មនុស្សរាប់លាននាក់នៅតំបន់ Midwest តំបន់ Great Lakes និងឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងរលកកម្ដៅដ៏គ្រោះថ្នាក់ដែលបណ្តាលមកពីបាតុភូត "គម្របកម្ដៅ" ដែលត្រូវបានគេរំពឹងថានឹងអូសបន្លាយរហូតដល់ដំណាច់ថ្ងៃឈប់សម្រាកបុណ្យឯករាជ្យទី ៤ ខែកក្កដា។ យោងតាមភ្នាក់ងារអាកាសធាតុជាតិអាមេរិក (NWS) សីតុណ្ហភាពជាមធ្យមនៅក្នុងតំបន់ជាច្រើនកំពុងប្រែប្រួលក្នុងចន្លោះ ៣២-៤០ អង្សារសេ ខណៈដែលសន្ទស្សន៍កម្ដៅអាចឡើងដល់ ៤៦ អង្សារសេ។ នៅចុងសប្តាហ៍នេះ ប្រជាជនអាមេរិកជាង ១៧៥ លាននាក់នឹងស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យកម្ដៅខ្លាំង ហើយទីក្រុងរាប់រយអាចកត់ត្រាសីតុណ្ហភាពកំណត់ត្រា។

NWS ព្រមានថា នេះគឺជារលកកម្ដៅដ៏គ្រោះថ្នាក់បំផុតមួយចាប់ពីដើមរដូវក្តៅមក ដោយសារតែសីតុណ្ហភាពខ្ពស់ទាំងយប់ទាំងថ្ងៃ ដែលបង្កើនហានិភ័យនៃជំងឺគ្រុនក្ដៅ ការអស់កម្លាំងដោយសារកម្ដៅ និងជំងឺសរសៃឈាមបេះដូង និងផ្លូវដង្ហើម។

រលកកម្ដៅនេះកើតឡើងស្របពេលដែលសហរដ្ឋអាមេរិកកំពុងប្រារព្ធខួបអនុស្សាវរិយ៍លើកទី ២៥០ ទិវាឯករាជ្យ ព្រមទាំងរួមជាមួយប្រទេសកាណាដា និងម៉ិកស៊ិក ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ World Cup ២០២៦ ផងដែរ។ ទីកន្លែងប្រកួតជាច្រើនដូចជាទីក្រុងបូស្តុន ទីក្រុងហ្វីឡាដែលហ្វៀ និងទីក្រុងកែនសាស កំពុងរងផលប៉ះពាល់ដោយអាកាសធាតុអាក្រក់ជ្រុល។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា គេកំពុងសម្របសម្រួលជាមួយ FIFA ដើម្បីអនុវត្តន៍វិធានការ ការពារកីឡាករ និងអ្នកគាំទ្រ រួមទាំងការបង្កើនការព្រមាន ការធានាទឹកផឹក ការរៀបចំតំបន់ត្រជាក់ និងការអនុវត្តពេលវេលាសម្រាកផឹកទឹកពាក់កណ្តាលតង់សម្រាប់កីឡាករផងដែរ៕