ក្នុងជំនួបជាមួយលោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ EQ Resources ក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ធនធានរ៉ែជាយុទ្ធសាស្ត្រ ការកែច្នៃរ៉ែ និងសម្ភារៈបច្ចេកវិទ្យាខ្ពស់។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ មិនត្រឹមតែផ្តោតលើការផ្គត់ផ្គង់វត្ថុធាតុដើមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មជាបណ្ដើរៗ រួមទាំងសម្ភារៈបច្ចេកវិទ្យាខ្ពស់ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតតម្លៃបន្ថែមកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោក Craig Bradshaw នាយកប្រតិបត្តិ EQ Resources Limited បានបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរ៉ែរបស់វៀតណាម និងបានបង្ហាញពីបំណងចង់ បន្តពង្រីកការវិនិយោគនាពេលអនាគត។ លោកបានចាត់ទុកថា វៀតណាមត្រូវបន្តកែលម្អស្ថាប័ន ដើម្បីទាក់ទាញការវិនិយោគបរទេសរយៈពេលវែង ដោយរួមចំណែកដល់ការធ្វើអាជីវកម្ម និងកែច្នៃផលិតផលដែលមានតម្លៃខ្ពស់។
ទទួលជួបលោក Malcolm Turnbull AC ប្រធាន Advanced Navigation និងជាអតីតនាយករដ្ឋមន្ត្រីទី ២៩ នៃប្រទេសអូស្ត្រាលី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យារុករក និងកំណត់ទីតាំងរបស់ Advanced Navigation គឺសមស្របសម្រាប់វិស័យដែលវៀតណាមផ្តល់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី រួមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងមហាសមុទ្រផងដែរ។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសដែលសហការជាមួយដៃគូវៀតណាម ជំរុញការផ្ទេរបច្ចេកវិទ្យា ប្រែក្លាយលទ្ធផលស្រាវជ្រាវទៅជាផលិតផល និងកម្មវិធីជាក់ស្តែង និងចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលជាបណ្ដើរៗ៕
