នៅថ្ងៃទី ២១ ខែតុលា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីបទពិសោធន៍និងវឌ្ឍនភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យាក្នុងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីដោយ DNA ដោយមានការចូលរួមពីអ្នកជំនាញមកពីសហរដ្ឋអាមេរិក គណៈកម្មការអន្តរជាតិសម្រាប់មនុស្សបាត់ខ្លួន និងតំណាងស្ថាប័ននានារបស់វៀតណាម។

នៅក្នុងសុន្ទរកថាបើក លោកឧត្តមសេនីយ៍ឯក Nguyen Van Gau អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា ការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី គឺជាការទទួលខុសត្រូវដ៏ពិសិដ្ឋចំពោះអ្នកដែលបានពលីជីវិតដើម្បីមាតុភូមិ និងក្រុមគ្រួសាររបស់ពួកគេ។ លោកបានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិអំពីការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការលើកកំពស់គុណភាពនៃការធ្វើតេស្ត ហើយធ្វើជាម្ចាស់លើបច្ចេកទេសជឿនលឿនបន្តិចម្ដងៗ៖

"ផ្តោតលើការពិភាក្សាអំពីតម្រូវការ ដំណោះស្រាយសម្រាប់ការអភិរក្ស និងរក្សាទុកសំណាករយៈពេលវែង; សមត្ថភាពអនុវត្តន៍បច្ចេកវិទ្យាវិភាគហ្សែនជំនាន់ថ្មី និងបច្ចេកទេសធ្វើតេស្តសម្រាប់សំណាកអដ្ឋិធាតុដែលខូចរិចរិល ដែលមានមាតិកា DNA ទាប។ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំ និងប្រតិបត្តិការបន្ទប់ពិសោធន៍; គ្រប់គ្រងគុណភាពពេញមួយដំណើរការ ដោយធានានូវលទ្ធផលត្រឹមត្រូវ និងអាចទុកចិត្តបាន។ ដោយផ្អែកលើតម្រូវការរបស់វៀតណាម និងចំណុចខ្លាំងរបស់ដៃគូ ស្នើខ្លឹមសារសហប្រតិបត្តិការជាក់លាក់ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា ការគាំទ្រជំនាញ និងការស្រាវជ្រាវអនុវត្តន៍។ គោលដៅគឺដើម្បីជួយភ្នាក់ងារ និងអង្គភាពវៀតណាមឱ្យធ្វើជាម្ចាស់លើបច្ចេកវិទ្យាបន្តិចម្តងៗ រៀបចំការអនុវត្តប្រកបដោយប្រសិទ្ធភាព និងរក្សាសមត្ថភាពរយៈពេលវែង”។

នៅសិក្ខាសាលា អ្នកជំនាញបានចែករំលែកបទពិសោធន៍ក្នុងការអនុវត្តបច្ចេកវិទ្យារៀបចំលំដាប់ហ្សែនជំនាន់ថ្មី ការវិភាគ DNA នៃសំណាកអដ្ឋិធាតុដែលរលួយ ការកសាងប្រព័ន្ធទិន្នន័យ និងធានាគុណភាពនៃការធ្វើតេស្ត។ បទពិសោធន៍ និងអនុសាសន៍ពីសិក្ខាសាលានឹងរួមចំណែកដល់ការកែលម្អសមត្ថភាពធ្វើតេស្ត DNA ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បំពេញបំណងប្រាថ្នារបស់ក្រុមគ្រួសារយុទ្ធជនពលី ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការងារតបស្នងសងគុណផងដែរ៕