ពាន​រង្វាន់លើកទី១ នេះ មានការចូលរួមពីស្នាដៃចំនួន ២០៨ (រួមមាន ប្រធានបទស្រាវជ្រាវចំនួន ៥៦ និងគំនិតផ្ដួចផ្ដើមចំនួន ១៥២​) របស់​អ្នក​និពន្ធចំនួន ៧៧៥ នាក់ មកពីអង្គភាពចំនួន​ ១១/៣៩ ចំណុះគណៈកម្មាធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេស ដោយមានវិស័យ​ចំនួន ១០ រួមមាន៖ បច្ចេកវិទ្យាព័ត៌មាន, គីមីវិទ្យា និងបរិស្ថាន​, ការអប់រំបណ្តុះបណ្តាល - ការហ្វឹកហ្វឺនយោធា, អាវុធនិងគ្រាប់រំសេវ, អេឡិចត្រូនិក ទូរគមនាគមន៍ និងស្វ័យប្រវត្តកម្ម, មេកានិក ថាមវន្ត និងសំណង់យោធា, ភស្តុភារកម្ម​យោធា, វេជ្ជសាស្ត្រនិងឱសថសាស្ត្រយោធា និងវិស័យផ្សេងៗទៀត។ ស្នាដៃដែលបានចូលរួមប្រកួតប្រជែងលើកទី១ នេះ បានតម្រង់ទិសលើបញ្ហាថ្មីៗ ជាពិសេសគឺការអភិវឌ្ឍនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស លោក ផាន វ៉ាន់យ៉ាង បានអះអាងថា ពាន​រង្វាន់នេះបានក្លាយជាកន្លែងប្រមូល​ផ្តុំ​នៃបញ្ញា បំណងប្រាថ្នា និងស្មារតីលះបង់របស់កម្មាភិបាល សមាជិកសហជីព និងពលករនៃកងទ័ព​ទាំងមូល។ ម្ចាស់ស្នាដៃដែលត្រូវបាន​លើក​តម្កើង គឺជា «ស្នូល» ដ៏សំខាន់ រួមចំណែកជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតថ្មី និងការធ្វើបរិវត្តកម្មឌីជីថល ក្នុងការហ្វឹកហ្វឺន ការត្រៀមខ្លួនប្រយុទ្ធ ការស្រាវជ្រាវ ការផលិត និងការធានាបច្ចេកទេស៕​