ពិធីនេះត្រូវបានធ្វើឡើងក្រោមការធ្វើជាសក្សីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម រួមជាមួយថ្នាក់ដឹកនាំ និងតំណាងនៃប្រទេសជាសមាជិកនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) រួមមាន៖ លោក Guy Parmelin ប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្វីស; លោកស្រី Brigitte Haas នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃដែនដី Liechtenstein; លោកស្រី Þorgerður Katrín Gunnarsdóttir រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្លង់; និងលោកស្រី Astrid Bergmål រដ្ឋលេខាធិការក្រសួងការបរទេសន័រវេស។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងទំនាក់ទំនងរវាងវៀតណាម និង EFTA ដែលមានប្រទេសឈានមុខគេក្នុងវិស័យនវានុវត្តន៍; បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្មសេរី និងពង្រឹងប្រព័ន្ធពាណិជ្ជកម្មដែលផ្អែកលើច្បាប់នៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលមានភាពប្រែប្រួល។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EFTA មានវិសាលភាពនៃការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយ បរិយាប័ន្នលើវិស័យសំខាន់ៗ ជាច្រើនដូចជា៖ ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញា ការផ្គត់ផ្គង់របស់រដ្ឋាភិបាល ការប្រកួតប្រជែង សហគ្រាសធុនតូច និងមធ្យម ការដោះស្រាយវិវាទ ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយនឹងវិសាលភាពដ៏ទូលំទូលាយនៃការប្តេជ្ញាចិត្ត និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសម្បូរបែប កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងបើកឱកាសថ្មីៗ សម្រាប់ វៀតណាមក្នុងការធ្វើពិពិធកម្មទីផ្សារនាំចូលនិងនាំចេញ បង្កើនភាពប្រកួតប្រជែងនៃអាជីវកម្ម ចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល និងទាក់ទាញដើមទុន វិនិយោគដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើប និងជំនាញគ្រប់គ្រងពីសេដ្ឋកិច្ច ឈានមុខគេនៅអឺរ៉ុប។ រួមជាមួយគ្នានោះ កិច្ចព្រមព្រៀងនេះក៏នឹងបើកឱកាសសហប្រតិបត្តិការថ្មី បង្កើតសន្ទុះដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយហេតុនេះនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន និងសហគមន៍អាជីវកម្មរបស់វៀតណាម និងប្រទេសជាសមាជិក EFTA៕
ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងប្រទេសជាសមាជិក EFTA បន្តអភិវឌ្ឍន៍ជាវិជ្ជមាន ដោយចំណូលពាណិជ្ជកម្មទ្វេភាគីជាមធ្យមជិត ២ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ វៀតណាមនាំចេញទំនិញជាចម្បងដូចជា អាហារសមុទ្រ ស្បែកជើង វាយនភណ្ឌ គ្រឿងចក្រនិងឧបករណ៍ គ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់ទៅកាន់ទីផ្សារ EFTA ខណៈពេលដែលនាំចូលផលិតផលពី EFTA ដូចជា គ្រឿងចក្រ ឧបករណ៍ឧស្សាហកម្ម សារធាតុគីមី ឱសថ និងវត្ថុធាតុដើមសម្រាប់ផលិតកម្ម៕
