់ផងដែរ៕
