យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti កាលពីថ្ងៃទី ១០ ខែសីហា ការិយាល័យប្រមុខសាធារណរដ្ឋ តាតាស្ថាន ចំណុះសហព័ន្ធរុស្ស៊ី បានប្រកាសថា មនុស្ស ១២ នាក់បានស្លាប់ និង ៣៩ នាក់រងរបួសបន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (UAV) ទៅលើគ្រឹះស្ថានឧស្សាហកម្ម និងសំណង់ស៊ីវិលនៅក្នុងទីក្រុង Nizhnekamsk។ ក្នុងពេលជាមួយគ្នានោះ ជំនួយការរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក Alexei Kuznetsov បាននិយាយថាមនុស្សចំនួន ២៨ នាក់ រួមទាំងកុមារម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារខាងលើ។
នាថ្ងៃដដែល ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន ៤៥៦ គ្រឿងដែលតំរង់ទៅលើគោលដៅជាច្រើននៅទូទាំងប្រទេសពេញមួយយប់។
ក្នុងពេលជាមួយគ្នានោះ ការិយាល័យរដ្ឋអាជ្ញាខេត្ត Kharkiv នៅភាគឦសានអ៊ុយក្រែន កាលពីថ្ងៃទី ១០ ខែសីហា បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ប្រាំនាក់ បានស្លាប់នៅក្នុងការវាយប្រហារទ្រង់ទ្រាយធំ តំរង់ទៅលើភូមិ Bugaivka ក្នុងស្រុក Chuguiv។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែន (Ukrinform) ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក៏បានតំរង់លើគោលដៅស្ថានីយប្រេងឥន្ធនៈ និងគ្រឹះស្ថានឧស្សាហកម្មនៅក្នុងខេត្ត Poltava ដែលបណ្តាលឱ្យមានអគ្គីភ័យជាច្រើន។ កងទ័ពអាកាសអ៊ុយក្រែនបានប្រកាសថា ពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៩២ គ្រឿងក្នុងមួយយប់៕
