នៅព្រឹកថ្ងៃទី ៩ ខែមិថុនា នៅខុទ្ទកាល័យប្រធានរដ្ឋនៅទីក្រុងហាណូយ ថ្លែងនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទីបី អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាម លោក តូ ឡឹម បានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ-សន្តិសុខ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន; រក្សាប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី ជាពិសេសយន្តការនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណបក្សនយោបាយនៅប្រទេសថៃ រួមទាំងគណបក្សមោទនភាពថៃ (Bhumjaithai)ផងដែរ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា លោកនឹងជំរុញយុទ្ធសាស្ត្រ "ការតភ្ជាប់ទាំងបី" (ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ការតភ្ជាប់អាជីវកម្ម និងមូលដ្ឋាននៃប្រទេសទាំងពីរ និងការតភ្ជាប់យុទ្ធសាស្ត្រកំណើនប្រកបដោយចីរភាព)។ ទន្ទឹមនឹងនោះ នឹងបង្កើនការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត; ខិតខំអភិវឌ្ឍន៍ពាណិជ្ជកម្មទ្វេភាគីប្រកបដោយតុល្យភាព និងស្ថេរភាព ដោយឆ្ពោះទៅរកគោលដៅ ២៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ និង ៥០ ពាន់លានដុល្លារអាមេរិក នាពេលអនាគត៕
