សំណើនេះ នឹងបន្ថែមក្រុមចំនួន ១៦ បើប្រៀបធៀបទៅនឹងទម្រង់ ៤៨ ក្រុមដែលបានអនុម័តក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ដែលត្រូវបានពង្រីករួចហើយពីចំនួន ៣២ ក្រុម​កាល​ពីមុន។

លោក Gianni Infantino បានសង្កត់ធ្ងន់ថា ការពង្រីកមាត្រដ្ឋាននេះ ស្របនឹងគោលដៅធ្វើឱ្យព្រឹត្តិការណ៍ World Cup កាន់តែរួមបញ្ចូល។ ព្រឹត្តិការណ៍ World Cup គឺជាការប្រកួតសម្រាប់ពិភពលោកទាំងមូល មិនមែនគ្រាន់តែអឺរ៉ុប ឬអាមេរិកខាងត្បូងនោះ​ទេ។ ប្រទេសទាំងអស់មានសិទ្ធិ​ស្រមើល​ស្រមៃចង់ចូលរួមក្នុងការប្រកួតបាល់ទាត់ដ៏ធំបំផុតនៅលើភពផែនដី។ គុណភាពនៃក្រុមជម្រើសជាតិបច្ចុប្បន្នមានកម្រិតខ្ពស់ណាស់ ហើយបន្ត​​ប្រសើរឡើងលើទូទាំងពិភពលោក។ បើមិនផ្តល់ឱកាសឱ្យប្រទេសតូចៗចូលរួមក្នុងព្រឹត្តិការណ៍ World Cup នោះ​ទេ ពួកគេនឹងខ្វះការលើកទឹកចិត្តដើម្បីបន្តអភិវឌ្ឍ។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០ គ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសចំនួនប្រាំមួយនៅទ្វីប​ចំនួនបី។ ប្រទេសអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបើកឆាក ខណៈដែលប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតដែលនៅសល់។ ប្រសិនបើ FIFA អនុម័ត ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដែលមានក្រុមចំនួន ៦៤ នឹងអនុញ្ញាតឱ្យ១/៤នៃ​សមាជិកសហព័ន្ធទាំង ២១០ របស់ FIFA អាច​ចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ ជាការ​ពង្រីកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ៕​