នៅក្នុង​ជំនួប​នេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា វៀតណាម​យក​ចិត្ត​ទុកដាក់ដល់ទំនាក់ទំនងជាមួយអាស៊ាន និងបណ្តា​ប្រទេសអាស៊ាន ដោយចាត់ទុកអាស៊ានជាគ្រួសារដ៏ជិតស្និទ្ធ និងជាប្រទេសជិតខាងដ៏រួសរាយរាក់ទាក់​។ លោកក៏បានសង្កត់ធ្ងន់ថា វៀតណាម​មាន​បំណង​ចង់បន្តលើកកម្ពស់ទំនាក់ទំនងទាំងនេះឱ្យកាន់តែស៊ីជម្រៅ ជាក់​ស្ដែង ស្ថិរភាព គួរឱ្យទុកចិត្ត និងចីរភាព​យូរអង្វែង ដោយ​រួមគ្នាកសាងសហគមន៍អាស៊ានសាមគ្គីភាព និងរឹងមាំ។

ដោយចែករំលែកទស្សនៈលើទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន លោក​អគ្គលេខា​បក្ស ប្រធានរដ្ឋ​ តូ ឡឹម បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទនៃពិភពលោកដែល​មាន​ការ​វិវត្តន៍យ៉ាងស្មុគស្មាញ អាស៊ាន និង​បណ្តាប្រទេសសមាជិកត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគ​ក្នុងរវាងបណ្តា​ប្រទេសអាស៊ាន និងរវាងអាស៊ាននិងដៃគូ ដោយផ្តោតលើវិស័យ​ដែលមានសក្តានុពល ​មាន​លក្ខណៈបំពេញ​បន្ថែមឱ្យ​​គ្នាទៅវិញទៅមក និងបង្រួមគម្លាតអភិវឌ្ឍន៍រវាង​ប្រទេសសមាជិក។

តាង​នាមឯកអគ្គរដ្ឋទូត និងភារធារីនៃ​បណ្តា​ប្រទេសអាស៊ានប្រចាំនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន លោក Francisco Noel R. Fernandez III បានបញ្ជាក់ថា បណ្តា​ប្រទេសអាស៊ានប្តេជ្ញាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងរួមចំណែកដល់ការកសាងសហគមន៍អាស៊ានដ៏រឹងមាំ ស្វាហាប់ នវានុវត្តន៍ និងយក​ប្រជាជនជាស្នូល ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ និងពិភពលោក៕​