កាលពីថ្ងៃទី ១៩ ខែតុលា អាជ្ញាធរខេត្ត Shabwa ក្នុងប្រទេសយេម៉ែន បានជូនដំណឹងថា ការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូធីទៅលើមូលដ្ឋានយោធា al-Alam បានធ្វើឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៥៣ នាក់ និងរបួសជាង ២០០ នាក់។ ជនរងគ្រោះសុទ្ធតែជាទាហានថ្មីក្នុងកម្លាំងសន្តិសុខផ្ទៃក្នុងដែលកំពុងហ្វឹកហ្វឺន។ ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Saba របស់ក្រុមហ៊ូធី ដោយដកស្រង់ប្រភពយោធាមួយ បានបញ្ជាក់ថា កងកម្លាំងហ៊ូធីបានវាយប្រហារលើមូលដ្ឋាន al-Alam បណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់។

រដ្ឋាភិបាលយេម៉ែននៅ Shabwa បានសម្តែងការព្រួយបារម្ភថា ការវាយប្រហារដោយមីស៊ីលអាចបើកផ្លូវសម្រាប់ប្រតិបត្តិការវាយប្រហារលើដីគោករបស់ក្រុមហ៊ូធី ស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍នៅ Mocha ដែលជាទីក្រុងកំពង់ផែយុទ្ធសាស្ត្រមួយនៅលើឆ្នេរសមុទ្រក្រហម ដែលក្រុមនេះបានទន្ទ្រានកាន់កាប់កាលពីខែមុន។ ប្រភពព័ត៌មាននេះក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី១៨ ខែតុលា មក ក្រុមហ៊ូធីបានកាត់ផ្តាច់ផ្លូវដែលតភ្ជាប់ Shabwa ជាមួយខេត្ត al-Bayda ដែលកម្លាំងនេះកំពុងគ្រប់គ្រង៕