នេះជាឆ្នាំដំបូងដែលសមាគមព្រះពុទ្ធសាសនាវៀតណាមបានចេញសេចក្តីជូនដំណឹងរៀបចំពិធីដ៏ពិសិដ្ឋនេះក្នុងឱកាសរំលឹកខួបលើកទី ៧៩ ឆ្នាំ ទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)។
នៅវត្តក្វាន់ស៊ូ (ទីស្នាក់ការកណ្តាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាមនៅទីក្រុងហាណូយ) នៅម៉ោង ៥:០០ ព្រឹក សំឡេងជួងនិងស្គរបានបន្លឺឡើងដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងធ្វើពិធីបង្សុកូលដល់វីរយុទ្ធជនពលី។
ព្រះតេជគុណ ធីច ឌុច ធៀន អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមព្រះពុទ្ធសាសនាវៀតណាម បានមានសង្ឃដីកាថា នាពេលកន្លងទៅ សមាគមព្រះពុទ្ធសាសនាវៀតណាម ព្រះសង្ឃ ភិក្ខុនី និងពុទ្ធបរិស័ទ បានរៀបចំពិធីធំៗជាច្រើន ដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ។ យោងតាមព្រះតេជគុណ ធីច ឌុច ធៀន នេះគឺជាឱកាសមួយសម្រាប់ពុទ្ធបរិស័ទដើម្បីបង្ហាញពីការដឹងគុណចំពោះវីរយុទ្ធជនពលី ជាពិសេសនៅពេលដែលប្រទេសជាតិទាំងមូល កំពុងជំរុញខ្លាំងនូវយុទ្ធនាការ ៥០០ ថ្ងៃទាំងយប់ ជំរុញការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី៖ «នៅម៉ោង ៥:០០ ព្រឹកថ្ងៃទី២៧ ខែកក្កដា នៅតាមវត្តអារាម និងស្ថាប័នព្រះពុទ្ធសាសនាទូទាំងប្រទេសបានបន្លឺសំលេងជួងនិងស្គរក្នុងពេលដំណាលគ្នា ដើម្បីបង្ហាញពីការដឹងគុណ និងរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី ។ បន្ទាប់នោះ គឺជាពិធីសូត្រធម៌ បង្សុកូល និងរំលឹកវិញ្ញាណក្ខ ដូចដែលយើងកំពុងឮសមណៈសង្ឃ និងពុទ្ធបរិស័ទកំពុងបួងសួង ដើម្បីសូមឱ្យវិញ្ញាណក្ខន្ធរបស់បណ្តាវីរយុទ្ធជនពលី បានទៅកាន់សុគតិភព និងសុខក្សេមក្សាន្ត ហើយប្រទានពរដល់កូនចៅ និងប្រទេសជាតិវៀតណាមឱ្យធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ ឈានចូលយុគសម័យថ្មីប្រកបដោយភាពរុងរឿង និងវិបុលភាព»។
ដោយការគោរពដ៏ស្មោះស្ម័គ្រ បណ្តាពុទ្ធបរិស័ទបានអុជធូប រំលឹកវិញ្ញាណក្ខន្ធ និងធ្វើពិធីបង្សុកូលដល់វីរជនយុទ្ធជនពលីដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពរបស់មាតុភូមិ៖
«នាងខ្ញុំជាពុទ្ធបរិស័ទ Bui Thi Lam មកពីសង្កាត់ Bo De ទីក្រុងហាណូយ។ ខ្ញុំមានវត្តមាននៅវត្ត Quan Su នៅវេលាម៉ោង ៤ ព្រឹកនេះ។ ក្នុងឱកាសទិវាយុទ្ធជនពិការ និងយុទ្ធជនពលី យើងចងចាំជានិច្ច ដើម្បីតបស្នងសងគុណ និងសូត្រធម៌បង្សុកូលជូនដល់វីរយុទ្ធជនពលីដែលបានពលីជីវិតដើម្បីប្រទេសជាតិដណ្ដើមបានឯករាជ្យ និងសេរីភាពមកវិញ»។
ក្នុងឱកាសនេះ តបតាមសារអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាម វត្តអារាម និងស្ថាប័នព្រះពុទ្ធសាសនាជាង ១៨.០០០កន្លែងនៅទូទាំងប្រទេសបានបន្លឺសំលេងជួងនិងវាយស្គរ ក្នុងពេលដំណាលគ្នា ដើម្បីរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី។ នេះមិនត្រឹមតែជាពិធីកិច្ចព្រះពុទ្ធសាសនាដែលមានអត្ថន័យខាងវិញ្ញាណយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏រួមបញ្ចូលគ្នានូវសិលធម៌ «ផឹកទឹក នឹកដល់ប្រភពដើម» របស់ប្រជាជាតិទៀតផង៕
