មន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ បាននិយាយថា ការវាយប្រហារ​មួយ​ចំនួននៅថ្ងៃទី១២ ខែកក្កដា បានកំណត់គោលដៅលើ​ប្រព័ន្ធមីស៊ីល និងការពារដែនអាកាស ក៏ដូចជានាវាតូចៗរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅទីតាំងជាច្រើនជុំវិញច្រកសមុទ្រហ័រមូស ដើម្បីបន្ទន់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើនាវា​ដឹកជញ្ជូនពាណិជ្ជកម្ម។

ជាការឆ្លើយតប កងទ័ពអ៊ីរ៉ង់នាថ្ងៃដដែលនោះ បានប្រើប្រាស់​យន្តហោះដ្រូន (UAV) ដើម្បីវាយប្រហារលើ​ទីតាំងបាញ់មីស៊ីលរបស់សហរដ្ឋអាមេរិកនៅ​ប្រទេស​គុយវ៉ែត ដោយអះអាងថាប្រព័ន្ធមីស៊ីលទាំងអស់ត្រូវបានបំផ្លាញ។

គុយវ៉ែតបានបញ្ជាក់ថា “ប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនគោក” ចំនួនបីនៅភាគខាងជើង និងអណ្ដូងខួងប្រេងនៅឯនាយសមុទ្រដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងគុយវ៉ែត​រងការខូចខាត។ នៅប្រទេសកាតា ក្រសួងមហាផ្ទៃបានប្រកាសថា មនុស្សបីនាក់បានរងរបួសដោយសារ​បំណែកគ្រាប់បែកពីការស្ទាក់ចាប់ការវាយប្រហាររបស់អ៊ីរ៉ង់។ នៅប្រទេសហ្ស៊កដានី មីស៊ីលអ៊ីរ៉ង់ចំនួនបីគ្រាប់បានវាយប្រហារលើ​តំបន់នានាទូទាំងប្រទេសនេះ បណ្តាលឱ្យមានការខូចខាតតិចតួច ប៉ុន្តែមិនមានអ្នកស្លាប់និងរង​របួសនោះទេ។ ស៊ីរ៉ែនព្រមានមីស៊ីលក៏បានបន្លឺឡើងនៅ​អេមីរ៉ាត​អារ៉ាប់រួម (UAE) និងបារ៉ែនផងដែរ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងយ៉ាង​ធ្ងន់ធ្ងរ និងការប្រឈមមុខដាក់គ្នាខាងយោធាថ្មី​នៅក្នុងតំបន់ឈូងសមុទ្រ។ លោកបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យមានភាព​អត់ធ្មត់ជា​អតិបរមា ជៀសវាងការឡើងកម្តៅបន្ថែមទៀត និងចាត់វិធានការជាបន្ទាន់ដើម្បី​បន្ធូរបន្ថយភាពតានតឹង៕​