ចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះដែលត្រូវបានប្រកាសនៅថ្ងៃទី ១៥ ខែឧសភា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានកត់ត្រាករណីឆ្លងជំងឺអេបូឡាចំនួន ៦៧៦ ករណីដែលក្នុងនោះមានករណីស្លាប់ចំនួន ១៣៦ នាក់។ លើសពីនេះ មានករណីសង្ស័យថាឆ្លងជំងឺចំនួន ១១៩ ករណី និងអ្នកជំងឺដែលបានជាសះស្បើយចំនួន ៣២ នាក់។ ការផ្ទុះឡើងនៅក្នុងខេត្ត Ituri បានរីករាលដាលដល់ខេត្ត North Kivu និង South Kivu និងប្រទេសជិតខាងអ៊ូហ្គង់ដា។ អ្នកជំនាញរោគរាតត្បាតរបស់ WHO លោក Olivier le Polain បានឱ្យដឹងថា ការផ្ទុះជំងឺមិនត្រឹមតែបង្កើនចំនួនករណីឆ្លងជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកយ៉ាងឆាប់រហ័សតាមភូមិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការរីករាលដាល ខ្លាំងជាងតួរលេខដែលត្រូវបានកត់ត្រា។ គួរឱ្យព្រួយបារម្ភជាងនេះទៅទៀត គឺបានកត់ត្រាការរីករាលដាលក្នុងសហគមន៍នៅក្នុងទីតាំងថ្មីៗជាច្រើន។
បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោក (WHO) មិនទាន់បានផ្តល់ការព្យាករណ៍អំពីទំហំចុងក្រោយនៃការផ្ទុះឡើងជំងឺលើកនេះទេ ប៉ុន្តែអ្នកជំនាញជាច្រើនបានព្រមានថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោអាចក្លាយជាការផ្ទុះជំងឺដ៏ធ្ងន់ធ្ងរបំផុតមួយចាប់តាំងពីគ្រោះមហន្តរាយអេបូឡានៅអាហ្វ្រិកខាងលិចក្នុងឆ្នាំ ២០១៤-២០១៦ ដែលបណ្តាលឱ្យមនុស្សជាង ១១.០០០ នាក់ស្លាប់៕
