យោងតាមរបាយការណ៍​យថាទស្សន៍សេដ្ឋកិច្ចពិភពលោកខែកក្កដា ឆ្នាំ ២០២៦ របស់ IMF អត្រាកំណើនដែលបានព្យាករណ៍សម្រាប់ឆ្នាំ ២០២៦ គឺទាបជាងមធ្យមភាគ ៣,៥% ក្នុងឆ្នាំ ២០២៤-២០២៥ ហើយក៏ទាបជាងការព្យាករណ៍ ៣,១% ដែលធ្វើឡើងក្នុងខែមេសាផងដែរ។ IMF បានបញ្ជាក់ថា ផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ាត្រូវបានទូទាត់​មួយ​ផ្នែកដោយសន្ទុះកំណើននៅក្នុងវដ្តបច្ចេកវិទ្យាសកល ដែលមានតម្រូវការកាន់​តែខ្ពស់ ក៏ដូចជាការអភិវឌ្ឍនិងការអនុវត្តបញ្ញាសិប្បនិម្មិត (AI)​ផងដែរ​។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបានព្រមានថា អស្ថិរភាពយូរអង្វែងអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញឱ្យតម្លៃទំនិញកើនឡើង និងដាក់សម្ពាធ​លើលក្ខខណ្ឌហិរញ្ញវត្ថុ។

សម្រាប់ខឿន​សេដ្ឋកិច្ចធំៗ IMF បាន​ព្យាករណ៍ថា សហរដ្ឋអាមេរិកនឹងមានកំណើន ២,៣​% នៅឆ្នាំនេះ និង​តំបន់ចាយប្រាក់អឺរ៉ូមាន​កំណើន ០,៩% ខណៈដែលការព្យាករណ៍កំណើនរបស់ចិនត្រូវបានកែសម្រួលឱ្យ​ឡើងដល់ ៤,៦​%។ IMF ក៏បានព្រមានថា ហានិភ័យនៃជម្លោះផ្ទុះ​ឡើង​ម្តងទៀត​នៅមជ្ឈិមបូព៌ាអាចបង្កើនការប្រែប្រួល​នៃ​តម្លៃទំនិញ ដែលដាក់សម្ពាធបន្ថែមទៀតលើខ្សែសង្វាក់ផ្គត់ផ្គង់ និងអតិផរណា​។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះជឿជាក់ថា និន្នាការកាត់បន្ថយ​អតិផរណាសកលនឹងនៅតែបន្ត ទោះបីជាល្បឿននេះ អាចថយចុះជាបណ្តោះអាសន្ននៅឆ្នាំ ២០២៦ ក៏ដោយ៕​