អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃទី ៤ ខែសីហា ថា ដំណើរការចរចារវាងអ៊ីរ៉ង់និងអូម៉ង់ ទាក់ទងនឹងប្រតិបត្តិការនាវាចរណ៍នៅច្រកសមុទ្រហ័រមូស កំពុងប្រព្រឹត្តទៅតាមទិសដៅវិជ្ជមាន ដោយផ្តោតលើការបង្កើតផ្លូវដឹកជញ្ជូនដែលមានសុវត្ថិភាពសម្រាប់នាវា។
នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុ-ទូរទស្សន៍នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (IRIB) អ្នកនាំពាក្យលោក Esmaeil Baghaei បានបញ្ជាក់ថា ការពិភាក្សាត្រូវបានធ្វើឡើងទាំងកម្រិតបច្ចេកទេសនិងនយោបាយ។ យោងតាមលោក ទីក្រុងតេអេរ៉ង់កំពុងសម្របសម្រួលជាមួយទីក្រុងមូស្កាត ដើម្បីបង្កើតយន្តការសម្រាប់គ្រប់គ្រងការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូសនាពេលខាងមុខ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ផ្លូវដឹកជញ្ជូនថ្មីណាមួយ ត្រូវតែធានាសិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខជាតិរបស់អ៊ីរ៉ង់និងអូម៉ង់។
កាលពីថ្ងៃទី ៤ ខែសីហា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេអេរ៉ង់ អាចឈានដល់កិច្ចព្រមព្រៀងមួយក្នុងរយៈពេលមួយទៅពីរថ្ងៃខាងមុខ ដើម្បីស្តារប្រតិបត្តិការនាវាចរណ៍ឡើងវិញ នៅច្រកសមុទ្រហ័រមូស តាមនោះធានាសិទ្ធិធ្វើចរាចរណ៍ដោយសេរីសម្រាប់នាវាពាណិជ្ជកម្ម៕
