នៅព្រឹកថ្ងៃទី ១៥ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមសម្រាប់ការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសវប្បធម៌-សង្គម ជនបទ ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២៦-២០៣៥ បានធ្វើជាអធិបតីក្នុងសន្និសីទអនឡាញអំពីការអនុវត្តកម្មវិធីនេះ។
នៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់យ៉ាងច្បាស់ថា៖ នេះជាលើកដំបូងដែលកម្មវិធីមួយមានវិសាលភាពទូលំទូលាយបែបនេះ ដោយពាក់ព័ន្ធដល់វិស័យ ផ្នែកជាច្រើន និងជះឥទ្ធិពលដោយផ្ទាល់ដល់ប្រជាជនរាប់សិបលាននាក់ ជាពិសេសនៅតំបន់ជនបទ តំបន់ភ្នំ និងសហគមន៍ជនជាតិភាគតិច។ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
«ការរួមបញ្ជូលគ្នានៃកម្មវិធីគោលដៅជាតិត្រូវតែបង្កើតការផ្លាស់ប្តូរជាក់ស្ដែង ក្នុងការគ្រប់គ្រង កាត់បន្ថយចំណុចទំនាក់ទំនង និងនីតិវិធី ជំនះលើស្ថានការណ៍រាយប៉ាយនិងត្រួតស៊ីគ្នា បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន។ ផ្ដល់អាទិភាពដល់ភារកិច្ចសំខាន់ៗដែលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរបស់ប្រជាជន ដូចជាទឹកស្អាត លំនៅដ្ឋាន ដីផលិតកម្ម ធានាជីវភាពរស់នៅសម្រាប់ប្រជាជននៅតំបន់ដែលមានការលំបាក និងក្រុមងាយរងគ្រោះ។ ត្រូវតែយកលទ្ធផលនៃការអនុវត្តគោលដៅ សូចនាករ ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ក៏ដូចជាកម្រិតអត្ថប្រយោជន៍ជាក់ស្តែងដែលប្រជាជនទទួលបាន ធ្វើជារង្វាស់ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃកម្មវិធី»៕
