យោងតាមលោកស្រី Rachada Dhnadirek អ្នកនាំពាក្យនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលនិងធុរកិច្ចមកកាន់ទីក្រុងហាណូយនៅថ្ងៃទី ៨ និងទី ៩ ខែមិថុនា ក្នុងដំណើរទស្សនកិច្ចដែលត្រូវបានគេរំពឹងថា នឹងបន្តសន្ទុះនៃការលើកកំពស់ទំនាក់ទំនងទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចថ្មីៗនេះទៅកាន់ថៃរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។
លោកស្រី Rachada Dhnadirek បាននិយាយថា លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul នឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាម និងជួបជាមួយក្រុមហ៊ុនថៃដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ខណៈដែលប្រទេសទាំងពីរកំពុងស្វែងរកការអនុវត្តគម្រោងជាក់ស្តែងនានា។ អ្នកនាំពាក្យនៃខុទ្ទកាល័យរដ្ឋាភិបាលថៃបានបញ្ជាក់ថា គោលដៅនៃដំណើរទស្សនកិច្ចលើកនេះ ដូចការណែនាំរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ទៅកាន់ក្រសួងនិងផ្នែកពាក់ព័ន្ធ គឺកំណត់វិស័យដែលអាចត្រូវបានជំរុញភ្លាមៗជាមួយវៀតណាម រួមទាំងការពង្រីកពាណិជ្ជកម្ម ការពន្លឿនការវិនិយោគ ការតភ្ជាប់ភស្តុភារកម្ម ថាមពលស្អាត សន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍធនធានមនុស្ស។
ប្រទេសថៃនិងវៀតណាម បានកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ២៥ ពាន់លានដុល្លារអាមេរិក ខណៈដែលតួរលេខរបស់ថៃ បានបង្ហាញថាពាណិជ្ជកម្មបច្ចុប្បន្នមានចំនួនប្រហែល ២៤ ពាន់លានដុល្លារអាមេរិក។ ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការក្រោមយុទ្ធសាស្ត្រ “ការតភ្ជាប់ទាំងបី” រួមមានការតភ្ជាប់ផលិតកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ការផ្លាស់ប្តូរ៕
