ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយវេជ្ជបណ្ឌិតនៅទីក្រុងតេអេរ៉ង់ លោកប្រធានាធិបតី Pezeshkian បានចាត់ទុកថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ បានរំលោភលើបទប្បញ្ញត្តិអន្តរជាតិ។
នៅថ្ងៃដដែលនោះ មន្ត្រីយោធា និងនីតិបញ្ញត្តិអ៊ីរ៉ង់ បានចេញសេចក្តីប្រកាស ដ៏រឹងមាំមួយ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការការពារផលប្រយោជន៍ជាតិ និងបដិសេធលទ្ធភាពនៃការចរចាជាមួយសហរដ្ឋអាមេរិកនៅក្នុងបរិបទបច្ចុប្បន្ន។ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ ឧត្តមសេនីយ៍ Shahram Irani បានលើកច្បាស់ថា ទីក្រុងតេអេរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារផ្លូវទឹក និងច្រកសមុទ្រជាយុទ្ធសាស្ត្រ ដើម្បីធានាបាននូវ «ផលប្រយោជន៍ជាតិ និងសន្តិសុខជាតិ»។
នៅខាងសហរដ្ឋអាមេរិកវិញ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងប្រើប្រាស់សម្ពាធសេដ្ឋកិច្ចដើម្បីរង្គោះរង្គើរបបអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិកនឹងប្រកាសទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ២៤ ខែសីហា។
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធ អ្នកនាំពាក្យនៃបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិកបានជួយនាវាពាណិជ្ជកម្មប្រហែល ១.៣០០ គ្រឿងក្នុងការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់តាំងពីខែឧសភាមក។ បើតាមលោក ខ្សែផ្លូវជាច្រើននៅតែបើកចំហ និងរលូនសម្រាប់សកម្មភាពពាណិជ្ជកម្ម។ លើសពីនេះ យោធាអាមេរិកបានជួយនាវាដឹកប្រេងក្នុងការដឹកជញ្ជូនប្រេងឆៅជាង ៦៦០ លានបារ៉ែលឆ្លងកាត់ច្រកសមុទ្រ Hormuz៕
