កងទ័ពសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីៗ តំរង់ទៅលើអ៊ីរ៉ង់នាព្រឹកព្រលឹមថ្ងៃទី ៨ ខែកក្កដា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីនាវាពាណិជ្ជកម្មចំនួនបីគ្រឿង ត្រូវគេវាយប្រហារនៅច្រកសមុទ្រហ័រមូស ក្នុងការកើនឡើងថ្មីបំផុតនៃភាពតានតឹងដែលគំរាមកំហែងដល់ការដួលរលំនៃកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នរវាងប្រទេសទាំងពីរ។
យោងតាមបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក (CENTCOM) កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារសំដៅដាក់តម្លៃសងសឹកយ៉ាងធ្ងន់ធ្ងរចំពោះអំពើកំណត់គោលដៅ និងវាយប្រហារលើនាវាពាណិជ្ជកម្ម។ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា គោលដៅនៃការវាយប្រហារទាំងនោះ រួមមានប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធឃ្លាំមើលឆ្នេរសមុទ្រ មីស៊ីលបាញ់ពីលើដីទៅអាកាស ជើងទម្របាញ់មីស៊ីលប្រឆាំងនាវា យន្តហោះគ្មានមនុស្សបើក និងមូលដ្ឋានកំពង់ផែរបស់អ៊ីរ៉ង់។
មុននោះ ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅច្រកសមុទ្រហ័រមូសកាលពីថ្ងៃទី ៧ ខែកក្កដា នៅពេលដែលនាវាដឹកទំនិញចំនួនបីគ្រឿងត្រូវបានវាយឆ្មក់នៅក្នុងតំបន់សមុទ្រយុទ្ធសាស្ត្រនេះ។ ក្នុងចំណោមនាវាដឹកទំនិញទាំងបីគ្រឿងដែលត្រូវគេវាយប្រហារ មាននាវាដឹកឧស្ម័នធម្មជាតិរាវ LNG របស់កាតាមួយគ្រឿង និងនាវាដឹកប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតមួយគ្រឿង។ នាវាទាំងនោះត្រូវបានវាយប្រហារខណៈពេលកំពុងធ្វើដំណើរនៅជិតឆ្នេរសមុទ្រអូម៉ង់ ដោយមិនដើរតាមគន្លងដឹកជញ្ជូនដែលបានកំណត់ដោយអ៊ីរ៉ង់នោះឡើយ៕
