នាថ្ងៃទី១៩ ខែសីហា ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានប្រកាសថា ទីក្រុងអាប៊ូដាប៊ីបានផ្អាកប្រតិបត្តិការពាណិជ្ជកម្មនិងហិរញ្ញវត្ថុទាំងអស់ជាមួយទីក្រុងតេអេរ៉ង់រហូតដល់មានការជូនដំណឹងបន្ថែម។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពី UAE បានប្រកាសពីការរកឃើញមីស៊ីលផ្លោងពីរគ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកស្រី Afra Al Hameli ប្រធាននាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្ត្រ ចំណុះក្រសួងការបរទេស UAE បានបញ្ជាក់ថា ប្រទេសនេះបន្តចាត់ទុកការសន្ទនា កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មតំបន់ ជាធាតុផ្សំសំខាន់ៗដើម្បីជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
មុននោះ នៅថ្ងៃទី ១៨ ខែសីហា ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួមបានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានរកឃើញមីស៊ីលផ្លោងពីរគ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់។ មីស៊ីលមួយគ្រាប់បានធ្លាក់ចូលទៅក្នុងតំបន់សមុទ្រនៅខាងក្រៅដែនទឹក UAE ខណៈដែលមួយទៀតបានធ្លាក់ចូលទៅក្នុងដែនទឹកនៃប្រទេសនេះ។ លទ្ធផលនៃការវាយតម្លៃបានបង្ហាញថា មីស៊ីលទាំងពីរគ្រាប់នេះ សុទ្ធតែសំដៅលើសកម្មភាពនាវាចរណ៍ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រ។ បច្ចុប្បន្ននេះមិនទាន់មានព័ត៌មានអំពីអ្នកស្លាប់និងរបួស ឬការខូចខាតនៅឡើយទេ៕
