ស្ថានីយ៍វិទ្យុ Caracol បានរាយការណ៍នាព្រឹកថ្ងៃទី ១១ ខែសីហា ដោយដកស្រង់តួរលេខថ្មីបំផុត ពីរដ្ឋាភិបាលកូឡុំប៊ីថា ការរញ្ជួយដីនេះបានធ្វើឲ្យអគារលំនៅដ្ឋានជិត ១៦០០ ខ្នងរងការខូចខាត ក្នុងនោះ ៦១ ខ្នងត្រូវបំផ្លាញទាំងស្រុង។ ក្រៅពីផ្ទះសម្បែង ការខូចខាតក៏ត្រូវបានកត់សម្គាល់នៅមូលដ្ឋានសុខាភិបាលចំនួន ១៨ គ្រឹះស្ថានអប់រំចំនួន ៥២ ផ្លូវចំនួន ១៨ និងអាកាសយានដ្ឋានចំនួន ៧។
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើ រដ្ឋាភិបាលកូឡុំប៊ីបានប្រកាសពីគ្រោះមហន្តរាយកម្រិតជាតិ ហើយបានដាក់ពង្រាយកម្លាំងជួយសង្គ្រោះទៅកាន់តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ កងទ័ពកូឡុំប៊ីក៏បានដាក់ពង្រាយកងអនុសេនាធំជួយសង្គ្រោះចំនួន ៥ ក្រុមដែលបំពាក់ដោយបច្ចេកវិទ្យាខ្ពស់ និងឆ្កែជំនាញ ទៅកាន់តំបន់ដែលរងផលប៉ះពាល់ ដើម្បីស្វែងរកមនុស្សដែលជាប់នៅក្រោមគំនរបាក់បែកផងដែរ។
សហគមន៍អន្តរជាតិបានបង្ហាញការគាំទ្រចំពោះប្រទេសកូឡុំប៊ីបន្ទាប់ពីសោកនាដកម្មនេះ។ មជ្ឈដ្ឋានមន្ត្រីសហរដ្ឋអាមេរិក អែល សាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ឈីលី និងអេក្វាឌ័រ បានសម្តែងការចូលរួមរំលែកទុក្ខ និងត្រៀមខ្លួនជាស្រេច ដាក់ពង្រាយកម្លាំងជួយសង្គ្រោះ បុគ្គលិកពេទ្យ និងសម្ភារៈបរិក្ខារដើម្បីជួយប្រទេសកូឡុំប៊ីឱ្យជំនះពុះពារលើផលវិបាក៕
