នៅក្នុងសន្និសីទ បន្ទាប់ពីបានស្តាប់ តំណាងក្រសួង វិស័យ មូលដ្ឋាន សាជីវកម្ម និងសហគ្រាសនានា រាយការណ៍អំពីវឌ្ឍនភាពនៃគម្រោងជាតិសំខាន់ៗក្នុងវិស័យគមនាគមន៍និងដឹកជញ្ជូននោះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានតម្រូវឱ្យអង្គភាពពាក់ព័ន្ធត្រូវមានភាពម្ចាស់ការនិងច្នៃប្រឌិត មិនត្រូវរង់ចាំ ឬពឹងផ្អែកលើអ្នកដទៃឡើយ ដើម្បីធានាបាននូវវឌ្ឍនភាព និងគុណភាពនៃគម្រោង។

ក្រៅពីការអនុវត្តយ៉ាងត្រឹមត្រូវ និងគ្រប់គ្រាន់នូវដំណើរការ និងនីតិវិធីច្បាប់ អនុលោមតាមស្តង់ដារបច្ចេកទេសនិងសុវត្ថិភាព លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏តម្រូវឱ្យបង្កើនការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតងក្នុងការសាងសង់ ពម្លឿនវឌ្ឍនភាព និងលើកកំពស់គុណភាពសំណង់។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដាច់ខាតមិនបណ្ដោយឲ្យកើតមានអំពើពុករលួយ អវិជ្ជមាន ការបាត់បង់ ឬការខ្ជះខ្ជាយធនធានរដ្ឋនិងសង្គមឡើយ។

សម្រាប់​ការងារ​ឈូសឆាយសម្អាត​ទីតាំងដី មូលដ្ឋាន​ត្រូវ​កៀរគរការចូលរួមពីប្រព័ន្ធ​នយោបាយ​ទាំងមូល ដើម្បី​រៀបចំការសងសំណង ជួយឧបត្ថម្ភការតាំង​ទីលំនៅ​ថ្មី​។ ការរៀបចំលំនៅដ្ឋានថ្មីត្រូវធានាសន្តិសុខសង្គម និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ ទាក់ទិននឹងការបញ្ចេញទុនវិនិយោគសាធារណៈ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើគោលដៅបង្កើនបរិមាណសំណង់ និងជំរុញការបញ្ចេញទុនក្នុងត្រីមាសទី៣៕