នាថ្ងៃទី ២៦ ខែតុលា នៅទីស្នាក់ការខុទ្ទកាល័យប្រធានរដ្ឋ (ទីក្រុងហាណូយ) គណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ (គណៈកម្មាធិការដឹកនាំ) បានបើកកិច្ចប្រជុំលើកទីមួយ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះ មានវត្តមានប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងសមាជិកអចិន្រ្តៃយ៍នៃគណៈលេខាមជ្ឈិមលោក ជិន កឹមទូ។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានតម្រូវឲ្យកិច្ចបរទេសត្រូវតែកំណត់បញ្ហាឱ្យបានត្រឹមត្រូវ ធ្វើសេនាធិការយ៉ាងសកម្ម ត្រឹមត្រូវ និងមានប្រសិទ្ធភាព ឆ្ពោះទៅរកគោលដៅឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៤៥ ដើម្បីបម្រើដោយផ្ទាល់ដល់ការផ្លាស់ប្ដូរថ្មីគំរូកំណើន និងការលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធផ្តោតការយកចិត្តទុកដាក់លើការព្យាករណ៍យុទ្ធសាស្ត្រ ការបង្កើន ប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេស ការប្រែក្លាយការសន្យាទៅជាគម្រោង ផលិតផល និងទីផ្សារជាក់ស្តែង; ត្រៀមរៀបចំឱ្យបានល្អសម្រាប់ភារកិច្ចបន្ទាប់ រួមទាំងការត្រៀមរៀបចំសម្រាប់ APEC ២០២៧។
នៅក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភាលោក ជិន ថាញ់មិន បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចការបរទេសសភា ដោយទាមទារឱ្យកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទូតសភា ដើរទន្ទឹមគ្នាជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិ ដោយធានាថាកិច្ចព្រមព្រៀងកម្រិតខ្ពស់ត្រូវបានអនុវត្តន៍ដោយគម្រោងនិងលទ្ធផលជាក់ស្តែង។ ក្នុងពេលជាមួយគ្នានោះ សមាជិកអចិន្ត្រៃយ៍គណៈលេខាលោក ជិន កឹមទូ បានសង្កត់ធ្ងន់ថា កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ ត្រូវធានាភាពម្ចាស់ការយុទ្ធសាស្ត្រ បង្កើនស្វ័យភាពយុទ្ធសាស្ត្ររបស់ប្រទេសជាតិ ព្រមទាំងបើកឱកាសបន្ថែមទៀតសម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ៕
