បន្ទាប់ពីរដ្ឋសភាចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ២២៦ ដែលអនុញ្ញាតឱ្យបង្កើត និងអនុវត្តន៍យន្តការ និងគោលនយោបាយពិសេសសម្រាប់តំបន់ពាណិជ្ជកម្មសេរី ហាយហ្វុង ទីក្រុងកំពុងពន្លឿនការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការវិនិយោគ ដើម្បីទាក់ទាញលំហូរទុនដែលមានគុណភាពខ្ពស់ចូលទៅក្នុងវិស័យបច្ចេកវិទ្យា ភស្តុភារកម្ម និងវិស័យផលិតកម្ម
ទំនើប។

តំបន់ពាណិជ្ជកម្មសេរី ហាយហ្វុង មានទំហំផ្ទៃដីជាង ៦២៩០ ហិកតា ដែលត្រូវបានរៀបចំនៅទីកន្លែងយុទ្ធសាស្ត្រចំនួនបី ដោយភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចមុខព្រួញចំនួនពីរគឺ តំបន់សេដ្ឋកិច្ចឌិញវូ - កាតហាយ និងតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រភាគខាងត្បូងហាយហ្វុង។ យោងតាមការតំរង់ទិស តំបន់ពាណិជ្ជកម្មសេរីនេះនឹងអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលសម្រាប់ផលិតកម្ម ភស្តុភារកម្ម ពាណិជ្ជកម្ម-សេវាកម្ម បច្ចេកវិទ្យាខ្ពស់ និងហិរញ្ញវត្ថុ ដែលរួមចំណែកដល់ការជំរុញនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង។ លោក Nguyen Van Chuan អនុប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចហាយហ្វុង បានឲ្យដឹងថា៖

“តំបន់ពាណិជ្ជកម្មសេរីហាយហ្វុង អនុវត្តន៍នីតិវិធីបើកចំហអតិបរមា សម្រាប់វិនិយោគិន។ សម្រាប់វិស័យអាទិភាពដូចជា បច្ចេកវិទ្យាខ្ពស់ ស៊ីមីកុងដុកទ័រ បញ្ញាសិប្បនិម្មិត ការស្រាវជ្រាវនិងអភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ នឹងអនុវត្តន៍នីតិវិធីវិនិយោគពិសេស ដោយកាត់បន្ថយនីតិវិធីក្នុងកម្រិតអតិបរមា។ វិនិយោគិនបរទេសមិនចាំបាច់អនុវត្តន៍នីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្រការចុះបញ្ជីវិនិយោគជាមុនទេ ប៉ុន្តែអនុវត្តតាមនីតិវិធីដូចគ្នានឹងវិនិយោគិនក្នុងស្រុក ដែលបង្កើតសមភាព និងកាត់បន្ថយពេលវេលាដើម្បីចូលរួមទីផ្សារ”៕